ភ្នំពេញ ៖ តារាសម្ដែងជើងចាស់ អ្នកស្រី ច័ន្ទ តារាទី បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ អ្នកស្រីបានបង្ហោះសារជូនធៀបការអញ្ជើញលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ចូលរួមមង្គលការរបស់អ្នកស្រី ។

អ្នកស្រី ច័ន្ទ តារាទី បានសរសេរសារតាមទំព័របណ្តាញសង្គម របស់អ្នកស្រីថា «ថ្ងៃនេះ បានមកសួរសុខទុក្ខអ្នកម៉ែ ហ៊ុន ស៊ីណាត ហើយក៏បានអញ្ជើញអ្នកម៉ែ ចូលរួមពិធីមង្គលការរបស់នាងខ្ញុំផងដែរ»។
តាមរយៈសំណេររបស់អ្នកស្រី ច័ន្ទ តារាទី ខាងលើនេះ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល តែក៏មានអ្នកខ្លះសង្ស័យប្រ ហែលជាមង្គលការកូនប្រុស ឬកូនស្រីរបស់អ្នកស្រី ទៅវិញ។

ជុំវិញដំណឹងភ្ញាក់ផ្អើលខាងលើនេះ អ្នកយកព័ត៌មាន «នគរធំ» បានសាកសួរទៅអ្នកស្រី ច័ន្ទ តារាទី នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ត្រូវបានអ្នកស្រីឆ្លើយប្រាប់យ៉ាងខ្លីថាតាមពិតកម្មវិធីនោះ ជាមង្គលការកូនបុ្រសរបស់អ្នកស្រីទេ ។ អ្នកស្រី ប្រាប់ថា មង្គលការកូនប្រុសរបស់អ្នកស្រី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដោយពិធីជប់លៀងធំ នៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់) ។

គួរកត់សម្គាល់ថា អ្នកស្រី ច័ន្ទ តារាទី បានប្រើជីវិតជាស្រ្ដីមេម៉ាយ ជាច្រើនឆ្នាំមកហើយ ក្រោយចែកផ្លូវជាមួយអតីតស្វាមី នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវែសន៍ ដោយបន្សល់ចំណងដៃ កូន៣នាក់ (ស្រី១ ប្រុស២) ។ អ្នកស្រី តារាទី នៅតែបន្ដអាជីពភាពយន្ដ សម្ដែងជាតួអង្គម្ដាយ និងលក់ផ្អក ត្រីងៀត ជាដើម ពោលគឺប្រើជីវិតយ៉ាងសាមញ្ញ ដែលតារាផ្សេងៗទៀត មិនអាចធ្វើបានដូច។ ប៉ុន្ដែអ្នកស្រី តារាទី ធ្លាប់ព្រមានថា មិនពេញចិត្តចំពោះតារាខ្លះដែលស្គាល់អ្នកស្រីល្មមៗ ចេះតែហៅថា «ម៉ែ» ដោយអ្នកស្រី យល់ថា ពាក្យ «ម៉ែ» ល្អ ប៉ុន្ដែបើគេគិតអាក្រក់លើអ្នកស្រី ថាជា «ម៉ែយ៉ែម» ទៅវិញនោះ ប្រាកដជាប៉ះពាល់ដល់កិត្តិយសជាមិនខាន ។

តាមប្រភពថា មង្គលការកូនប្រុសអ្នកស្រី ច័ន្ទ តារាទី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នោះ បានអញ្ជើញភ្ញៀវជាតារាជិតដិតច្រើន ហើយអតីតស្វាមី លោកកែវ វណ្ណថន និងភរិយាថ្មីអតីតតារាសម្ដែង ពេជ្រ ច័ន្ទបូរមី ក៏មនឹងចូលរួមដែរ ។

ចំណែក Fan អ្នកស្រី តារាទី ដែលសាទរពេលឃើញអ្នកស្រីដើរចែកធៀបការ និងគិតថាប្រាកដជាបញ្ចប់ជីវិតមេម៉ាយ ត្រឹមឆ្នាំ២០២៦ នេះប្រាកដជាខកចិត្តមិនខាន ព្រោះតាមការបញ្ជាក់ច្បាស់ៗពីអ្នកស្រីផ្ទាល់ ថាការពិតជាមង្គលការកូនប្រុស មិនមែនអ្នកស្រី រៀបការប្តីថ្មីទេ ៕
