ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គម ដែលមានខ្លឹមសារថា “សម្តេចតេជោ ព្រមានអ្នកនាង ខាត់ សុឃីម កុំឱ្យញុះញង់ បង្កភាពវឹកវរក្នុងសង្គម បើមិនចង់ជាប់គុក” រួចមក តារាពហុជំនាញ ខាត់ សុឃីម បានចេញមុខបកស្រាយ ដោយចាត់ទុកខ្លឹមសារដែលបង្ហោះផ្សព្វផ្សាយនេះ ជាព័ត៌មានក្លែងក្លាយដែលប្រឌិតដោយក្រុមជ្រុលនិយម ក្នុងចេតនាបង្កឱ្យមានការភ័ន្តច្រឡំ។

អ្នកនាង ខាត់ សុឃីម បានបង្ហោះវីដេអូ តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ភ្ជាប់ជាមួយនឹងសំណេរថា “សុំបកស្រាយបញ្ហារឿងព័ត៌មានទាក់ទងនឹងនាងខ្ញុំ ដោយសារឃើញបងប្អូន ក៏ដូចជាទស្សនិកជន Call និង Chat មកសួរនាំច្រើន ដូចនេះនាងខ្ញុំសុំបញ្ជាក់ឱ្យច្បាស់លាស់ កុំឱ្យបន្តយល់ច្រលំទៀត ហើយអរគុណបងប្អូនទាំងអស់ ព្រួយបារម្ភពីនាងខ្ញុំ…”។
អ្នកនាង ខាត់ សុឃីម បាននិយាយក្នុងវីដេអូនោះថា “ជម្រាបសួរ បងប្អូនទាំងអស់គ្នាជាទីគោរព! ថ្ងៃនេះ នាងខ្ញុំ ខាត់ សុឃីម គឺជាតារាចម្រៀង សិល្បការិនីដែលបងប្អូនស្គាល់ហើយ ខ្ញុំគឺជាអ្នកចម្រៀងបែបបុរាណផង សម័យផង ក៏ដូចជាពិធីមង្គលការ រកស៊ីអីខ្លះអ៊ីចឹងទៅ ហើយមួយរយៈនេះ ឃើញបងប្អូនទាំងអស់គ្នា មានការតេនិងឆាតមកសួរនាំខ្ញុំច្រើន ពាក់ព័ន្ធជាមួយការបង្ហោះរបស់ខ្ញុំមួយ ដែលការបង្ហោះនោះ គឺខ្ញុំបង្ហោះជាទូទៅ ពាក់ព័ន្ធនឹងសង្គមជាតិរបស់យើង ព្រោះយើងទាំងអស់គ្នា តែងតែឈឺឆ្អាលជាមួយនឹងសង្គមជាតិរបស់យើង ដោយមានការឈ្លានពានពីប្រទេសជិតខាង មកលើប្រទេសយើង អ៊ីចឹងហើយ ទាំងខ្ញុំ ទាំងបងប្អូន គឺមានការឈឺចាប់ ដូចនេះហើយយើងមានការបង្ហោះ ចូលរួមទាំងអស់គ្នា ហើយខ្ញុំក៏ធ្លាប់មានការបាត់អាខោនរបស់ខ្ញុំ ដោយសារការបង្ហោះរបស់ខ្ញុំដែរ ក៏ប៉ុន្តែចៃដន្យអី ខ្ញុំមានសំណាង ខ្ញុំយកមកវិញបាន ហើយក៏មានបងប្អូនមួយចំនួន គាត់ឆាតមកសួរខ្ញុំ ដែលមានការយល់ច្រឡំមកលើផុសមួយ ដែលជាផុសរបស់ខ្ញុំ ហើយផុសនោះ គឺជាក់ស្តែង គឺខ្ញុំផុសជាទូទៅទេ ហើយក៏មានអ្នកយកទៅកាត់ត ខេបសិន (Caption) គឺកាត់តទៅនឹងជាមួយ សារព័ត៌មាន ហើយសារព័ត៌មានហ្នឹង បងប្អូនចូលទៅឆែកមើលទៅ ឃើញហើយ គឺសារព័ត៌មានថ្មីថ្មី ក៏ប៉ុន្តែអាហ្នឹងគឺជាការ (Edit) កាត់តរូបភាពទេ ហើយគេសរសេរថា “សម្តេចតេជោ ព្រមានអ្នកនាង ខាត់ សុឃីម កុំឱ្យញុះញង់ បង្កភាពវឹកវរនៅក្នុងសង្គម បើមិនចង់ជាប់គុក” យី! ដល់ថ្នាក់ហ្នឹងបងប្អូន! ខ្ញុំផុសថា “ចូរយើងជាខ្មែរ ទាំងអស់ រួមគ្នាបង្ហោះសារ ចំណងជើងថា ថៃឈ្លានពានទឹកដីកម្ពុជា ឱ្យបានជាង ១៧លាននាក់” ខ្ញុំផុសហ្នឹង គឺខ្ញុំផុស បន្ទាប់ពីខ្ញុំឃើញពូ សយ សុភាព ក៏គាត់ បង្ហោះ អ្នកផ្សេងៗក៏គាត់បង្ហោះ ហើយខ្ញុំ ចិត្តខ្ញុំក៏ខ្ញុំបង្ហោះដែរ ដោយសារតែមានខេបសិន (Caption) មួយនេះហើយ ទើបធ្វើឱ្យមានអ្នកយកខ្ញុំ ទៅលាបពណ៌ ដោយចោទបែបអ៊ីចឹង…”។

អ្នកនាង ខាត់ សុឃីម បានបន្តថា “ខ្ញុំចង់និយាយទៅកាន់បងប្អូនទាំងអស់គ្នា មួយចំនួនដែលគាត់ស្រលាញ់ខ្ញុំ ចូលចិត្តខ្ញុំ អ៊ីចឹងគាត់មានការព្រួយបារម្ភ បងប្អូនទាំងអស់គ្នា សម្តេចពុកលោកអត់មានមកគំរាមកំហែង ឬមួយក៏ដាក់សម្ពាធមកលើខ្ញុំអីទេ អាហ្នឹងខ្ញុំនិយាយតាមត្រង់ ដោយសារខ្ញុំ តាំងពីតូច មកដល់ធំ គឺថាខ្ញុំបម្រើបងប្អូនទូទៅ ខ្ញុំនៅតែសំណូមពរឱ្យបងប្អូនទាំងអស់គ្នា និយាយឱ្យត្រង់តែម្តង គឺខ្ញុំណា នៅពេលដែលឃើញបងប្អូន Screenshot មកសួរខ្ញុំ អីៗៗ អ៊ីចេះៗៗ ខ្ញុំមានអារម្មណ៍ថា យី! ម៉េចបានដល់ថ្នាក់ហ្នឹង ទាំងខ្ញុំហ្នឹង អត់ដឹងខ្លួន ក៏ដូចជាការលាបពណ៌មួយនេះ វាធ្ងន់ធ្ងរខ្លាំងពេក បងប្អូនណា នៅពេលដែលគាត់សួរខ្ញុំ ១-២-៣-៤ រហូតមកដល់ខ្ញុំទុកដល់ពេលវេលារាងយូរដែរ មកដល់ថ្មើរនេះ ដាច់ខាតខ្ញុំត្រូវតែចេញនិយាយ ដើម្បីកុំឱ្យបងប្អូន មាន ការយល់ច្រឡំ គឺយល់ច្រឡំ មិនត្រឹមតែយល់ច្រឡំធម្មតាទេ គឺយល់ច្រឡំដល់ថ្នាក់ដឹកនាំទៀត ហើយខ្ញុំមិនចង់ឱ្យបងប្អូនទាំងអស់គ្នា បែកបាក់សាមគ្គីគ្នាទេ ខ្ញុំឃើញតាំងពីមានចោរឈ្លានពានប្រទេសយើងមក បងប្អូនអើយ! ខ្ញុំឃើញបងប្អូនស្រលាញ់គ្នា រាប់អានគ្នា ខ្ញុំឃើញផ្ទាល់ហ្នឹងភ្នែក អារម្មណ៍ខ្ញុំ ឱ្យដឹងថា ប្រទេសកម្ពុជា របស់យើង គឺមានតែ១៧លាននាក់ជាងមែន ក៏ប៉ុន្តែគឺពួកយើងសហការគ្នា ស្រលាញ់គ្នា រួបរួមសាមគ្គីគ្នា ជឿជាក់លើថ្នាក់ដឹកនាំ គឺខ្លាំងមែនទែន…”។

អ្នកនាង ខាត់ សុឃីម បានបន្តទៀតថា “អ៊ីចឹងហើយ ខ្ញុំនៅតែសំណូមពរឱ្យបងប្អូនទាំងអស់គ្នា រួបរួមគ្នា បង ប្អូន ដើម្បីជាធ្លុងមួយ ជួយដល់សង្គមជាតិរបស់យើង ទោះបីយើងអត់មានលុយជួយគាត់ ឬមួយក៏អត់មានអ្វីដែលហៅថា រឿងដុំកំភួនជួយ ក៏ប៉ុន្តែយើងត្រឹមតែសហការគ្នា ស្រលាញ់គ្នា សាមគ្គីគ្នានេះ គឺល្អបំផុតហើយ ដូចបងប្អូនទាំងអស់គ្នា ដឹងស្រាប់ហើយ សិល្បៈខ្មែររបស់យើង រីកលូតលាស់បាន ដោយសារតែជីវភាពរបស់ប្រជាជនទូទៅដែរ បើសិនជាសិល្បៈខ្មែរយើង ល្អមែន មានសមត្ថភាពមែន តែជីវភាពប្រជាជនយើងទូទៅ អត់មានលទ្ធភាពជួលទេ ក៏យើងមិនដឹងថា រីកចម្រើនបានយ៉ាងម៉េច? នាងខ្ញុំបានរីកចម្រើនមកទល់សព្វថ្ងៃនេះ ដោយសារតែមានបងប្អូន ទស្សនិកជន បានគាំទ្រ ហើយជាពិសេសទៀត គឺគាំទ្រនូវអ្វីដែលខ្មែរយើង និងគាំទ្រនូវអ្វីដែលខាត់ សុឃីម បានធ្វើ តាំងពីដើមមក រហូតដល់ពេលនេះ ថ្ងៃនេះ ខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នា សូមឱ្យបងប្អូន មានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស នាងខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំ សូមជូនពរឱ្យលោកមានសុខភាពល្អ ដឹកនាំនាវាកម្ពុជា ឱ្យបានដល់ត្រើយសុភមង្គល! ជូនពរបងប្អូន ឱ្យមានសុខភាពល្អ ហើយខ្ញុំស្រលាញ់បងប្អូនទាំងអស់គ្នា គោរពបងប្អូនទាំងអស់គ្នា…”៕ ដារិទ្ធ
