Friday, January 2, 2026
Homeតារាខ្មែរ  ព្រាប សុវត្ថិ ធ្វើខួបកំណើតប្រពន្ធ   

  ព្រាប សុវត្ថិ ធ្វើខួបកំណើតប្រពន្ធ   

ភ្នំពេញ ៖ លោកព្រាប សុវត្ថិ បានធ្វើឲ្យភរិយា លោកស្រី ឡុង ស្រីមុំ រំភើបរីករាយជាខ្លាំង តាមរយៈការលើក នំខេក ដែលដាក់អក្សរពីលើថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់» និងផ្កា ២បាច់ ពណ៌ក្រហមនិងស លាយជម្ពូ ទៅជូនប្រពន្ធ មិនឲ្យដឹងខ្លួនមុន (Surprise) ជាមួយកូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ អមដំណើដោយលោក ខាន់ ជេមស៍ និងខេម នៅថ្ងៃកំណើតភរិយា  គម្រប់៤៤ឆ្នាំ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។

លោកស្រី ឡុង ស្រីមុំ បង្ហាញអារម្មណ៍រីករាយរំភើប ដែលប្ដីយកចិត្តទុកដាក់នៅថ្ងៃខួបកំណើត ខណៈដែលលោកសុវត្ថិ ថើបប្រពន្ធដោយក្ដីស្រលាញ់ អមដោយចាក់បទចម្រៀងរបស់លោក «ផ្កាអើយ ក្លិនអ្នកនេះហើយ» ដែលអត្ថន័យចម្រៀងនេះ ត្រូវនឹងទំហំទឹកចិត្តលោកស្រលាញ់ប្រពន្ធ។ ប៉ុន្ដែព្រាប សុវត្ថិ  គ្មានពិធីជប់លៀងធំ ហៅតារារួមអាជីព និងមិត្តភក្ដិរាប់រយនាក់ ចូលរួមឡើយ ព្រោះជាទម្លាប់ ទាំងលោកនិងប្រពន្ធ ធ្វើខួបកំណើត ជាលក្ខណៈគ្រួសារ ពេលខ្លះនៅហាងបាយ និងក្រោមដើមត្នោត ជាដើម ។

  គួរបញ្ជាក់ថា ព្រាប សុវត្ថិ និងលោកស្រី ឡុង ស្រីមុំ បានរៀបអាពាហ៍ពិពាហ៍ កាលពីឆ្នាំ១៩៩៧ ពោលគឺចំណងស្នេហា រក្សាបាន ២៩ឆ្នាំ (១៩៩៧-២០២៦) មកហើយ និងទទួលបានចំណងដៃកូនប្រុស ៣នាក់សុវត្ថិ មុនីវណ្ណ ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលពួកគេសុទ្ធតែចាប់អាជីពចម្រៀងដូចឪពុកគេដែរ គ្រាន់តែសុវត្ថិ មុនីនាគ បច្ចុប្បន្នច្រៀងបទជាភាសាអង់គ្លេស ឲ្យផលិតកម្មមួយ នៅអាមេរិក  ខណៈមុនីវណ្ណ និងសិរីវុឌ្ឍ ច្រៀងនៅ Galaxy ជាមួយឪពុក ។ ចំណងស្នេហាព្រាប សុវត្ថិ-ឡុង ស្រីមុំ ជិត៣ទសវត្សនេះ អ្នកទាំងពីរ មិនធ្លាប់មានបញ្ហារង្គោះរង្គើស្នេហ៍ឡើយ ពោលគឺលោកសុវត្ថិ បានងាកទៅធ្វើជំនួញពង្រីកអាជីវកម្មក្រៅសិល្បៈ ជាបន្ដបន្ទាប់ ដូចជា បើកភោជនីយដ្ឋាន ហាងកាហ្វេ ហាងកាត់ដេរ ហាងកាត់សក់ និង Resort នៅខេត្តមណ្ឌុលគិរី ជាដើម ។

 មជ្ឈដ្ឋានមហាជន មើលឃើញថា ជោគជ័យរបស់លោកព្រាប សុវត្ថិ ក្នុងអាជីពចម្រៀងជិត៣០ឆ្នាំ មកនេះ មួយផ្នែកដោយមានការនៅពីក្រោយខ្នងរបស់ភរិយាលោក ព្រោះលោកស្រី ឡុង ស្រីមុំ ជាអ្នករៀបចំសម្លៀក បំពាក់ គ្រឿងអលង្ការ ឲ្យប្ដី ពេលច្រៀងសម្ដែងសិល្បៈទាំងក្នុងនិងក្រៅស្រុក ពោលគឺប្រពន្ធ ប្រៀបបានជំនួយការ។ លោកសុវត្ថិ ធ្លាប់ហៅប្រពន្ធឲ្យថត MV ជាមួយលោក អំឡុងច្រៀងនៅហង្សមាស ទៀតផង ។

 មានការកត់សម្គាល់ថា ក្នុងវ័យ៥១ឆ្នាំ លោកព្រាប សុវត្ថិ អាយុបងប្រពន្ធ ៧ឆ្នាំ តែនៅរក្សាសម្រស់ រូបរាងសង្ហា ក្មេងជាងវ័យ ហើយក្រោយតារាកូន៣ រូបនេះ ទទួលបានគោរមងារឧកញ៉ា កាលពីចុងខែមេសា ឆ្នាំ២០២២ ។ មិត្តរួមអាជីពដែលស្និទ្ធព្រាប សុវត្ថិ និងភរិយា តែងតែជំរុញឲ្យអ្នកទាំងពីរ យកកូនស្រី ឲ្យខាងតែបាន ដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅ ប៉ុន្ដែ ២០ឆ្នាំទៅហើយ នៅតែលោកសុវត្ថិ មិនអាចសម្រេចបំណងមួយនេះបាន ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតែងតែហៅសិរីវុឌ្ឍ ថាជាកូនពៅ ដែលនេះបញ្ជាក់ថា លោកគ្មានគម្រោងតាមយកកូនស្រី ឬកូនទី៤ នោះទេ ។

 ក្រៅពីព្រាប សុវត្ថិ តារាដែលមានប្រពន្ធនៅក្រោយខ្នង ជួយប្ដីពាក់ព័ន្ធការងារសិល្បៈមានដូចជា លោកឆាយ វីរៈយុទ្ធ ខេម  និងខេមរៈ សិរីមន្ដ ជាដើម ។ អ្នកជំនាញសិល្បៈ បានលើកឡើងថា ព្រាប សុវត្ថិ ជាតារាប្រុសដែលល្បីបានយូរជាងគេ ហើយបើទោះជាតាំងពីចេញពីហង្សមាស កាលពីឆ្នាំ២០២០ មកទើរនៅ Galaxy លែងសូវមានបទល្បីដូចមុនក្ដី ប៉ុន្ដែលោកនៅតែជាតារាមានឥទ្ធិពលម្នាក់ នៅក្នុងសិល្បៈ ទោះបីជាការគាំទ្រហាក់ធ្លាក់ចុះ ក្រោយពេលលោកសកម្មចេញមុខកាន់ជើងនិងការពារថៅកែ និងអ្នកនយោបាយក៏ដោយ ៕

RELATED ARTICLES