Saturday, January 10, 2026
Homeតារាខ្មែរវណ្ណដា សង្សាររុញឲ្យយកប្រពន្ធឥណ្ឌា

វណ្ណដា សង្សាររុញឲ្យយកប្រពន្ធឥណ្ឌា

ភ្នំពេញ ៖ តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានលេងឈុតកូនកំលោះឥណ្ឌា ហើយលោកប្រកាសជាសាធារណៈថា «ចង់បានប្រពន្ធឥណ្ឌា (India )» ដែលគ្រាន់តែបង្ហោះភ្លាម ឡូរីន (Lauryn ) ជាសង្សារតារារូបនេះ ប្រតិកម្មភ្លែត ប៉ុន្ដែមិនមែនប្រឆាំងជំទាស់ទៅនឹងបំណងសង្សារទេ គឺនាងរុញទូកបណ្ដោយទឹក ដោយចង់ឲ្យគូស្នេហ៍ទៅយកប្រពន្ធឥណ្ឌា ឲ្យបានដូចក្ដីប្រាថ្នាទៅចុះ ។ នេះជារឿងចម្លែក ព្រោះកន្លងមក គ្មានគូស្នេហ៍ណាចង់ឲ្យសង្សារខ្លួនទៅយកប្រពន្ធជានារីផ្សេង ក្រៅពីខ្លួនឯងទេ ប៉ុន្ដែឡូរីន  អាចធ្វើបាន ។

 គួរបញ្ជាក់ថា មុន វណ្ណដា ទម្លាយរឿងចង់បានប្រពន្ធឥណ្ឌា នេះ កាលពីថ្ងៃទី២ ខែមករា  ឆ្នាំ២០២៥ ឡូរីន បានបញ្ចេញសារជាសាធារណៈថា ចំណងស្នេហានាងជាមួយសង្សារ (វណ្ណដា) បានដើរដល់ផ្លូវបំបែកហើយ ដែលរឿងនេះ ធ្វើឲ្យនាងឈឺចាប់ណាស់ ។ ប៉ុន្ដែ Fan វណ្ណដា មិនជឿទេ ព្រោះគ្រប់គ្នាមើលឃើញថា វណ្ណដា និងសង្សារ ស្រលាញ់គ្នាខ្លាំង ហើយរឿងនេះអាចជាការសម្ដែងល្ខោន (Drama) ដើម្បីឲ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ ហើយពួកគេចង់ឲ្យវណ្ណដា បញ្ជាក់ការពិត។ រំលងបានតែ២ថ្ងៃ ពោលគឺនៅថ្ងៃទី៤ ខែមករា ទើបឡូរីន  ចេញសារថ្មីមួយទៀត ឆ្លើយតបទៅអ្នកចង់ដឹងរឿងស្នេហានាង ដោយបញ្ជាក់ថា រវាងនាងនិងម្ចាស់ស្នេហា (វណ្ណដា) មិនបានបែកបាក់គ្នាទេ ។ នាងក៏មិនបានចេញមុខបំភ្លឺជុំវិញការប្រកាសថាបែកវណ្ណដា ហើយបែរជាថា នៅត្រូវរ៉ូវគ្នាធម្មតាវិញ ជាចេតនាអ្វីឲ្យប្រាកដរបស់នាងឡើយ ខណៈដែលអ្នកខ្លះ មិនចង់ឲ្យនាងសម្ដែងរឿងបែកគ្នាឬត្រូវគ្នាវិញនៅពេលនេះទេ ព្រោះបំពុលសង្គម ។

 វណ្ណដា បានភ្ជាប់ស្នេហ៍ជាមួយស្រីក្មេង ឡូរីន (Lauryn) កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ក្រោយលោកចែកផ្លូវសង្សារចាស់ នាង Nam ។ ចំណងស្នេហានេះ មានការគាំទ្រពីគ្រួសារទាំងសងខាង ពេញទំហឹង ខណៈដែលតាមដំណឹងថា ឪពុកម្ដាយវណ្ណដា ចង់ឲ្យកូនប្រុស និងសង្សារ រៀបការឆាប់ៗទៀតផង ។ ប៉ុន្ដែនៅឆ្នាំ២០២៦ នេះ នៅតែគ្មានដំណឹងវណ្ណដា ត្រៀមដឹកដៃគូស្នេហ៍ចូលរោងការដដែល បើទោះជាតារារ៉េប រូបនេះ ទិញបានផ្ទះប្រណិត រថយន្ដទំនើបម៉ាក Lamborghini ដែលបញ្ជាក់ថា ជីវភាពគេធូរធារ ព្រោះអាចរកប្រាក់ ចំណូលបានសែនដុល្លារ ពីចំណូលសិល្បៈក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ វណ្ណដា ត្រូវសង្សារតាមស្អិត សឹងគ្រប់ជំហានទាំងអស់  មុនសង្សារប្រកាសរង្គោះរង្គើស្នេហ៍ និងថា ត្រូវគ្នាវិញហើយនោះ ព្រោះតែនាងមិនចង់ឲ្យស្រីផ្សេង ឆក់កំពូលតារារ៉េប រូបនេះពីនាងឡើយ។

មហាជនមើលឃើញថា វណ្ណដា នៅតែស្ថិតក្នុងលំដាប់តារារ៉េបជូរមុខ នាពេលបច្ចុប្បន្ននិងជាគូប្រជែងយ៉ាងស្វិតស្វាញជាមួយ ងួន ចាន់ដេវីត (ជី-ដេវីត) នៅឆ្នាំ២០២៦ នេះតទៅទៀត បើទោះជាបច្ចុប្បន្ន តារារ៉េបថ្មីៗ ចេញមុខកាន់តែច្រើន ក្រោយជ្រើសរើសបានពីបណ្ដាកម្មវិធីប្រលងចម្រៀងផ្សេងៗក៏ដោយ ។

តាមប្រភពថា វណ្ណដា ចង់ជោគជ័យទាំងអាជីពចម្រៀង និងស្នេហា ព្រមគ្នា ដូចដេវីត ដែរ ប៉ុន្ដែរូបគេបែរជាមិនទានហ៊ានដឹកដៃសង្សារ ក្រាបផ្ទឹមតាមបំណងរបស់ម្ដាយទេ ។ តារារ៉េប មាឌល្អិត ចិត្តធំរូបនេះ អាចនឹងផ្ដោតលើការបុកចម្រៀងមួយប្រាវទៀត មុនរៀបការ ខណៈដែលអំឡុងផ្ទុះសង្រ្គាម លើកទី២ វណ្ណដា ល្បីបទ «ចោរ (Thief) » ដែលរូបគេច្រៀងដៀលចោរសៀមឈ្លានពានទឹកដីកម្ពុជា បន្ទាប់ពីលោកចេញបទ «១សីហា» ច្រៀងដៀលសៀម ក្រោយបើកការឈ្លានពានលើកទី១ កាលពីខែកក្កដា ឆ្នាំ២០២៥ ។          

អ្នកជំនាញសិល្បៈ លើកឡើងថា វណ្ណដា នៅតែជាតួឯករបស់ផលិតកម្មបារមី ហើយនៅឆ្នាំ២០២៦ តារារូបនេះ អាចនឹងមានការចាប់អារម្មណ៍ថែមទៀត ប្រសិនបើលោកងាកទៅចាប់ដៃជាមួយស្រីស្អាត រ៉េត ស៊ូហ្សាណា តាមការចង់ឃើញរបស់ Fan ។ ប៉ុន្ដែអ្នកគាំទ្រ មិនចង់ឲ្យវណ្ណដា យកប្រពន្ធឥណ្ឌា ទាំងដែលមានសង្សារក្មេងស្អាត សាច់សខ្ចី នៅនឹងមុខជ្រងោបែបនេះឡើយ ៕

RELATED ARTICLES