Monday, January 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអូនម៉ាស្សា បងស្រួលមួយភ្លែត ១៤០០ដុល្លារ ក្លាយជាលុយខ្មោច

អូនម៉ាស្សា បងស្រួលមួយភ្លែត ១៤០០ដុល្លារ ក្លាយជាលុយខ្មោច

ភ្នំពេញ ៖ បុរសម្នាក់ បានចូលទៅរកសេវាកោសជប់ ម៉ាស្សា នៅហាងម៉ាស្សា មួយកន្លែង លុះចូលទៅដល់ ត្រូវនារីម៉ាស្សា តម្រូវឱ្យដោះខោអាវ និងកាបូបលុយ ដាក់ទុកក្នុងថតទូ ក្នុងហាង ដើម្បីសុវត្ថិភាព លុះពេលចេញមកវិញ ពិនិត្យមើលកាបូបលុយ ស្រាប់តែបាត់ប្រាក់ដុល្លារចំនួន១៤០០ដុល្លារ ឃើញលុយខ្មោចទៅវិញ ជាហេតុធ្វើឱ្យជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ប្តឹងកម្លាំងជំនាញអាវុធហត្ថ ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនម្ចាស់ផ្ទះ និងនារីម៉ាស្សាសរុបចំនួន ៧នាក់ នាំយកទៅសាកសួរ។

ករណីនារីម៉ាស្សា លួចបន្លំយកលុយភ្ញៀវនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា មួយកន្លែង យីហោ ម៉ាស្សាបែបបុរាណ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ រហូតមកដល់វេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ទើបកម្លាំងជំនាញអាវុធហត្ថ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៧នាក់ (ប្រុស២ ស្រី៥)។

ជនរងគ្រោះដែលត្រូវនារីម៉ាស្សា បន្លំលួចយកលុយ អស់ចំនួន១៤០០ដុល្លារនោះ មិនត្រូវបានស្គាល់អត្ត សញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន និងជាជនពិការ (គថ្លង់)។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខណ្ឌចម្ការមន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ ជាជនជាតិចិន ដែលជាមនុស្សគថ្លង់ខាងលើ បានចូលទៅរកសេវាម៉ាស្សា នៅទីតាំងហាងម៉ាស្សា យីហោ «ម៉ាស្សាបែបបុរាណ» ខាងលើ។ នៅពេលចូលទៅដល់ នារីម៉ាស្សានៅក្នុងហាង បានណែនាំឱ្យជនរងគ្រោះ ដោះសម្លៀកបំពាក់ និងទុករបស់មានតម្លៃ នៅក្នុងថតទូសុវត្ថិភាព ១កន្លែង ដោយមានសោចាក់ពីក្រៅ និងប្រគល់ឱ្យជនរងគ្រោះ ជាអ្នកកាន់សោទៀតផង រួចចូលទៅម៉ាស្សា តាមធម្មតា។

ប្រភពដដែល បន្តថា លុះក្រោយពីម៉ាស្សាចប់ ជនរងគ្រោះ បានយកសោទៅបើកថតទូ យកសម្លៀកបំពាក់ មកស្លៀកពាក់ រួចយកកាបូបលុយ និងរបស់របរមានតម្លៃរបស់ខ្លួន មកវិញ ហើយក៏បានចាកចេញពីហាងទៅ។ ស្រាប់តែក្រោយមក ជនរងគ្រោះបើកពិនិត្យមើលកាបូបលុយរបស់ខ្លួន ទើបដឹងថា បានបាត់លុយ ដល់ទៅ១៤០០ដុល្លារ និងឃើញលុយខ្មោចទៅវិញទើបប្រញាប់ទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីមន្ត្រីជំនាញអាវុធ ហត្ថតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ នៅវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ទើបកម្លាំងជំនាញអាវុធហត្ថ បានឆ្មក់ចុះឡោមព័ទ្ធទីតាំងហាងម៉ាស្សាខាងលើ និងបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៧នាក់ (ប្រុស២ ស្រី៥) ព្រមទាំងបានធ្វើការឆែកឆេរក្នុងហាង បានរកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ១ថង់ខ្មៅ។

ជុំវិញករណីនារីម៉ាស្សា បន្លំលួចលុយភ្ញៀវនេះ ត្រូវបានមន្ត្រីជំនាញ បង្ហើបឱ្យដឹងថា តាមពិត ទូសុវត្ថិភាព ដែលនារីម៉ាស្សា ណែនាំឱ្យភ្ញៀវដាក់សម្លៀកបំពាក់ និងរបស់ទ្រព្យមានតម្លៃ ព្រមទាំងមានសោចាក់ពីក្រៅ ហើយប្រគល់កូនសោ ឱ្យភ្ញៀវកាន់ដោយខ្លួនឯងទៀតនោះ តាមពិតនៅពីខាងក្រោយ ជាជញ្ជាំងជាប់ផ្លូវដើរខាងក្រៅផ្ទះ និងថែមទាំងមានប្រឡោះអាចបើកបានទៀតផង ដែលត្រូវបានក្រុមជនសង្ស័យ ច្នៃធ្វើ ដើម្បីងាយស្រួលលួចលុយ និងទ្រព្យសម្បត្តិមានតម្លៃរបស់ភ្ញៀវ។

ក្រោយកើតហេតុ មន្ត្រីជំនាញអាវុធហត្ថ បាននាំខ្លួនជនសង្ស័យប្រុសស្រី ទាំង៧នាក់ ខាងលើ ទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកផ្ទះម៉ាស្សាខាងលើ ត្រូវបានសមត្ថកិច្ចឃ្លុំបេ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន៕

RELATED ARTICLES