ភ្នំពេញ ៖ បុរសម្នាក់ឆ្លៀតពេលថ្ងៃសំរាកពីការងារ បានតខ្សែភ្លើងដើម្បីឆក់ត្រីនៅក្នុងស្រះខាងក្រោយផ្ទះតខុសបច្ចេកទេសបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ នៅក្នុងស្រះក្រោយផ្ទះជួល របស់ជនរងគ្រោះ ដែលស្ថិតនៅ ភូមិកំរែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
សពជនបុរសឆក់ខ្សែភ្លើងមានឈ្មោះ ដូង សុខជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសិប្បកម្មដេរស្បែកជើង ស្នាក់នៅផ្ទះជួល ភូមិកំរែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ មានស្រុកកំនើត នៅភូមិជ័រនាត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
តាមសម្ដីអ្នកឃើញហេតុការណ៍ ម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុត្រូវជាថ្ងៃសំរាកពីការងារផងនោះស្រាប់តែឃើញ ជនរងគ្រោះបានយកខ្សែភ្លើង មកតចេញពីបន្ទប់ជួលរបស់មិត្តភ័ក្ដិគេម្នាក់ដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីឆក់ត្រីនៅស្រះខាងក្រោយផ្ទះ ពេលនោះបុរសជាជនរងគ្រោះបានកាន់ខ្សែភ្លើង ចុះទៅក្នុងស្រះទឹកដើម្បីឆក់ត្រី នៅពេលនោះដោយសារតែជនរងគ្រោះមិនបានរៀបចំឧបករណ៍អោយបានត្រឹមត្រូវ ទើបបណ្ដាលអោយឆ្លងឆរន្តឆក់តែម្តង ។ បន្ទាប់ពីឆក់ភ្លាមៗនោះបុរសរងគ្រោះបានស្រែកអោយគេជួយផង ទើបឃើញមានអ្នកជិតខាងម្នាក់បានរត់ទៅដក់ខ្សែភ្លើងចេញ ព្រីភ្លើង រួចហើយក៍បាននាំគ្នាចុះទៅជួយស្រង់ជនរងគ្រោះពីក្នុងទឹកមកដាក់លើគោក ដើម្បីជួយ
សង្គ្រោះបឋមព្រមទាំងយកខ្សាច់មកកប់និងដាក់ទឹកកកពីលើរួចហើយបានផ្តល់ដំណឹងទៅដល់សមត្ថកិច្ចនិងរថយន្តសង្គ្រោះអោយដឹកជនរងគ្រោះយកទៅព្យាបាល ពេលដែលរថយន្តសង្គ្រោះមកដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តទៀតថាបន្ទាប់ពីដឹងថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ មាននារីម្នាក់ត្រូវជាប្អូនជីដូនមួយបានយំសោកបោកខ្លួនរហូតដល់សន្លប់ត្រូវបងប្អូនដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមួយសន្ទុះទើបដឹកត្រឡប់មកវិញ ។
ក្រោយពេលកើតហេតុ នៅពេលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួចហើយបានផ្តល់ដំណឹងទៅដល់សមត្ថកិច្ចខាងជំនាញកោសល្យវិច័យអោយមកពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ខ្សែភ្លើងពិតប្រាកដមែន រួចហើយក៍បានធ្វើកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅនៅឯស្រុកកំនើត ៕ ណន រ៉ាត់