ជំងឺទឹកនោមផ្អែម ជាភាពខុសប្រក្រតីរបស់រាងកាយ ដែលមានការផលិតអ័រម៉ូនអីុនស៊ូលីនមិនគ្រប់គ្រាន់ ឬរាងកាយមិនអាចនាំជាតិស្ករទៅប្រើការបានយ៉ាងមានប្រសិទ្ធភាព ទើបធ្វើឱ្យជាតិស្ករក្នុងឈាមលើសការកំណត់។ បើមិនបានទទួលការព្យាបាលឱ្យបានសមស្រប ខណៈមានជាតិស្ករលើសក្នុងចរន្តឈាមនោះ វានឹងនាំឱ្យកើតផលប៉ះពាល់អាក្រក់រយៈពេលយូរចំពោះសរសៃឈាម អាចបណ្តាលឱ្យបាត់បង់ជីវិតមុនអាយុបាន ។
ជំងឺនេះ បើកើតហើយ ភាគច្រើនមិនអាចព្យាបាលឱ្យជាសះស្បើយបានទេ។ ប៉ុន្តែ អាចគ្រប់គ្រងបាន។ ក្នុងនោះវិធីការពារខ្លួនពីជំងឺដ៏អាក្រក់នេះគឺ ៖
១-គ្រប់គ្រងអាហារនិងទម្ងន់ ៖
ជ្រើសទទួលទានអាហារ គ្រប់គ្រងទម្ងន់យ៉ាង ត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យជំនាញ នោះអាការជ្រៀតជ្រែកផ្សេងៗនឹងថយចុះ។
២-ហាត់ប្រាណ ៖
ការហាត់ប្រាណយ៉ាងទៀងទាត់ អាចជួយឱ្យជាតិស្ករក្នុងឈាមថយចុះបាន ដោយសារពេលហាត់ប្រាណ រាងកាយត្រូវទាញយកជាតិស្ករមកប្រើប្រាស់ ជាពិសេសការហាត់ប្រាណ ដោយប្រើថាមពល ដូចជា ដើរលឿន រត់ ធាក់កង់ ហែលទឹក ហាត់-យោគៈ ជាដើម។
៣-ប្រើថ្នាំ ៖
មិនថាជាថ្នាំលេប ឬថ្នាំចាក់ វាជារឿងចាំបាច់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដើម្បីគ្រប់គ្រងជាតិស្ករ។ តែករណីខ្លះ មិនចាំបាច់ប្រើឡើយ បើជាតិស្ករនៅក្នុងឈាមមិនខ្ពស់ពេក។
៤-ឧស្សាហ៍ពិនិត្យរកជំងឺជ្រៀតជ្រែក ៖
គ្រូពេទ្យជំនាញ តែងបានណែនាំឱ្យអ្នកជំងឺទទួលការពិនិត្យរកជំងឺជ្រៀតជ្រែក ដូចជា ជំងឺបេះដូង ជំងឺតម្រងនោម និងសុខភាពប្រអប់មាត់ ដើម្បីការពារជំងឺជ្រៀតជ្រែកផ្សេងៗពីដំបូង នោះអ្នកជំងឺនឹងមានសុខភាពល្អ អាយុវែងជាងអ្នកដែលបណ្តែតបណ្តោយ មិនសូវយកចិត្តទុកដាក់ថែទាំសុខភាព ៕