Tuesday, January 27, 2026
Homeតារាខ្មែរមាស សុខសោភា ប្ដីចាស់ឌឺប្ដីថ្មី

មាស សុខសោភា ប្ដីចាស់ឌឺប្ដីថ្មី

ភ្នំពេញ ៖ ថ្មីៗនេះ អតីតប្ដីរបស់មាស សុខសោភា បាននាំប្អូនស្រីលោក ទៅជិះស្គី លើភ្នំទឹកកកមួយ នៅប្រ ទេសបារាំង ហើយនៅពេលអ្នកសិល្បៈស្និទ្ធស្នាលលោក និង Fan សួរថាតើលោកកំពុងសប្បាយនៅឯណា? លោកបានឆ្លើយតបទៅគ្រប់ម្ចាស់សំណួរថា នៅ «ភ្នំត្បែង»  ហើយពេលគេខម្មិនថា ប្រយ័ត្នតាសក់សភ្នំត្បែង ខឹង លោករ៉ាដា ឆ្លើយបែបឌឺទៅប្តីថ្មីរបស់ប្រពន្ធលោកថា គាត់កំពុងរវល់សង្រ្គោះពិភពលោកទៅវិញ ។ អតីតប្ដីមាស សុខសោភា អះអាងដែរថា ពេលនេះលោកនៅលីវ ១០០% មិនទាន់មានគូស្នេហ៍ថ្មីទេ ហើយលោករវល់ គ្មានពេលទៅសមាធិនៅភ្នំត្បែង ឡើយ ។

លោកអ៊ិត រ៉ាដា និងនារីដែលលោកអះអាងថាជាប្អូនស្រីពៅ

មាស សុខសោភា បានចែកផ្លូវជាមួយអតីតប្ដី លោកអ៊ិត រ៉ាដា ជិត១ឆ្នាំហើយ ក្រោយអ្នកទាំងពីរ រួមរស់ជាមួយគ្នា ១៨ឆ្នាំ (២០០៧-២០២៥) និងរៀបការ ២ដង គឺឆ្នាំ២០០៨ ការតាមបែបគ្រិស្ទាន នៅព្រះវិហារមួយ ក្នុងប្រទេសកាណាដា និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ រៀបការតាមប្រពៃណីខ្មែរ បែបលាក់លៀម នៅស្រុកខ្មែរ តែលុបចោលគម្រោងរៀបការជាសាធារណៈ កាលពីឆ្នាំ២០២១ ។ ចំណងស្នេហាសុខសោភា និងអាណិកកជនខ្មែរនៅកាណាដា លោករ៉ាដា ត្រូវបានបញ្ចប់កណ្ដាលផ្លូវបែបនេះ ដោយសាតែសោភា ជ្រើសប្ដីថ្មី ជាតាបស នៅភ្នំត្បែង ខេត្តព្រះវិហារ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ដែលពិការដៃម្ខាង ហើយចំណងស្នេហានេះ ត្រូវបានគេខ្សឹបខ្សៀវថា ព្រោះសោភា ត្រូវអាគមស្នេហ៍របស់តាសក់សភ្នំត្បែង ព្រមទាំងមានតារាខ្លះ កំពុងរកវិធីសង្គ្រោះនាងចេញពីប្ដីថ្មីនេះ ឲ្យមកដូចដើមវិញទៀតផង។ ប៉ុន្ដែសោភា បានប្រតិកម្ម និងការពារប្ដីថ្មីថា មិនបានដាក់ស្នេហ៍លើនាង ដូចគេចោទទេ គឺស្នេហានេះចេញពីបេះដូង ហើយនាងថែមទាំងសួរច្រាសទៅអ្នកចោទថា បើនាងត្រូវអាគមស្នេហ៍លោកតាសក់សភ្នំត្បែង នោះវិញថា «តើរាល់ថ្ងៃ នាងមាន Fan រាប់លាននាក់នោះ នាងដាក់ស្នេហ៍ដែរមែន?»។ នាងថា អ្នកដែលមិនពេញចិត្តប្ដីថ្មីនាង សូមលែងធ្វើជាអ្នកគាំទ្រនាងទៀតទៅ នាងមិនត្រូវការ Fan ធុនហ្នឹងទេ …។

ប្រភពថា អតីតប្ដីមាស សុខសោភា លោកអ៊ិត រ៉ាដា នៅតែស្ដាយស្នេហ៍ចាស់ ហើយចង់វិលទៅរកភាពផ្អែមល្ហែមស្នេហ៍ដូចដើម ទើបលោកមិនព្រមរកស្រីស្នេហ៍ថ្មី មកព្យាបាលបេះដូងជំនួសសុខសោភា ជិត១ឆ្នាំមកនេះ។ លោករ៉ាដា ថែមទាំងរក្សាទុករូបភាពចំណងស្នេហាលោកស្អិតល្មូតជាមួយសុខសោភា ទាំងអស់ ដែលផ្ទុយពីគូស្នេហ៍ភាគច្រើន ពេលបែកបាក់គ្នា ពួកគេតែងតែបំផ្លាញអនុស្សាវរីយ៍ចាស់ ដើម្បីកុំឲ្យជាប់ស្រមោល ។ ប៉ុន្ដែសុខសោភា បានប្រកាសជាសាធារណៈរួចទៅហើយ តាំងពីបែកបាក់ប្ដីចាស់នេះភ្លាមៗថា ទោះជានៅលើភពផែនដីនេះ មានមនុស្សប្រុសតែម្នាក់ គឺលោកអ៊ិត រ៉ាដា នេះ ក៏នាងមិនព្រមយកធ្វើប្ដីវិញជាដាច់ខាត ។ សុខសោភា ថែមទាំងដៀលអតីតប្ដីកប់ៗមាត់ទៀតផង ថាជាមនុស្សប្រុសមិនបានការ មិនចេះធ្វើការងាររកស៊ីអីទេ  រស់ដោយសារតែដេកចាយលុយនាង ជាង១០ឆ្នាំហើយ …។

 មានការកត់សម្គាល់ថា មាស សុខសោភា នៅដើមឆ្នាំ២០២៦ នេះ នាងបានចេញច្រៀងតាមឆាកនានាវិញ ជាមួយរូបរាងប្រែប្រួលខុសពីមុន ពោលគឺរាងមានព្រលឹង និងបែកសាច់បន្ដិច ពេលខ្លះស្លៀកឈុតស្ដើងៗ ឃើញក្បាលពោះ ធ្វើឲ្យគេសង្ស័យថា នាងកំពុងពពោះកូនដំបូង ជាតំណក់ឈាមប្តីថ្មី តាសក់សភ្នំត្បែង ទៀតផង។ អ្វីដែលគួរឲ្យកត់សម្គាល់គ្រាន់តែចុះពីលើឆាកតន្រ្ដីភ្លាម សុខសោភា បានប្រញាប់ជិះរថយន្ដជាមួយប្ដី ចម្ងាយដល់ទៅ៣០០គីឡូម៉ែត្រ ទៅធ្វើសមាធិ នៅរូងភ្នំត្បែង ខេត្តព្រះវិហារ និងថែមទាំងអំពាវនាវឲ្យអ្នកណាទំនេរពីការងារ ទៅសមាធិដូចនាងទៀតផង ។

តាមប្រភពថា ប្ដីថ្មីរបស់សុខសោភា លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង កំពុងរៀបផែនការដ៍ធំមួយ នៅឆ្នាំ២០២៦ គឺធ្វើប្រាសាទមួយ នៅភ្នំត្បែង ដើម្បីឲ្យលោកនិងសុខសោភា ស្នាក់នៅទីនោះជាប្រចាំ ងាយ ស្រួលធ្វើសមាធិរួមគ្នា ។ គេជឿថា ពេលសោភា និងប្តីថ្មី សាងសង់ប្រាសាទទ្រនំស្នេហ៍ លើភ្នំត្បែង រួចរាល់ នោះតារាៗដែលគ្រោងទាញនាងចេញពីតាសក់សភ្នំត្បែង ដោយសំអាងថា នាងត្រូវអំពើ ឬអាគមស្នេហ៍តាបសនោះ គឺប្រាកដផែនការនេះពិបាកនឹងទៅរួច៕

RELATED ARTICLES