Thursday, January 8, 2026
Homeនយោបាយថៃឈ្លានពានអធិបតេយ្យ អ្នកវិភាគថា កម្ពុជា ត្រូវប្តឹងទៅ ICJ ឲ្យបានឆាប់បំផុត

ថៃឈ្លានពានអធិបតេយ្យ អ្នកវិភាគថា កម្ពុជា ត្រូវប្តឹងទៅ ICJ ឲ្យបានឆាប់បំផុត

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ទាក់ទងនឹងករណីថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា ដែលកំពុងក្លាយជាក្ដីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋខ្មែរនោះ កម្ពុជា ត្រូវតែប្ដឹងទៅតុលាការអន្តរជាតិ (ICJ) ឲ្យបានឆាប់បំផុត ព្រោះបើកម្ពុជា មិនសម្រេចចិត្តប្តឹងថៃ ឱ្យបានឆាប់រហ័សទេ មេដឹកនាំកម្ពុជា នឹងទទួលរងការរិះគន់កាន់ តែខ្លាំង ជាពិសេសការផ្តល់ឱកាសឱ្យអ្នកនយោបាយក្រៅរដ្ឋាភិបាល យកករណីនេះធ្វើជាមូលដ្ឋានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាទន់ខ្សោយ និងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីទៅប្រទេសជិតខាង ។

 លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ថា “ការបកស្រាយបែបណា គឺជាជម្រើសរបស់ថៃ ប៉ុន្តែពិភពលោកអាចប្រាកដបានហើយថា តើប្រទេសតូចមួយ អាចកាន់កាប់ទឹកដីរបស់ថៃ បានយូររហូតមកដល់សព្វថ្ងៃ ដោយវិធីណា?

ការបកស្រាយរបស់ថៃ គឺជាលេសសម្រាប់ការឈ្លានពានកម្ពុជា តែប៉ុណ្ណោះ ដូច្នេះកម្ពុជា ត្រូវតែរៀបចំឯកសារនិងភ័ស្តុតាងទាំងអស់ ដើម្បីប្តឹងថៃ ជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបកអាក្រាតអំពើឈ្លាន ពានដែនអធិបតេយ្យរបស់កម្ពុជា។

បើកម្ពុជា មិនសម្រេចចិត្តប្តឹងថៃ ឱ្យបានឆាប់រហ័សទេ ខ្ញុំយល់ថា មេដឹកនាំកម្ពុជា នឹងទទួលរងការរិះគន់កាន់តែខ្លាំង ជាពិសេសការផ្តល់ឱកាសឱ្យអ្នកនយោបាយក្រៅរដ្ឋាភិបាល យកករណីនេះធ្វើជាមូលដ្ឋានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ទន់ខ្សោយ និងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីទៅប្រទេសជិតខាង។

ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលកម្ពុជា ឱ្យរៀបចំបណ្តឹងប្តឹងប្រទេសថៃ ជាផ្លូវការ ចំពោះការឈ្លានពានរបស់ពួកគេ ឱ្យបានឆាប់រហ័សបំផុត។ គ្មានប្រទេសណាមួយក្នុងពិភពលោកគាំទ្រប្រទេសដែលឈ្លានពានដែនអធិបតេយ្យរបស់ប្រទេសដទៃនោះទេ។ សូមរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ពីបទឈ្លានពាននិងរំលោភអធិបតេយ្យជាតិកម្ពុជា ព្រមទាំងការបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា ឱ្យបានឆាប់រហ័សបំផុត។ រដ្ឋាភិបាលកម្ពុជា មិនគួរទុកឱកាសនេះឱ្យគណបក្សក្រៅរដ្ឋាភិបាល ដណ្ដើមយកប្រជាប្រិយភាព និងបង្អាប់មេដឹកនាំជាតិដោយងាយស្រួលបែបនេះនោះទេ“ ។

 ភ្ជាប់ជាមួយចំណុចនេះ លោក សេក សុជាតិ បានបញ្ជាក់សង្កត់ធ្ងន់ថា ក្នុងនាមជាពលរដ្ឋ លោកសូមអំពាវនាវឲ្យរដ្ឋាភិបាល ពិចារណាប្រើប្រាស់យន្តការច្បាប់អន្តរជាតិ យ៉ាងម៉ឺងម៉ាត់ ស្របតាមគោលការណ៍សន្តិភាពនិងច្បាប់ ដើម្បីធានាថា អធិបតេយ្យជាតិ មាតុភូមិ និងអនាគតរបស់ជំនាន់ក្រោយ ត្រូវបានការពារនិងរក្សាទុកយ៉ាងមានតម្លៃ ។

 លោក សេក សុជាតិ បានសរសេរបន្ថែម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា “សេចក្តីអំពាវនាវឲ្យប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងអនាគតជាតិ ៖ 

ក្នុងបរិបទដែលប្រជាពលរដ្ឋមួយចំនួន បានបាត់បង់ដីធ្លី និងផ្ទះសម្បែង ដោយសារការរំលោភបំពានពីភាគីជិតខាង សំណួរសំខាន់មួយដែលសង្គម គួរតែពិចារណាគឺ ៖ តើមានយន្តការណាដែលអាចការពារសិទ្ធិ និងសុវត្ថិភាពប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព និងយូរអង្វែង?

ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាពិសេសការដាក់បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសសមស្រប និងមានហេតុផលបំផុតសម្រាប់រដ្ឋ ក្នុងការបង្ហាញឆន្ទៈនៃការការពារអធិបតេយ្យជាតិ ការគោរពច្បាប់ និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។ វាជាវិធីសាស្ត្រសន្តិភាព ដែលអាចទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីសហគមន៍អន្តរជាតិ។

ផ្ទុយទៅវិញ ប្រសិនបើមិនប្រើប្រាស់យន្តការនេះទេ រដ្ឋាភិបាល អាចនឹងប្រឈមនឹងការរិះគន់ពីសាធារណជន ការវាយតម្លៃអវិជ្ជមានពីអន្តរជាតិ និងការផ្តល់ឱកាសឲ្យកម្លាំងនយោបាយក្រៅរដ្ឋាភិបាល យកករណីនេះធ្វើជាមូលដ្ឋានចោទប្រកាន់អំពីភាពទន់ខ្សោយក្នុងការការពារផលប្រយោជន៍ជាតិ។

ការដាក់បណ្តឹងតាមផ្លូវច្បាប់ មិនមែនមានន័យថាជាការបង្កជម្លោះនោះទេ ប៉ុន្តែជាការប្រើប្រាស់សិទ្ធិស្របច្បាប់របស់រដ្ឋ ដើម្បីរារាំងអំពើរំលោភបំពាន និងបង្កើតបរិយាកាសសន្តិភាពយូរអង្វែង។ ប្រវត្តិសាស្ត្រ បានបង្ហាញថា ប្រទេសដែលអាចការពារខ្លួនឯងបានល្អ គឺប្រទេសដែលប្រើប្រាស់ច្បាប់ ស្ថាប័ន និងយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព មិនមែនពឹងផ្អែកលើកម្លាំងតែប៉ុណ្ណោះ។

ប្រសិនបើកម្ពុជា អាចបន្តអនុវត្តយុទ្ធសាស្ត្រត្រឹមត្រូវ រួមបញ្ចូលការការពារច្បាប់អន្តរជាតិ ការពង្រឹងសមត្ថភាពក្នុងស្រុក ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនសេដ្ឋកិច្ច កម្ពុជា អាចបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការរស់រានមានស្ថិរភាព និងសមត្ថភាពការពារខ្លួនឯងក្នុងរយៈពេលប្រហែល ២០ឆ្នាំខាងមុខ។

សេចក្តីសង្ឃឹមនៃការរីកចម្រើនយ៉ាងឆាប់រហ័ស មិនមែនជាការប្រៀបធៀបជាចំនួនត្រឹមត្រូវនោះទេ ប៉ុន្តែជាការបញ្ជាក់ពីឆន្ទៈ និងទិសដៅថា កម្ពុជា អាចក្លាយជាប្រទេសរឹងមាំ មានឯករាជ្យភាពពេញលេញ និងមានសមត្ថ ភាពការពារជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនបានដោយខ្លួនឯង។

ក្នុងនាមជាពលរដ្ឋ សូមអំពាវនាវឲ្យរដ្ឋាភិបាល ពិចារណាប្រើប្រាស់យន្តការច្បាប់អន្តរជាតិ យ៉ាងម៉ឺងម៉ាត់ ស្របតាមគោលការណ៍សន្តិភាពនិងច្បាប់ ដើម្បីធានាថា អធិបតេយ្យជាតិ មាតុភូមិ និងអនាគតរបស់ជំនាន់ក្រោយ ត្រូវបានការពារនិងរក្សាទុកយ៉ាងមានតម្លៃ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក សេក សុជាតិ អ្នកវិភាគ ខាងលើនេះ បានធ្វើឡើងក្រោយពីប្រទេសថៃ ប្រកាសថា នឹងបំភ្លឺទៅសហគមន៍អន្តរជាតិ បដិសេធរឿងការឈ្លានពានទឹកដីកម្ពុជា ។

នៅថ្ងៃទី៣ ខែមករា ២០១៦ លោកឧត្តមសេនីយ៍ ប្រភាស សនចៃឌី បានថ្លែងប្រាប់អ្នកកាសែតថា ថៃ នឹងបំភ្លឺប្រាប់សហគមន៍អន្តរជាតិ បដិសេធដាច់ខាត មិនបានឈ្លានពានទឹកដីកម្ពុជា នោះទេ។

 បើតាមប្រភពសារព័ត៌មានថៃ Matichon Online និង Ch7HD News បានដកស្រង់សម្តីឧត្តមសេនីយ៍ ប្រភាស សនចៃឌី ថា ភាគីថៃ បដិសេធថា មិនបានឈ្លានពានកម្ពុជា នោះទេ ហើយភាគីថៃ បដិសេធការចូរផ្សាយរបស់ភាគីកម្ពុជា និងសារព័ត៌មានអន្តរជាតិមួយចំនួន ដែលចោទថា ប្រទេសថៃ ជាអ្នកឈ្លានពានទឹកទឹកម្ពុជា គឺជារឿងមិនពិត ។ ដូច្នេះភាគីថៃ សូមបំភ្លឺទៅសហគមន៍អន្តរជាតិថា ប្រទេសថៃ បដិសេធ មិនបានឈ្លានពានទឹកដីកម្ពុជា សូម្បីតែបន្តិច គឺថៃ ការពារនិងទាមទារទឹកដីខ្លួនប៉ុណ្ណោះ។

ការប្រកាសបំភ្លឺរបស់ភាគីថៃ ខាងលើនេះ បានធ្វើឡើងក្រោយពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ តវ៉ាចំពោះការរំលោភបំពានរបស់ថៃ ដោយបញ្ជាក់ថា យោធាថៃបានវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងដីកម្ពុជា ១៤គោលដៅ នៅខេត្តចំនួន ៤ រួមមាន ៖ ១. ខេត្តបន្ទាយមានជ័យ ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន ។ ២. ខេត្តពោធិ៍សាត់ ៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជម្នះ) ។ ៣. ខេត្តព្រះវិហារ ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ និង ៤. ខេត្តឧត្តរមានជ័យ ៖ តំបន់អូរស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គញ់ និងតំបន់ចូកក្រួស ។

នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃ របស់រដ្ឋាភិបាលកម្ពុជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា កម្ពុជា បន្តតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការបន្តឈ្លានពាន ឈរជើងនិងកាន់កាប់ដីជាក់ស្តែងរបស់កម្ពុជា ពីសំណាក់ទាហានថៃ។ លោកបានថ្លែងបរិហារការដាក់ពង្រាយទូកុងតឺន័រ ការរាយលួសបន្លាព័ទ្ធយកដីកម្ពុជា និងដោតទង់ជាតិថៃ លើដីកម្ពុជា ថាជាទង្វើបំពានខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ ជាពិសេសលោកថា ទាហានថៃ ថែមទាំងបានរំលោភលើទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋខ្មែរដោយការឆក់ប្លន់យ៉ាងអនាធិបតេយ្យ ។

 ជុំវិញករណីនេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា ក្រោយការវាយប្រយុទ្ធលើកទី២ រវាងកងទ័ពកម្ពុជា និងថៃ តាមព្រំដែន កាលពីខែធ្នូ ឆ្នាំ២០២៥ ជាការប្រយុទ្ធដែលបានបើកផ្លូវឲ្យទាហានថៃ ចូលមកកាន់កាប់ទឹកដីកម្ពុជា មិនមែនត្រឹមតែចំនួន ១៤ទីតាំង ដូចការប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប៉ុណ្ណោះទេ គឺមានដល់ទៅ ២៨ទីតាំងឯណោះ។ លោកថា កម្ពុជា ត្រូវតែប្រញាប់ប្តឹងថៃ បើមិនប្ដឹងទៅ ICJ ទេ មេដឹកនាំកម្ពុជា នឹងធ្វើឲ្យបាត់បង់ទឹកដីទៅខាងថៃ នឹងកាត់ទឹកដីទៅឲ្យថៃ ដើម្បីដូរយកសន្តិភាព នៅពេលអនាគត ហើយទឹកដីនេះ នឹងមិនអាចទាមទារបានមកវិញនោះទេ បើចរចាទ្វេភាគី ។ ដូច្នេះលោកថា ដើម្បីកុំទឹកដីខ្មែរ ទាំង២៨ទីតាំងនេះ ត្រូវបាត់បង់ទៅថៃ មេដឹកនាំកម្ពុជា នៃគណបក្សកាន់អំ ណាច (គណបក្សប្រជាជនកម្ពុជា) សម្ដេចហ៊ុន សែន និងសម្ដេចនាយករដ្ឋមន្រ្តី  ហ៊ុន ម៉ាណែត ត្រូវចុះចេញពីតំណែង ដើម្បីបើកផ្លូវឲ្យមានមេដឹកនាំថ្មី ក្នុងការទាមទារទឹកដីខ្មែរ ចំនួន២៨ទីតាំងនោះ ពីថៃ មកវិញ តាមរយៈការប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រោះលោកដឹងថា នាយករដ្ឋមន្រ្តីកម្ពុជា នឹងមិនប្តឹងថៃ ទៅ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ នោះទេ ។

 លោក អ៊ុំ សំអាន បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថា “សម្គាល់ ៖ កុំច្រឡំថា សុំចុះចូល! ខ្ញុំ អ៊ុំ សំអាន សូមលើកដៃសំពះសុំអង្វរដល់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឲ្យចុះចេញពីតំណែង ដើម្បីបើកផ្លូវឲ្យមានមេដឹកនាំថ្មីក្នុងការទាមទារទឹកដីខ្មែរ ចំនួន២៨ទីតាំងនោះ ពីថៃ មកវិញ តាមរយៈការប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រោះខ្ញុំដឹងថា លោក ហ៊ុន ម៉ាណែត នឹងមិនប្តឹងថៃ ទៅ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ នោះទេ។ ការលាលែងពីតំណែងរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏បញ្ជាក់ពីការស្រឡាញ់ទឹកដី និងការមិនចង់ឲ្យបាត់បង់ទឹកដីនោះដែរ ព្រោះលោកទាំងពីរ មិនអាចទាមទារទឹកដីខ្មែរ ចំនួន២៨ទីតាំង ពីថៃ បានមកវិញនោះទេ ហើយការលាលែងពីតំណែង ក៏បញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះមុខប្រវត្តិសាស្រ្ត ដែលធ្វើបាត់បង់ទឹកដីខ្មែរ ចំនួន២៨ទីតាំង។ ការលាលែងពីតំណែង ក៏ស្របនឹងបំណងរបស់លោក ហ៊ុន ម៉ាណែត ដែលសន្យាថា នឹងយកក្រុមគ្រួសាររបស់គាត់ មកធានាថា នឹងមិនឲ្យបាត់បង់ទឹកដី សូម្បី ១មិល្លីម៉ែត្រផងដែរ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក អ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថា បើមិនប្ដឹងទៅ ICJ ទេ លោកយល់ថា មេដឹកនាំកម្ពុជា នឹងធ្វើឲ្យបាត់បង់ទឹកដីទៅខាងថៃ នឹងកាត់ទឹកដីទៅឲ្យថៃ ដើម្បីដូរយកសន្តិភាព នៅពេលអនាគត ហើយទឹកដីនេះ នឹងមិនអាចទាមទារបានមកវិញនោះទេ បើចរចាទ្វេភាគី ។

 លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “ជាការពិតហើយ កម្ពុជា ត្រូវតែប្រញាប់ប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលថៃ កំពុងកាន់កាប់ទឹកដីខ្មែរយើង ចំនួន២៨តំបន់ហ្នឹង ។ ប្រសិនជានៅតែចរចាទ្វេភាគី ទឹកដីខ្មែរ ២៨តំបន់ហ្នឹង ប្រាកដជាបាត់បង់ហើយ មិនប្ដឹងទៅ ICJ ឬមិនប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ១៩៩១ ។ បើមិនប្ដឹងទៅ ICJ ទេ ខ្ញុំយល់ថា មេដឹកនាំហ្នឹង នឹងធ្វើឲ្យបាត់បង់ទឹកដីទៅខាងថៃ នឹងកាត់ទឹកដីហ្នឹងទៅឲ្យថៃ  ដើម្បីដូរយកសន្តិភាពនៅពេលអនាគត ហើយទឹកដីហ្នឹង នឹងមិនអាចទាមទារបានមកវិញនោះទេ បើចរចាទ្វេភាគី ថៃ មិនឲ្យទេណា! អ៊ីចឹងជម្រើសមានតែមួយគត់ គឺប្ដឹងទៅ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១“ ៕ កុលបុត្រ

RELATED ARTICLES