ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ប្តីជិះម៉ូតូឌុបចេញមកពីខួបកំណើតមិត្តភក្តិវិញសង្ស័យមានអ្នក លួចដាក់ ថ្នាំសណ្តំខណៈពេលជិះម៉ូតូបានធ្លាក់ពីលើម៉ូតូសន្លប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅមុខមន្ទីរពេទ្យសង់ត្រាល់តាមបណ្តោយផ្លូវ១៥៤ នៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់និងស្រ្តីម្នាក់សង្ស័យថាជាសង្សារនឹងគ្នាបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកបិច ពាក់ស្លាកលេខ កំពង់ស្ពឺ 1E3443 ជិះម៉ូតូ ឌុបគ្នាតាមបណ្តោយផ្លូវ១៥៤ ក្នុងទិសដៅពីលិចទៅកើត ខណៈ ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែស្រ្តីដែត្រូវបុរសម្នាក់ឌុបនោះបានធ្លាក់ពីលើម៉ូតូដួលសន្លប់មានសភាពដូចត្រូវថ្នាំសណ្តំរបស់គេអញ្ចឹង ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់បុរសដែលជាអ្នកឌុបឲ្យលើកស្រ្តីរងគ្រោះចូលទៅព្យាបាលនៅមន្ទីរពេទ្យសង់ត្រាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្មានថាត្រូវថ្នាំសណ្តំ ។ លុះពេលសមត្ថកិច្ច សួរនាំបុរសខាងលើអះអាងថាគេទាំង២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នា ។
បើតាមសម្តីបុរសជាប្តីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់ពីរនាក់ប្តីប្រពន្ធទើបតែចេញមកពីខួបមិត្តភក្តិនៅម្តុំសន្ធរម៉ុកហើយបបួលប្រពន្ធរបស់គាត់ទៅហូបអីបន្តនៅម្តុំ
ផ្សារសូរិយាម៉ល លុះពេលជិះជិតដល់ទៅហើយ ប្រពន្ធរបស់គាត់ធ្លាក់ពីលើម៉ូតូសន្លប់តែម្តងមានសភាពដូចជាត្រូវថ្នាំរបស់គេអញ្ចឹង។
ក្រោយពេលកើតហេតុពេលដែលស្រ្តីខាងលើមានសភាពធូរស្រាលបន្តិចហើយបុរសជាប្តីបានឌុបចេញមកពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ៕ ឥន សាន់ស៊ីដេត