Thursday, January 8, 2026
Homeតារាខ្មែរគង់ សុជាតិ រឹតចំណងស្នេហ៍នៅកូរ៉េ

គង់ សុជាតិ រឹតចំណងស្នេហ៍នៅកូរ៉េ

ប្រទេសកូរ៉េ ៖ អ្នកស្រី គង់ សុជាតិ បាននាំស្វាមី លោក ជា វិបុល និងកូនស្រី ជា សុជាតិនារី ហៅដូរី ទៅដើរលេងឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ និងមិនទាន់វិលមកស្រុកនៅឡើយ ដើម្បីរឹតចំណងស្នេហ៍ជាមួយស្វាមីក្មេង ក្រែងបានកូនថែមមួយទៀត។ នេះមិនមែនជាលើកទីមួយទេ  សម្រាប់សុជាតិ ក្នុងការទៅប្រទេសកូរ៉េខាងត្បូង ប៉ុន្ដែអ្នកស្រី ហោះទៅលេងប្រទេសនេះ ជាញឹកញាប់ណាស់មកហើយ ព្រោះចូលចិត្តមើលព្រិលធ្លាក់ ខណៈដែលលោកវិបុល ទៅកូរ៉េលើកនេះ លោកត្អូញត្រជាក់ ព្រោះសីតុណ្ហភាពចុះដល់ -8អង្សា ។

ការដែលសុជាតិ នាំប្ដីទៅដើរលេងនៅកូរ៉េ នេះ បន្ទាប់ពីអ្នកទាំងពីរ ទើបបានជប់លៀងជាលក្ខណៈគ្រួសារ គម្រប់ខួបអាពាហ៍ពិពាហ៍ ១២ឆ្នាំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយនៅថ្ងៃនោះ សុជាតិ ខ្សឹបប្រាប់ប្ដីថា កូនស្រី ដូរី ដែលមានអាយុ១២ឆ្នាំ ទៅហើយ ចង់បានប្អូន។ប៉ុន្ដែលោកវិបុល នៅស្ងៀម ព្រោះតែលោកធ្លាប់រំអុកឲ្យប្រពន្ធពពោះកូនភ្លោះប្រុស ឲ្យលោកជិត៧ឆ្នាំហើយ តែលទ្ធផលបរាជ័យ អាចមកកត្តាអាយុ ព្រោះឆ្នាំនេះ សុ ជាតិ មានវ័យ ៥០ឆ្នាំគត់ តែអ្នករួមអាជីព នៅតែជឿថា អាចយកកូនថែមបាន ហើយរឿងមិនទាន់ពពោះតាមសំណើប្ដី អាចមកពីនៅស្ទាក់ស្ទើរក្នុងចិត្ត ដោយស្ដាយការងារសិល្បៈ ព្រោះទាំងមុននិងក្រោយពេលសម្រាលកូន យ៉ាងហោចណាស់ក៏ត្រូវបាត់មុខ ១ឆ្នាំដែរ ។

គួរបញ្ជាក់ថា មុនផ្ទុះសង្រ្គាមយោធាថៃ ឈ្លានពានកម្ពុជា លើកទី១ កាលពីខែកក្កដា និងលើកទី២ ខែធ្នូ ឆ្នាំ២០២៥ គង់ សុជាតិ-ជា វិបុល ត្រូវប៉ាន់អាជីពពិធីករ (MC) ដែលបណ្ដាក្រុមហ៊ុន Agency ទាំងឡាយ ហៅអ្នកទាំងពីរធ្វើការជាដៃគូតែម្ដង ធ្វើឲ្យប្រាក់ចំណូលពួកគេអាចរកបានសែនដុល្លារ ក្នុង១ឆ្នាំៗ ទាំងការងារនៅក្នុងនិងក្រៅ Studio ។ ពិធីការិនីដែលត្រូវបានចាត់ទុកថា ជាសេដ្និនីម្នាក់ ក្នុងសិល្បៈនេះ កំពុងបណ្ដុះបណ្ដាលកូនស្រីរបស់ខ្លួន ម៉ៅសាល់ភាព ណេលលី ឲ្យចាប់អាជីព MC បន្ដវេនផងដែរ ខណៈដែលសុជាតិ ត្រូវអ្នកឧកញ៉ាម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ តែងតាំងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ អា ណត្តិទី៦។ ចំណែកស្វាមីវ័យក្មេង រូបសង្ហា លោកជា វិបុល កាន់តួនាទីជាជំនួយការសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយករង។ សុជាតិ ដែលមានមុខជំនួញក្រៅសិល្បៈដ៏រឹងមាំ គឺបើកហាងរក្សាសម្រ ស់ ជាង២០ឆ្នាំទៅហើយនោះ ប្រឹងរកលុយរួមគ្នាជាមួយប្តី ប៉ុន្ដែបានចំណាយទៅលើការដើរកម្សាន្ដនៅក្រៅប្រ ទេស ជាញឹកញាប់ ដែលគេហៅថា «សាកថ្មជីវិត» ។ ប្តីប្រពន្ធតារា ១គូនេះ មិនចូលចិត្តសម្ញែងភាពហ៊ឺហាឲ្យគេឃើញថា ជាអ្នកមាន តាមរយៈសម្ភារនិយម គ្រឿងអលង្ការ ឬជិះឡានថ្លៃផុតលេខឡើយ ប៉ុន្ដែពួកគេនៅតែឈរលំដាប់តារាខ្មែរជូរមុខ ដែលមានទ្រព្យច្រើនជាងគេ នាពេលបច្ចុប្បន្ន។          

ក្រៅពី គង់ សុជាតិ តារាដែលអាចឈរជើងក្នុងអាជីពសិល្បៈ បានច្រើនឆ្នាំជាងគេ មានដូចជា អ្នកនាងយុគ ចិន្ដា, ខាត់ សុឃីម, លោកទេព រិនដារ៉ូ និងព្រាប សុវត្ថិ ជាដើម ៕

RELATED ARTICLES