ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ក្រោយពីប្រពន្ធផិតក្បត់រត់ចោល ក៏រស់នៅតែ២នាក់ ម្តាយចំណាស់ទាំងត្រដាបត្រដួស លុះពេលមក ធ្វើជាអ្នកយាមម៉ូតូ នៅហាងខារ៉ាអូខេបាន៣ ថ្ងៃ ក៏បែកគំនិតលួចគាស់កែបម៉ូតូរបស់ស្ត្រីជា មេការហាងលួចយកប្រាក់អស់មួយចំនួន ក៏ ត្រូវស្ត្រីជាមេការ ប្តឹងឱ្យប៉ូលិសចាប់ខ្លួន លុះស្ត្រី ជាម្តាយដឹងដំណឹង ក៏មកយំសោកបោកខ្លួនសំពះ អង្វរស្ត្រីជាដើមបណ្តឹង ឱ្យលើកលែងទោសកូន ប្រុសគាត់ផង ព្រោះអត់ពីកូនប្រុសទៅគាត់គ្មាន ទីពឹងអ្វីទៀតទេ ប៉ុន្តែត្រូវស្ត្រីជាមេការមិនយល់ ព្រមដកពាក្យបណ្តឹងនោះទេ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចអធិការដ្ឋាន- នគរបាលខណ្ឌដង្កោ។
ជនសង្ស័យ ដែលលួចគាស់កែបម៉ូតូគេ លួចយកលុយនេះ មានឈ្មោះស៊ុន ធីម អាយុ ៣២ឆ្នាំ មុខរបរអ្នកយាមម៉ូតូនៅហាងខារ៉ាអូខេ យីហោ “ជំនោរល្អជាយក្រុង” មានទីតាំងស្ថិត ក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ ទើបនឹងចូលធ្វើការបាន៣ថ្ងៃប៉ុណ្ណោះ និងមាន ស្រុកកំណើតនៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុក ទ្រាំង ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ ប្រាក់ មានឈ្មោះសួស សិលា អាយុ២៥ ឆ្នាំ មុខរបរមេការហាងខារ៉ាអូខេ យីហោ “ជំនោរ ល្អជាយក្រុង”។ ចំណែករបស់ទ្រព្យដែលបាត់បង់ រួមមានប្រាក់ដុល្លារ ចំនួន៨៧ដុល្លារ និង លុយខ្មែរចំនួន ២១៩០០ រៀល។ ដោយឡែក ស្ត្រីចំណាស់ជាម្តាយជនសង្ស័យ ដែលតាមមក សំពះអង្វរសុំឱ្យម្ចាស់បណ្តឹងលើកលែងទោស ដល់កូនប្រុសនោះ មានឈ្មោះទួល គឹម អាយុ ៧៦ឆ្នាំ មុខរបរស៊ីឈ្នួលរែងអង្ករឱ្យគេនៅក្នុង ផ្សារតាកែវ មានលំនៅក្នុងភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពពីសមត្ថកិច្ចខណ្ឌដង្កោ បាន ឱ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះស៊ុន ធីម បាន ធ្វើសកម្មភាពគាស់កែបម៉ូតូ១គ្រឿង ប្រភេទ កូនទា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1DH-0365 ដែលជាកម្មសិទ្ធិរបស់ស្ត្រីរងគ្រោះ ឈ្មោះសួស សិលា ជាមេការខារ៉ាអូខេ ដែល បានទុកម៉ូតូនៅចំណុចហាងខារ៉ាអូខេនោះ ហើយ ជនសង្ស័យ បានលួចយកបានប្រាក់ចំនួន៨៧ ដុល្លារ និងលុយខ្មែរចំនួន ២១៩០០រៀល បន្ទាប់ មក ក៏ត្រូវស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថ- កិច្ចចាប់ឃាត់ខ្លួនតែម្តង។
ប្រភពដដែលបន្តថា ក្រោយពីធ្វើការ សាកសួរ និងមានភ័ស្តុតាងគ្រប់គ្រាន់ ទើប សមត្ថកិច្ចប៉ុស្តិ៍ព្រៃស បានកសាងសំណុំរឿង បញ្ជូនមកកាន់ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាម នីតិវិធី ស្រាប់តែមកដល់ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ក៏មានលោកយាយម្នាក់ ដែលអះ- អាងថា ជាម្តាយរបស់ជនសង្ស័យ បានមកទួញ យំបោកខ្លួននៅចំពោះមុខម្ចាស់បណ្តឹង និងបាន សំពះអង្វរឱ្យស្ត្រីរងគ្រោះ ដកពាក្យបណ្តឹងវិញ តែចុងក្រោយ ស្ត្រីរងគ្រោះមិនព្រមដកពាក្យបណ្តឹងវិញនោះទេ។
តាមសម្តីលោកយាយទួល គឹម បានទួញយំ រៀបរាប់ប្រាប់ថា សព្វថ្ងៃនេះ គាត់មានរបរជា អ្នកស៊ីឈ្នួលរែងអង្ករឱ្យគេនៅក្នុងផ្សារតាកែវ មួយថ្ងៃៗរកប្រាក់បានយ៉ាងច្រើនបំផុត តែ១ ម៉ឺនរៀលប៉ុណ្ណោះ គ្រាន់បានទិញអង្ករម្ហូបចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ គាត់មានតែកូនប្រុសឈ្មោះ ស៊ុន ធីម តែម្នាក់ឯង ហើយគេជាពោះម៉ាយ ត្រូវប្រពន្ធរត់ចោល ទៅតាមប្រុសសហាយថ្មី បាត់ និងទើបចាកចេញពីស្រុកកំណើត មកធ្វើការជាអ្នកយាមម៉ូតូ នៅក្នុងហាងខារ៉ាអូខេ ខាងលើ បានត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែ គាត់បានទទួលដំណឹងថា កូនប្រុសគាត់ត្រូវប៉ូលិស ចាប់ខ្លួនពីបទលួចលុយគេ ទើបគាត់បានដើរខ្ចី បុលពីអ្នកជិតខាងបានចំនួន៥ម៉ឺនរៀល សម្រាប់ ជាសោហ៊ុយធ្វើដំណើរមកភ្នំពេញ ដើម្បីមក មើលកូន ហើយនៅតាមផ្លូវ គាត់ចាយវាយ ទិញបាយទឹកហូប បូករួមទាំងថ្លៃឡានផង អស់ ៣ម៉ឺនរៀលទៅហើយ នៅសល់តែ២ម៉ឺនរៀល ជាប់ខ្លួនប៉ុណ្ណោះ និងមិនដឹងថាត្រូវទៅស្នាក់នៅ កន្លែងណាទេ។
លោកយាយទួល គឹម បានបន្តរៀបរាប់ ថា គាត់គ្មានសាច់ញាតិអ្វីទេ កាលពីប៉ុន្មានឆ្នាំ មុនផ្ទះលោកយាយមានគ្នា៣នាក់ គឺយាយ និង កូនប្រុស ព្រមទាំងកូនប្រសាស្រី លុះពេលជីវភាពយ៉ាប់យឺនពេក ទើបកូនប្រុស និងប្រពន្ធ បាននាំគ្នាធ្វើចំណាកស្រុក ចេញទៅប្រទេសថៃ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ លុះកូន ប្រសាស្រីចិត្តមិនស្មោះ ក៏ចុះចោលប្តី ទៅរួមរស់ ជាមួយប្រុសសហាយបាត់ ទើបកូនប្រុសគាត់ ត្រឡប់មកស្រុកកំណើតវិញ ទាំងឈឺចិត្តមក រស់នៅជាមួយគាត់២នាក់ម្តាយកូនយ៉ាងលំបាក វេទនាជាទីបំផុត។ លុះពេលកូនប្រុសទើបនឹង ចេញមកធ្វើការនៅភ្នំពេញបាន៣ថ្ងៃ ក៏ត្រូវ ប៉ូលិសចាប់តែម្តង។
នៅចំពោះមុខស្ត្រីជាដើមបណ្តឹង លោក យាយទួល គឹម បានទួញយំ សំពះអង្វរថា “សព្វ ថ្ងៃយាយមានតែ២នាក់ម្តាយកូននេះទេ គ្មាន សាច់ញាតិផ្សេងឡើយ សូមនាងជួយដកពាក្យ បណ្តឹងវិញទៅ បើនាងមិនលើកលែងទេ ហើយ កូនយាយត្រូវជាប់គុកនោះ យាយច្បាស់ជា ស្លាប់មិនខានទេ សុំចៅធ្វើបុណ្យម្តងទៅណា ចៅណា!”។
បើទោះជាស្ត្រីចំណាស់ខាងលើ ខំយំននៀល ដីបែបណា ក៏ស្ត្រីជាដើមបណ្តឹងនៅតែប្រកាន់ ជំហរដដែល ពោលគឺមិនដកពាក្យបណ្តឹងវិញ ដាច់ខាត និងបាននិយាយថា “កុំគិតច្រើនយាយ នេះសំណាងហើយ ដែលខ្ញុំមិនទារជំងឺចិត្តថែម ទៀតនោះ ហើយខ្ញុំចង់ជួយដែរ តែជួយអត់ បានទេ ហើយឱ្យខ្ញុំធ្វើម៉េច បើយល់ញាតិឃ្លាត ច្បាប់ ច្រើនពេកពិបាកណាស់ពេលនេះខ្ញុំប្រគល់ ឱ្យច្បាប់ជាអ្នកចាត់ចែងហើយ ស្រេចតែច្បាប់ ចុះ ព្រោះមនុស្សដូចកូនយាយពិបាកណាស់ ឱ្យគាត់នៅទីនេះចុះ ដើម្បីបានកែខ្លួន”។
បន្ទាប់ពីទួញយំ អង្វរស្ត្រីជាមេការនោះ អស់ចិត្តអស់ចង់នៅតែមិនបានលទ្ធផល លោកយាយជាម្តាយជនសង្ស័យ ទំនងជាអស់សង្ឃឹម ក៏ដើរចាកចេញពីអធិការដ្ឋាន នគរបាលខណ្ឌ ដង្កោវិញបាត់ទៅ មិនដឹងជាចេញទៅស្នាក់នៅ ទីណានេះទេ។
ដោយឡែកលោកជឹម ស៊ីថា អធិការនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា លោកបានឆ្លងយោបល់ថ្នាក់លើ និងបានរៀប រាប់ពីដំណើររឿងពិត ដើម្បីអនុគ្រោះដល់ជន- សង្ស័យ ដើម្បីបានរកស៊ីចិញ្ចឹមម្តាយចាស់ជរា វិញ ហើយថ្នាក់លើ ក៏បានយោគយល់អស់ទៅ ហើយ ប៉ុន្តែដោយសារភាគីម្ចាស់ដើមបណ្តឹងមិន យល់ព្រម នៅតែប្រកែកដាច់ខាតត្រូវចាត់ការ តាមច្បាប់ ទើបសមត្ថកិច្ចមិនអាចជួយអ្វីបាន ឡើយ មានតែរៀបចំកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការប៉ុណ្ណោះ ព្រោះប្រសិនបើនគរបាលហ៊ានដោះលែងជននោះ ច្បាស់ជាទទួល រងបណ្តឹងពីស្ត្រីជាដើមបណ្តឹងនោះ ជាក់ជាមិនខាន៕