Tuesday, January 13, 2026
Homeតារាខ្មែរនៅ ស៊ីនឿន បើកក្រុមហ៊ុនកម្សាន្ដនៅអាមេរិក

នៅ ស៊ីនឿន បើកក្រុមហ៊ុនកម្សាន្ដនៅអាមេរិក

អាមេរិក ៖ លោកនៅ ស៊ីនឿន ដែលទៅរស់នៅអាមេរិក ជាមួយភរិយា អាណិកជនខ្មែរនៅទីនោះ ជាង៤ឆ្នាំទៅហើយនោះ បានបើកក្រុមហ៊ុនកម្សាន្ដមួយ ឈ្មោះ Nsn Entertainment ដែលមានតន្រ្ដីករខ្មែរ ជាច្រើនផ្នែក នៅវង់តន្ត្រីរបស់លោក មានដូចជា អ្នកវាយស្គរ អ្នកលេងហ្គីតារ អក  និងព្យ៉ាណូ ជាដើម ពោលគឺដូចទៅនឹងវង់តន្រ្ដីនៅស្រុកខ្មែរដែរ ។

ប្រភពបានឲ្យដឹងថា លោកស៊ីនឿន រៀបចំតារាចម្រៀងខ្មែរដែលរស់នៅអាមេរិក និងប្រទេសជិតខាង ទៅ ច្រៀងតាមបណ្ដាកម្មវិធីមួយចំនួន នៅសហរដ្ឋអាមេរិក ដូចជា កម្មវិធីជប់លៀង អាពាហ៍ពិពាហ៍ ជាដើម …។ ជាក់ស្ដែងដូចជាថ្មីៗនេះ ក្នុងពិធីឆ្លងឆ្នាំសកល នៅទីក្រុងស្តុកតុន (Stockton) កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ នោះ អ្នកនាងឡាយ លក្ខិណា ដែលរស់នៅប្រទេសកាណាដា ក៏ទៅច្រៀងកម្មវិធីរបស់លោកស៊ីនឿន នៅអាមេរិក ផងដែរ ។ ជាមួយគ្នានេះដែរ អ្នកនាងលក្ខិណា ថែមទាំងបានជួយផ្សព្វផ្សាយពីក្រុមហ៊ុន Nsn Entertainment របស់លោកស៊ីនឿន ជាញឹកញាប់ទៀតផង ថាមិនត្រឹមតែមានបម្រើសេវាកម្មដូចជា កម្មវិធីជប់លៀង មង្គលការ នោះទេ តែក៏មានកម្មវិធីសប្បាយៗទៀត ដោយមានទាំង Dj ល្បីៗទៀតផង។

 លោកនៅ ស៊ីនឿន ផ្ទាល់ ក៏បានចេញច្រៀងជាមួយតារាខ្មែរ នៅអាមេរិក ជាញឹកញាប់ផងដែរ នៅក្រុមហ៊ុនកម្សាន្ដរបស់លោក ហើយនេះជាជំហានថ្មីមួយទៀតរបស់អតីតតារាចម្រៀងផលិតកម្មស្វាងតារា និងហង្សមាស រូបនេះ បន្ទាប់ពីរូបគេបានចេញទៅរស់នៅតាមប្រពន្ធ លើទឹកដីអាមេរិក ជាង៤ឆ្នាំ បានកូនស្រីមួយ ។ ចំណែកការបើកក្រុមហ៊ុនកម្សាន្ដ របស់លោកស៊ីនឿន នៅអាមេរិក នោះគឺដូចគ្នាទៅនឹងតារាមួយចំនួន នៅកម្ពុជា ដែលរកស៊ីមុខរបរនេះដែរ មានដូចជា លោកអេឡិច ចាន់ត្រា, យ៉ែម សំអូន, ដួង វីរៈសិទ្ធ អ្នកនាងខាត់ សុឃីម និងសុភ័ក្រ្ដ កុសុម៉ា … ដែលកំពុងកាក់កបនៅរដូវក្ដៅនេះ ។

គួររំលឹកថា លោកនៅ ស៊ីនឿន បានរៀបការជាមួយនារីអាណិកជនខ្មែរ នៅអាមេរិក អ្នកនាង Dominique កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យនៅឆ្នាំ២០១៨ ដោយលោកស៊ីនឿន ជូនថ្លៃទឹកដោះ ចំនួន ៣៦១៦៨ដុល្លារ ។ ស៊ីនឿន តែងតែចេញច្រៀងសម្ដែងជាមួយតារាដែលទៅពីស្រុកខ្មែរ ជាញឹកញាប់ ទាំងលើទឹកដីអាមេរិក និងកាណាដា ហើយពេលចុះមកខ្មែរ ម្ដងៗ លោកនៅតែចេញច្រៀងតាមកម្មវិធីគេហៅដូចមុន ប៉ុន្ដែលោកមិនបានផលិតបទថ្មីៗ ដោយខ្លួនឯងឡើយ ទោះជាបង្ហាញសញ្ញានៅតែស្រលាញ់ចម្រៀងក្ដី ។

 ក្រៅពីនៅ ស៊ីនឿន តារាដែលយកប្រពន្ធជាអាណិកជនខ្មែរ នៅអាមេរិក មានដូចជា លោក យស បូវណ្ណៈ, សុវណ្ណ មុន្នី, ខៀវ សំភេទ, ហង្ស ឈា, សោភ័ណ្ឌ ឡារី, មាស សាលី  និងសេន រ៉ានុត ជាដើម ។ សម្រាប់ស៊ីនឿន លោកនៅតែបន្ដអាជីពចាស់ ព្រោះអាចច្រៀងបទមរតកដើម បាន ដោយសាអាណិកជនខ្មែរ នៅទីនោះ និយមស្ដាប់បទពីដើមៗ ហេតុនេះទោះជាលែងចេញបទថ្មីៗ ក៏រូបគេនៅតែមានគេហៅច្រៀងដែរ ខណៈដែលភរិយាលោក ក៏ជាអ្នកស្រលាញ់វិស័យសិល្បៈម្នាក់ដែរ ទើបទោះជាលោកស្និទ្ធស្នាលជាមួយតារាស្រីរូប ណា ក៏នាងមិនចេះប្រចណ្ឌឡើយ ៕

RELATED ARTICLES