Sunday, January 11, 2026
Homeនយោបាយប្តឹងទៅតុលាការអន្តរជាតិ អ្នកច្បាប់ និងបក្សកាន់អំណាចថា មិនមែនធ្វើលេងៗទេ

ប្តឹងទៅតុលាការអន្តរជាតិ អ្នកច្បាប់ និងបក្សកាន់អំណាចថា មិនមែនធ្វើលេងៗទេ

ភ្នំពេញ ៖ អ្នកច្បាប់ និងអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា មិនមែនធ្វើលេងៗបានទេ គឺត្រូវការឱ្យមានភ័ស្តុតាងគ្រប់គ្រាន់ គ្មានសល់ចំណុចសង្ស័យ ថាអំពើនោះជាបទល្មើស ឬអំពើអនីត្យានុកូល ហើយនីតិវិធីរបស់តុលាការអន្តរជាតិ ក៏ធ្វើទៅតាមលក្ខណៈពិសេសនៃរឿងនីមួយៗ ។ យ៉ាងណា អ្នកណាំពាក្យគណបក្សកាន់អំណាចថា ការអត់ធ្មត់របស់កម្ពុជា មានព្រំដែន មិនមែនចេះតែអត់ធ្មត់ឲ្យថៃ ឈ្លានពាន រំលោភរហូតទេ ព្រោះទឹកដីដែលសៀម ឈ្លានពានបានហើយ មិនងាយយកមកវិញទេ ហើ​យ​​បញ្ហារវាងកម្ពុជា និងសៀម មិនអាចដោះស្រាយតាមផ្លូវយោធា មួយមុខបានទេ ចាំបាច់ត្រូវគួបផ្សំជាមួយ​ការងារការទូត និងនយោបាយការបរទេសផងដែរ ។

 លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់អមរិន្ទ បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា «ការដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ មិនមែនធ្វើលេងៗ ដូចដែលដាក់បណ្តឹងព្រហ្មទណ្ឌ នៅតុលាការយើងនោះទេ គឺត្រូវការឱ្យមានភ័ស្តុតាងគ្រប់គ្រាន់ គ្មានសល់ចំណុចនៅសង្ស័យ ថាអំពើនោះ គឺជាបទល្មើស ឬអំពើអនីត្យានុកូល ហើយរឿងនេះ នរណា ឬអ្នកដឹកនាំថៃ ណាជាអ្នកទទួលខុសត្រូវ? ដូចនេះមុននឹងដាក់ពាក្យបណ្តឹង ត្រូវមានក្រុមអ្នកជំនាញច្បាប់ វិភាគឱ្យបានច្បាស់លាស់ថា តើមានភ័ស្តុតាងគ្រប់គ្រាន់ហើយឬនៅ? និងតើយើងមានទំនុកចិត្តថា នឹងត្រូវឈ្នះដែរឬទេ? ។ ដូច្នេះសូមបងប្អូន កូនក្មួយ និងចៅៗ ជនរួមជាតិខ្មែរ មានការអត់ធ្មត់ និងជឿជាក់លើរាជរដ្ឋាភិបាល» ។

 លោកមេធាវី សុក សំអឿន បានសរសេរបន្ថែម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ថា «ការត្រៀមបណ្តឹង ៖ ចំពោះការខូចខាតដោយសង្រ្គាម រវាងថៃ និងកម្ពុជា កន្លងមកនេះ ប្រសិនបើយើងបង្ហាញភ័ស្តុតាងថា ថៃ ជាអ្នក​ឈ្លាន​ពានកម្ពុជា នោះយើងនឹងអាចប្តឹងទាមទារសំណងបាន។ ក៏ប៉ុន្តែ ប្រសិនបើយើងបញ្ចប់សង្រ្គាមនេះ ដោយ​​ការចរចារវាងកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្រ្គាម ប្រហែលជាការទទួលខុសត្រូវ ធ្លាក់ទៅលើរាជរដ្ឋា​ភិបាល រៀងខ្លួន ព្រោះថៃ ប្រាកដជាដាក់នូវលក្ខខណ្ឌមិនឱ្យយើងទាមទារអ្វីនោះទេ ហើយយើងប្រហែលជាអាចនឹងទទួលតាមលក្ខខណ្ឌនេះ ព្រោះដើម្បីបញ្ចប់សង្រ្គាម និងរក្សាសន្តិភាព។

 ដើម្បីប្តឹងទាមទារសំណង ទី១ ត្រូវបង្ហាញថា ការប្រើកម្លាំងបំផ្លិចបំផ្លាញ និងការលួចប្លន់នោះ គឺជាការប្រើប្រាស់កម្លាំងដោយខុសច្បាប់។ ទី២ ត្រូវបង្ហាញថា ការខូចខាតនោះ គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាទ្រព្យសម្បត្តិប្រជាជនស៊ីវិល មិនមែនជាទីតាំងរបស់យោធានោះទេ»។

 លោកមេធាវី សុក សំអឿន បន្តថា «ដើម្បីបង្ហាញពីធាតុផ្សំទាំងនោះ គឺត្រូវការភ័ស្តុតាង ឧទាហរណ៍ ប្រសិនបើយើងមានផ្ទះនៅភូមិព្រៃចាន់ យើងត្រូវមានភ័ស្តុតាងជារូបថត ឬវីដេអូ បង្ហាញពីវត្តមានផ្ទះ នៅទីនោះ មានបញ្ជីនៅក្នុងនោះ មានសម្ភារៈអ្វីខ្លះដែលបានបន្សល់ទុកនៅទីនោះ ជាដើម និងទីតាំងច្បាស់លាស់ថា ផ្ទះនោះ មានទីតាំងនៅត្រង់ណា ជាដើម និងត្រូវបញ្ជាក់ពីតម្លៃសរុប នៃទ្រព្យដែលបានបាត់បង់។ ប្រសិនបើថ្ងៃក្រោយ ភូមិព្រៃចាន់ នោះត្រូវបានចាត់ទុកថា វាស្ថិតនោះលើដីខ្មែរ ពេលនោះយើងអាចប្តឹងទាមទារសំណងបាន។

 ចំពោះនីតិវិធីនៃការប្តឹង ប្រជាពលរដ្ឋម្នាក់ៗ អាចធ្វើបណ្តឹងរៀងខ្លួន អាចដាក់ជាឯកជនក្តី ជាក្រុមក្តី មកក្រុមការងាររបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល ទៀតសោត ក៏គួរតែបង្កើតនូវក្រុមការងារស៊ើបអង្កេតមួយ ប្រមូលភ័ស្តុតាងទាំងនោះ ជាពិសេស អគារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រដ្ឋ ទាំងឡាយ។ ការប្រមូលនូវព័ត៌មានទាំងនេះ គឺដើម្បីឱ្យរាជរដ្ឋាភិបាល ត្រៀមជាឯកសារ ដាក់ពាក្យបណ្តឹងទៅយន្តការអង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិ»។

  បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមេធាវី សុក សំអឿន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ថា “យើងអាចប្ដឹងទាមទារសំណងបាន លុះត្រាយើងប្ដឹងថា ថៃហ្នឹង វាឈ្លានពានយើង ក៏ប៉ុន្តែសង្រ្គាមហ្នឹង តើវាចប់ដោយរបៀបម៉េច? ចប់ដោយថៃ ចាញ់សង្រ្គាមយើង ឬក៏ដោយការចរចាគ្នា? ព្រោះកិច្ចព្រមព្រៀងកន្លងមកនេះ មិនទាន់ជាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមទេ គ្រាន់តែផ្អាកបាញ់​ទេ ។ ដូច្នេះវាត្រូវមានកិច្ចព្រមព្រៀងមួយទៀត កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ហើយទទួលស្គាល់ព្រំដែនអីអ៊ីចឹងទៅ ហើយនៅពេលនោះ តើខ្មែរយើង នៅតែចោទថៃ ថាឈ្លានពានដែរ ឬក៏យើងទទួលស្គាល់ថា គ្រាន់តែជាការប៉ះទង្គិចកម្លាំងអាវុធ? ដូច្នេះខ្ញុំចង់បញ្ជាក់ថា តើពេលដែលចប់សង្រ្គាមហ្នឹង ចប់ដោយវិធីណា? ដោយកម្ពុជា នៅតែមិនសុខចិត្តថា ថៃ ជាអ្នកឈ្លានពាន ឬក៏យើងទទួលស្គាល់ថា អ្វីទាំងអស់នោះ គ្រាន់តែជាការប៉ះទង្គិចកម្លាំងអាវុធ? បើយើងទទួលស្គាល់ថា ជាការប៉ះទង្គិចកម្លាំងអាវុធ មានន័យថា រដ្ឋាភិបាល រៀងខ្លួន ទទួល​ខុសត្រូវការខូចខាតរៀងខ្លួន ។ បើយើងចោទថា គេឈ្លានពានយើង អត់ចប់ទេ ត្រូវអ្នកឯងទទួលស្គាល់ថា អ្នកឯងឈ្លានពានខ្ញុំ អាហ្នឹងអូខេ! អាហ្នឹងបានយើងអាចមានឱកាសក្នុងការប្ដឹងគេ ទាមទារគេ ព្រោះបើយើងទាមទារគេ លុះត្រាតែគេធ្វើខុស ។ ដូច្នេះវានៅវែងឆ្ងាយទៀត មិនមែនចេះតែដាក់ប្ដឹងៗទេ យល់នៅ?“ ។

លោកមេធាវី សុក សំអឿន បានមានប្រសាសន៍បន្តថា “ចំពោះភ័ស្តុតាងហ្នឹង យើងទាមទារអី? ឧបមាថា ឥឡូវយើងខូចផ្ទះ យើងមានភ័ស្តុតាង ផ្ទះអ្នកឯងអត់? ហើយផ្ទះ នៅត្រង់ណា? បើមានភ័ស្តុតាង មានរូបថត មានរូបវីដេអូ អីអ៊ីចឹងទៅ កាលពីមុនត្រូវគ្រាប់ហ្នឹង ឥឡូវគេរុះចោលហើយ អីហ្នឹង ទាល់តែយើងមានភ័ស្តុតាង អាហ្នឹង​ហៅថា ភ័ស្តុតាង ។ បើយើងគ្រាន់តែថា “ខ្ញុំខូចផ្ទះៗ” ហើយផ្ទះអ្នកឯង នៅឯណា? យើងអត់ដឹង អត់មានស្អី យើងម៉េចហៅមានភ័ស្តុតាង? ដូច្នេះទាល់តែប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹង ត្រូវមាននីតិវិធី របៀបរបបនៃការប្ដឹង ហើយអាហ្នឹងលើរាជរដ្ឋាភិបាលហើយ ទាល់តែរាជរដ្ឋាភិបាល មានយុទ្ធសាស្រ្តស្រួលបួល អាហ្នឹងអាចប្រកាសឲ្យប្រជាពលរដ្ឋណាដែលខូចខាតត្រង់ណា រាយការណ៍មករដ្ឋាភិបាល យើងបង្កើតក្រុមការងារ ក្រុមអីអ៊ីចឹងទៅ ឬក៏មាននីតិវិធីនៃការទទួលបណ្ដឹងច្បាស់លាស់ទៅ តាមខេត្តក៏ដោយ ឬក៏រដ្ឋាភិបាល អាចបង្កើតគណៈកម្មការពិសេសណាមួយ អីអ៊ីចឹងទៅ ក្នុងការប្រមូលភ័ស្តុតាងនៃការបាត់បង់ហ្នឹង ហើយក្រុមការងារហ្នឹង ចងក្រងឯកសារច្បាស់លាស់ទៅ ហើយយើងមានឈ្មោះ ក ឈ្មោះ ខ ឈ្មោះ គ ដែលបាត់បង់ ហើយឈ្មោះ ក បាត់បង់នេះ បាត់នោះ អីអ៊ីចឹងទៅ ឲ្យបានច្បាស់លាស់អីអ៊ីចឹងទៅ ហើយសរុបនៃការបាត់បង់អស់ថ្លៃប៉ុន្មាន? ហើយយើងមិនមែនចេះតែស្រែកៗឯណា?“ ។

  លោកមេធាវី សុក សំអឿន បានមានប្រសាសន៍បន្តទៀតថា “យើងរៀបចំស្រួលបួល (ភ័ស្តុតាង) វាមិនយូរ យ៉ាងច្រើន យើងថា ១ឆ្នាំចុះ អាចប្រមូលបានហើយ ហើយបើយើងត្រៀមក្នុងការប្រមែប្រមូលឥឡូវ អាចរហ័សភ្លាម តែបើយើងទុកចោល អត់ព្រមរៀបចំចងក្រង ហើយប្រជាពលរដ្ឋនេះ អត់មានភ័ស្តុតាងស្អី ហើយយើងធ្វើម៉េចទៅ? ដូច្នេះខ្ញុំគិតថា គួរតែចាប់ផ្ដើម ហើយយើងក៏មិនទាន់សម្រេចថា ដាក់ប្ដឹងឬអត់ដែរ ព្រោះពេលបញ្ចប់សង្រ្គាម នៅខាងមុខនេះ យើងមិនទាន់ដឹងថា ការចប់ដោយរបៀបម៉េចទេ? ព្រោះឥឡូវឧបមាថា “ខ្លួន​ឯងជាថៃ វិញ ដើម្បីបញ្ចប់សង្រ្គាម ខ្លួនឯងត្រូវដាក់លក្ខខណ្ឌម៉េច ដើម្បីសុខចិត្តបញ្ចប់? មិនមែនដាក់លក្ខខណ្ឌមិនឲ្យគេប្ដឹងអ៊ីចឹងអ្ហែ៎? បើឯងប្ដឹងអញដដែល អញចាំបាច់បញ្ចប់សង្រ្គាមធ្វើអី អញបន្តសង្រ្គាមទៀតហើយអ៊ីចឹងអ្ហែ៎? “ ។ ចំណុចហ្នឹងហើយ ទាក់ទងនឹងចរន្តជំរុញឲ្យរដ្ឋាភិបាលប្ដឹង យើងមើលតាមទិដ្ឋភាពច្បាប់ ដូចខ្ញុំនិយា​យអ៊ីចឹង ។ បើសិនជាយើងទទួលស្គាល់ថា ថៃមិនមែនឈ្លានពានទេ យើងច្បាំងគ្នា យើងប៉ះទង្គិចរវាងកម្លាំងប្រដាប់អាវុធទេ អាហ្នឹងមានន័យថា រដ្ឋាភិបាលយើង ទទួលខុសត្រូវក្នុងការខូចខាតរបស់ខ្លួនឯង ។ បើយើងនៅតែប្រកាសថា មិនមែនជាការប៉ះទង្គិចទេ គឺជាការឈ្លានពាន អូខេ! អាហ្នឹងបានយើងមានលេសក្នុងការទាមទារឲ្យគេសង អានេះតាមយោបល់ខ្ញុំ“ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកមេធាវី សុក សំអឿន ខាងលើនេះ លោកជា ធីរិទ្ធ អ្នកនាំពាក្យគណ​បក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) និងជាអ្នកនាំពាក្យសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ថា លោកស្វាគមន៍រាល់ទស្សនៈទាំងឡាយណាដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ ឈរលើគោលដៅរួម គឺការពារអធិបតេយ្យជាតិ ។

 លោក ជា ធីរិទ្ធ បានមានប្រសាសន៍ថា “បាទ! ការលើកឡើងនេះ ជាទស្សនៈនៃការយល់ឃើញរបស់ពួកគេ ហើយយើងស្វាគមន៍រាល់ទស្សនៈទាំងឡាយណាដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិរបស់យើង ជាពិ​សេ​សក្នុងន័យស្ថាបនា សម្រាប់ឈរលើគោលដៅរួម គឺការពារអធិបតេយ្យជាតិ និងផលប្រយោជន៍របស់ប្រ​ទេសជាតិរបស់យើង“ ។

 ជាមួយគ្នានោះដែរ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការអត់ធ្មត់ មានព្រំដែន មិនមែនចេះតែអត់ធ្មត់រហូតទេ ព្រោះទឹកដីដែលសៀម (ថៃ) ឈ្លានពានបានហើយ មិនងាយយកមកវិញទេ គឺជាការពិតហើយបញ្ហារវាងកម្ពុជា និងសៀម មិនអាចដោះស្រាយតាមផ្លូវយោធា មួយមុខបានទេ ចាំបាច់ត្រូវគួបផ្សំជាមួយការងារការទូត និងនយោបាយការបរទេសផងដែរ។ ប៉ុន្តែរឿងប្តឹងទៅតុលាការអន្តរជាតិ មិនមែនចេះតែប្តឹងបានងាយៗទេ គឺគេមាននីតិវិធីរបស់គេ ទៅតាមលក្ខណៈពិសេសនៃរឿងនីមួយៗ ។

លោកសុខ ឥសាន បានបញ្ជាក់តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថា “…ទោះជាយ៉ាងណា កម្ពុជា ពិតជាមិនយល់ព្រមទទួលស្គាល់ចំណែកដីដែលសៀម ទន្រ្ទានឈ្លាន​ពានយក មិនមែនជាទឹកដីសៀម ទេ គឺជាទឹកដីកម្ពុជា តាំងពីអនុសញ្ញាបារាំង-សៀម ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ មក។ បើសៀមនៅតែវាយប្រហារមកលើកម្ពុជា បង្ខំឲ្យកម្ពុជា ទទួលស្គាល់ថា ជារបស់ខ្លួន កម្ពុជា សុខចិត្តស្លាប់ ដោយមិនរាថយជាដាច់ខាត ។ ព័ត៌មានដែលថា សៀម ជម្លៀសប្រជាជនសៀម ចេញពីព្រំដែន បើជាការពិត គឺជាព័ត៌មានមួយ គួរឲ្យចាប់អារម្មណ៍ថា សៀម ត្រៀមវាយប្រហារឈ្លានពានខ្មែរ ទៀតហើយ ។ ប៉ុន្តែទោះជាយ៉ាងណា ខ្មែរយើង ត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ជាពិសេសថ្នាក់ដឹកនាំប្រទេស និងកងទ័ពតែម្តង ដើម្បីកុំឲ្យបាត់ម្ចាស់ការ ។ ជាទម្លាប់កន្លងមក សៀម មិនដែលធ្វើឲ្យខ្មែរ ទុកចិត្តបានទេ សៀម តែងមានល្បិចកល និងមិនអនុវត្តអ្វីដែលបានព្រមព្រៀងគ្នា មានមហាអំណាចជាសាក្សីផង ក៏វាមិនគោរពដែរ ។ ការអត់ធ្មត់ មានព្រំដែន មិនមែនចេះតែអត់ធ្មត់រហូតទេ ទឹកដីដែលសៀមឈ្លានពានបានហើយ មិនងាយយកមកវិញទេ ។ ជាការពិតហើយ បញ្ហារវាងកម្ពុជា និងសៀម មិនអាចដោះស្រាយតាមផ្លូវយោធាមួយមុខបានទេ ចាំបាច់ត្រូវគួបផ្សំជាមួយការងារការទូតនិងនយោបាយការបរទេសផងដែរ។ រឿងប្តឹងទៅតុលា​ការអន្តរជាតិ មិនមែនចេះតែប្តឹងបានងាយៗទេ គេមាននីតិវិធីរបស់គេ ទៅតាមលក្ខណៈពិសេសនៃរឿងនីមួយៗ…” ៕ កុលបុត្រ

RELATED ARTICLES