ភ្នំពេញ៖ ទូម៉ាស៊ីន ATM របស់ធនាគារកាណាឌីយ៉ាមួយកន្លែងនៅមុខមន្ទីរពេទ្យកុមារជាតិ ត្រូវបានផ្ទុះសង្ស័យមានមនុស្សលួចដាក់គ្រាប់បែកផ្ទុះខូចខាតអស់ស្ទើរទាំងស្រុងបង្ក អោយមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រនៅវេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិនា នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
តាមប្រភពពីសន្តិសុខក្នុងមន្ទីរពេទ្យកុមារជាតិបានអោយដឹងថានៅមុនពេលកើតហេតុវេលាម៉ោងខាងលើមិនមាននរណាម្នាក់ឃើញហេតុការណ៍នេះច្បាស់នោះទេដោយគ្រាន់តែឮសូរលាន់ផ្ទុះដូចគ្រាប់បែក សង្ស័យថារថយន្តបែកកង់ទៀតហើយ ព្រោះកន្លងមកតែង តែមានរថយន្តបែកកង់ជាញឹកញាប់ ស្របពេលនោះបាននាំគ្នាចេញទៅមើលស្រាប់តែឃើញម៉ាស៊ីន ATM ដកលុយរបស់ធនាគារកាណាឌីយ៉ាង បែកបាក់ផ្ទុះកញ្ចក់ប៉ើងចេញមកក្រៅខូចខាតស្ទើរទាំងស្រុងតែមិនទាន់ផ្ទុះដល់ទូដែកដាក់លុយនោះទេ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ដោយសារតែអ្នកឯកទេសគ្រប់គ្រងទូATM ទទួលសញ្ញាប្រកាសអាសន្នពីទូATMក៍បាននាំគ្នាមកពិនិត្យមើលទូដកប្រាក់ដែលមានបញ្ហានោះ ពេលមកដល់កន្លែងកើតហេតុបានឃើញកញ្ចក់ទូដកប្រាក់បែកកញ្ចក់ពាសពេញលើផ្លូវ។
បើតាមការបញ្ចាក់ពីអ្នកជំនាញទូATMបានអោយដឹងថាកន្លងមកទូATM គ្រប់សាខាគឺមិនដែលមានបញ្ហាដូចករណីខាងលើនោះទេហើយមិនពាក់ព័ន្ធនឹងករណីទុស្សេខ្សែភ្លើងទេ ព្រោះការតភ្ជាប់ប្រព័ន្ធភ្លើងកម្រិតស្តង់ដារត្រឹមត្រូវ។ ដោយឡែកនៅជាប់នឹងទូATMមាន បំពាក់កាំមេរ៉ាសុវត្ថិភាព ប៉ុន្តែពេលដែលផ្ទុះភ្លាមៗនេះកាំមេរ៉ាសុវត្ថិភាពមានបញ្ហាមិនទាន់ អាចឆែកបាននៅឡើយទេ ។
តាមការអះអាងរបស់អ្នកឯកទេសគ្រប់គ្រងទូATMបានអះអាងថា ករណីខាងលើសង្ស័យ មានអ្នកដាក់គ្រាប់បែកឲ្យផ្ទុះប៉ុនប៉ងលួចប្រាក់នៅក្នុងទូATMមិនបានសម្រេច ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌបានចុះទៅដល់កន្លែងកើតហេតុយកខ្សែហ៊ុំព័ទ្ធការពារកន្លែងកើតហេតុ រង់ចាំផ្នែកជំនាញពិនិត្យកោស្យឮ លវិច័យរាជធានីភ្នំពេញចុះមកពិនិត្យ។ បន្ទាប់ពីពិនិត្យរួចហើយសមត្ថកិច្ចមិនទាន់អះអាងថាជាករណីអ្វីមួយអោយពិតប្រាកដនៅ ឡើយទេ៕
សោល វណ្ណៈ