ភ្នំពេញ ៖ លោក ខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កាលពីថ្ងៃទី២៥ ខែធ្នូ បានចេញមកពន្យល់ពាក្យ «ថៃ» ប្រាប់ទៅ Fan របស់លោក ដោយអះអាងថា «ថៃ» ប្រែមកថា «ថោក» និងថែមទាំងចេះវិភាគតាមបែបវចនានុក្រមរបស់លោកផ្ទាល់ខ្លួន ជាគណិតវិទ្យា ថា «ថៃ = ថោក»។ អ្នកគាំទ្រ ពេញចិត្តស្ដូកចំពោះការលើកឡើងរបស់ខេមរៈ សិរីមន្ដ ដែលបញ្ជាក់ម្ដងហើយម្ដងទៀតថា ថៃ ប្រែថា «ថោក» នោះ។ ប៉ុន្ដែទន្ទឹមនឹងនោះ សិរីមន្ដ មិន បានបញ្ជាក់ទេថា តើលោកឈប់ឲ្យគេហៅឈ្មោះដើមថា ថៃ ទៀត ឬយ៉ាងណា ខណៈដែលអ្នកគាំទ្រវិស័យចម្រៀងរបស់លោក ច្រើនតែស្គាល់លោកថៃ ជាសិរីមន្ដ ប៉ុន្ដែនៅស្រុកកំណើត ភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តារាចម្រៀងរូបនេះ គេនៅតែហៅថា ប៊ុនថៃ ដដែល ។

គួរបញ្ជាក់ថា ខែម ប៊ុនថៃ ជាតារាម្នាក់ដែលចេញសារដំបូងគេ អំឡុងមុនយោធាសៀម (ថៃ) បើកការឈ្លាន ពានមកលើកម្ពុជា លើកទី១ កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយលោកលើកឡើងសរសើរនូវគុណសម្បត្តិប្រមុខ ដឹកនាំកម្ពុជា សម្ដេច ហ៊ុន សែន ថាជាមេដឹកនាំខ្មែរ រយៈពេល៥០០ឆ្នាំ ទើបមានម្ដង ដែលថៃ ខ្លាចជាងគេ ដូច គ្នាទៅនឹងការលើកឡើងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា ដែរ ។ លោកប៊ុនថៃ ក៏បានធ្វើមូលនិធិសប្បុរសធម៌ ជួយដល់វីរកងទ័ព និងជនភៀសសឹក ជាបន្ដបន្ទាប់ផងដែរ ហើយលោកថៃ ថែមទាំងផ្អាកច្រៀងរាំដែរ អំឡុងពេលផ្ទុះសង្រ្គាមឈ្លានពានពីយោធាថៃ លើកម្ពុជា ជាលើកទី២ នេះ ។

ក្រៅពីលោកខែម ប៊ុនថៃ ដែលចេញមុខមកពន្យល់ពាក្យ «ថៃ» តាមបែបអក្សរសាស្រ្ដផង វិទ្យាសាស្រ្ដផង នាពេលនេះ ក៏មានតារាខ្មែរ មួយចំនួនទៀត និងខ្មែរ មានឈ្មោះថៃ បានប្ដូរឈ្មោះពួកគេ ពី «ថៃ» ទៅឈ្មោះផ្សេងៗផងដែរ ដូចជា ពេជ្រ ថៃ ប្ដូរមកឈ្មោះ ពេជ្រ ខ្មែរ, អ៊ឹម ថៃ មកជាអ៊ឹម ខ្មែរ ឬអ៊ឹម អាយដល (បេន), អ្នកយកព័ត៌មាន TFA ឈ្មោះថែ ថៃ ប្ដូរមកជាថែ កិត្យា ជាដើម។ ប៉ុន្ដែតារាហង្សមាស លោកថែល ថៃ និងគ្រី ថៃពៅ មិនបានប្ដូរឈ្មោះដើមឡើយ ពោលគឺនៅរក្សាឈ្មោះចាស់ ដូចលោកប៊ុនថៃ ដែរ ។

មានការកត់សម្គាល់ថា លោកខែម ប៊ុនថៃ អំឡុងពេលដែលយោធាថៃ កាន់តែឈ្លានពានបូរណភាពទឹកដីកម្ពុជា ជាថ្មីនេះដែរ លោកបានចេញចម្រៀងមួយបទ លើកទឹកចិត្តដល់កងទ័ពកម្ពុជា «ទោះជីវិតសូន្យ ស៊ូថែទឹកដី» ខណៈអំឡុងផ្ទុះសង្រ្គាមថៃឈ្លានពានលើកទី១ លោកថៃ ក៏បានប្រកាសលុបចោលចម្រៀងដែលលោកបានចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយតារាថៃ លោកទិក ឈិរ៉ូ បទ «Sad Man» ពីឆាណែលយូធូប របស់លោកផងដែរ ។ ទាំងការព្យាយាមពន្យល់ពាក្យ «ថៃ» និងកម្ទេចចោលបទច្រៀងជាមួយតារាថៃ នេះបញ្ជាក់ថា លោកប៊ុនថៃ ឬសិរីមន្ត ជាតារាម្នាក់ដែលឈឺចាប់ខ្លាំងចំពោះយោធាសៀម ដែលឈ្លានពានមកលើកម្ពុជា ហើយក្នុងខួរក្បាលរបស់លោក ចាត់ទុកថៃ គឺជាចោរ ឬ ថៃ ស្នើនឹងថោក។

តាមប្រភពថា លោកខែម ប៊ុនថៃ ក៏ធ្លាប់លេចឮថា លោកជាមន្រ្ដីយោធាម្នាក់ដែរ ព្រោះលោកប៊ុនថៃ ជាកូនធម៌របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បើទោះជាលោកថៃ ហៅសិរីមន្ដ មិនដែលបង្ហាញពីតួនាទីនិងឋានៈរបស់ខ្លួន ពាក់ស័ក្ដិប៉ុន្មាននៅលើស្មាក៏ដោយ ។ មុននិងក្រោយផ្ទុះសង្រ្គាមលើកទី១ និងទី២ លោកថៃ ក៏ធ្លាប់ច្រៀង ចម្រៀងពីការឈ្លានពានរបស់យោធាថៃ ចង់បានទឹកដី និងប្រាសាទរបស់ខ្មែរ ផងដែរ ដូចជាបទ «ព្រះវិហារសាក្សីស្នេហ៍», «តាមាន់ ស្នេហ៍ខ្ញុំ» និងបទ «មនសិការជាតិខ្មែរ» ជាដើម ។ តារាកូន៣ វ័យ៤០ឆ្នាំ ឡើងឧកញ៉ា ជាង៣ឆ្នាំ រូបនេះ ក៏ធ្លាប់ចុះទៅចែកអំណោយជូនវីរកងទ័ពជូរមុខ ជាមួយថៅកែផងដែរ ខណៈដែលផ្ទះវីឡារបស់លោក នៅក្បែវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត (វត្តសំរោងអណ្ដែត) ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅតែមានសប្បុរសជន បន្ដយកអំណោយទៅជូនលោក ជាបន្ដបន្ទាប់ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក ៕

