Thursday, January 15, 2026
Homeតារាខ្មែរអ៊ីវ៉ា ទិញឡានថ្មី មុនរៀបការ

អ៊ីវ៉ា ទិញឡានថ្មី មុនរៀបការ

ភ្នំពេញ ៖ តារាចម្រៀង ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានទិញរថយន្ដទំនើប ម៉ាក Lexus ស៊េរីថ្មី ពណ៌ស កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បន្ថែមពីលើរថយន្ដដែលនាងមានស្រាប់ ជិះឆ្លាស់គ្នា ដូចជា ម៉ាក Ford, Staria, Camry និង Lexus ជាដើម ។ លោកលី សេងហួរ ជាម្ចាស់ស្នេហារបស់អ៊ីវ៉ា បានលើកទឹកចិត្តគូស្នេហ៍ថា រថយន្ដនេះ ជាអ្វីដែលនាងសមនឹងទទួលបាន ព្រោះជាការតបស្នងការខិតខំប្រឹងប្រែងរបស់នាងកន្លងមក។ ជាមួយគ្នានេះដែរ លោកសេងហួរ ក៏មិនភ្លេចឆ្លៀតឱកាសនេះ សុំធ្វើជាតៃកុងឡានរបស់អ៊ីវ៉ា និងថែមទាំងអួតថា លោកជាតៃកុងស្មោះស្នេហ៍ទៀតផង ។

យ៉ាងណា អ៊ីវ៉ា មិនបានប្រាប់ថា រថយន្ដថ្មីរបស់នាង ទើបទិញនេះ តម្លៃប៉ុន្មានទេ ខណៈដែលមានព័ត៌មានថា នាងនិងគូស្នេហ៍ ចូលលុយគ្នាទិញរថយន្ដទំនើបនេះ ជិះរួមគ្នា មុនពេលពួកគេដឹកដៃគ្នារៀបការ នៅឆ្នាំ២០២៦ នេះ។ ប៉ុន្ដែគេចាំបានថា កាលអ៊ីវ៉ា ទិញរថយន្ដម៉ាកFord Everest ពណ៌ខ្មៅ នាងដាក់ស្លាកលេខរថយន្ដភ្ជាប់ឈ្មោះនាងនិងលោកសេងហួរ តែម្ដង ដែលបញ្ជាក់ថា ពួកគេរកស៊ីចូលគ្នា ដាក់លុយចូលគ្នា និងចិត្ត១ ថ្លើម១ ។

គួរបញ្ជាក់ថា អ៊ីវ៉ា បានលាក់មុខសង្សារ ជាង៧ឆ្នាំ ពោលគឺទើបតែនៅចុងឆ្នាំ២០២២ នាងព្រមបណ្ដើរលោក លី សេងហួរ ជាចំហ ក្រោយមានដំណឹងថា ពួកគេបានភ្ជាប់ពាក្យរួច ។ មុនទិញរថយន្ដទំនើបជិះ និងឲ្យអនាគតស្វាមី ធ្វើតៃកុងឡាននេះ កាលពីដើមខែតុលា ឆ្នាំ២០២៥ អ៊ីវ៉ា និងលោកសេងហួរ បានដឹកដៃគ្នាទៅថតឈុតអាពាហ៍ពិពាហ៍ផងដែរ ដែលទំនងជាការរៀបចំឈុត Pre-Wedding ដើម្បីរៀបការឆាប់ៗនេះហើយ ព្រោះកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ នាងបង្ហាញសញ្ញាចង់រៀបការ ហើយនៅចុងខែធ្នូ ឆ្នាំ២០២៥ នាងបានប្រកាសថានឹងរៀបការប្ដី ពេលចប់សង្រ្គាមតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលការក្រាបផ្ទឹមរហ័សបែបនេះនាងថា ដើម្បីចូលរួមបង្កើនធនធានមនុស្ស ។

អ៊ីវ៉ា អាយុ៣១ឆ្នាំ ក្រៅពីអាជីពចម្រៀង នាងកាក់កបខ្លាំងជាមួយមុខរបរលក់ដូរ Online ដោយចាប់ដៃគ្នារកស៊ីជាមួយគូស្នេហ៍ យកអ៊ឺវ៉ាន់ពីបរទេស មកលក់នៅកម្ពុជា ពោលគឺប្រឹងរកលុយរួមគ្នា មុនរៀបការ។ ការដែលអ៊ីវ៉ា ដឹកដៃគូស្នេហ៍ទៅលសម្លៀកបំពាក់កូនក្រមុំកំលោះ កាលពីពេលថ្មីៗនេះ អ្នកដែលញញឹមបិទមាត់មិនជិតនោះ គឺលោក អ៊ូ វ៉ាវ ដែលជាឪពុករបស់ស្រីនាថ ព្រោះលោកធ្លាប់បានជំរុញកូនស្រី ឲ្យរៀបការ ជាង៥ឆ្នាំទៅហើយ តែនាងនៅតែរារែកចិត្ត ដែលបញ្ហាធំនោះ គេជឿថា គឺដោយសាតែនាងខ្លាចមានប្ដីទៅ លែងមានអ្នកគាំទ្រ ។ ប៉ុន្ដែលោកសេងហួរ អនាគតប្ដីនាង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រនាង ឲ្យពង្រីកមុខរបរខាងក្រៅសិល្បៈ ព្រោះនាងមានឈ្មោះល្បីស្រាប់ ខណៈដែលឪពុកម្ដាយលោក ក៏ជាអ្នកជំនួញធំ នៅក្រុងសៀមរាប ផងដែរ ។

តាមប្រភពថា បន្ទាប់ពីអ៊ីវ៉ា ត្រៀមចូលរោងការឆាប់ៗនេះ តារាកំពុងពិចារណារៀបការនៅឆ្នាំ២០២៦ នេះ មានដូចជា អ្នកនាងពេជ្រ សោភា, យុគ ចិន្ដា, ម៉ា នីកា  និងប៉ាច គីមមួយ ជាដើម ៕

RELATED ARTICLES