Thursday, January 29, 2026
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ខួបកំណើត២៦ឆ្នាំ ចំខួបច្រៀង១០ឆ្នាំ

រ៉េត ស៊ូហ្សាណា ខួបកំណើត២៦ឆ្នាំ ចំខួបច្រៀង១០ឆ្នាំ

ភ្នំពេញ ៖ រ៉េត ស៊ូហ្សាណា បានធ្វើខួបកំណើតគម្រប់២៦ឆ្នាំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តែពិធីនេះបែបស្ងប់ស្ងាត់ជាងឆ្នាំមុនៗ គ្មានការជួបជុំទ្រង់ទ្រាយធំ ដូចតារារួមទ្រនំលោក វណ្ណដា ដែលបានធ្វើខួបគម្រប់ ២៩ឆ្នាំ កាលពីថ្ងៃទី២២ខែមករា នោះទេ ។  ស៊ូហ្សាណា បានហៅខ្លួនឯងនៅថ្ងៃខួបឆ្នាំនេះថា ជានារីមានថាមពល (Birthday Girl Energy ) ខណៈដែលខួបកំណើតនាង ឆ្នាំ២០២៦ គឺចំខួប១០ឆ្នាំ (២០១៦-២០២៦) ដែលនាងបានប្រឡូកក្នុងវិស័យសិល្បៈដែរ ដោយស្រីស្រស់ថា ពេលវេលាពិតជាដើរលឿនណាស់ ហើយនាងអរគុណអ្នកដែលរួមតំណើរជាមួយនាង ១ទសវត្ស និងសន្យាថា មានរឿងជាច្រើនទៀតត្រូវ Surprise ផងដែរ ។

ផលិតកម្មបារមី បានចេញសាររីករាយថ្ងៃខួបកំណើត របស់រ៉េត ស៊ូហ្សាណា និងខួបគម្រប់ ១០ឆ្នាំ ក្នុងអាជីពចម្រៀងរបស់នាង ប៉ុន្ដែតារាចម្រៀង យូហៃ ដែលកន្លងមកធ្លាប់តែបង្ហាញកាយវិការស្និទ្ធស្នេហ៍នាង រហូតត្រូវគេសង្ស័យថា អ្នកទាំងពីរមានទំនាក់ទំនងគ្នា លើសពីធម្មតា នោះមិនទាន់បានចេញសារជូនពរ ឬបង្អួតកាដូជូនស្រីស្អាតរូបនេះទេ គិតត្រឹមរសៀលថ្ងៃទី២៨ ខែមករា ខណៈដែល Fan ជាច្រើន បានចេញសារជូនពរហ្សាណា ឲ្យកាន់តែជោគជ័យលើវិថីចម្រៀង និងសម្រស់ក្មេងជាងវ័យ ។

 រ៉េត ស៊ូហ្សាណា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានច្រៀងឲ្យហង្សមាស ៨ឆ្នាំ (២០១៦ -២០២៤) ខណៈដែលជ្រកនៅទ្រនំថ្មី ផលិតកម្មបារមី ជាង១ឆ្នាំ នាងមិនសូវមានបទល្បីល្បាញដូចមុនទេ ប៉ុន្ដែបានធ្វើនូវអ្វីដែលខ្លួនស្រលាញ់ ព្រោះថៅកែថ្មីផ្ដល់សិទ្ធិឲ្យនាងអាចនិពន្ធទំនុកច្រៀង និង Melody រួមទាំងធ្វើជាអ្នកដឹកនាំ (Director) MV ដោយខ្លួនឯង។ ក្រោយជ្រកនៅបារមី ស៊ូហ្សាណា ធ្លាប់បានចេញទៅច្រៀងសម្ដែងនៅប្រទេសអាមេរិក និងបារាំង ផងដែរ ប៉ុន្ដែអ្វីដែល Fan ទន្ទឹងរង់ចាំឡើងផ្សាភ្នែកទៅហើយ ព្រោះពួកគេចង់ឃើញនាងចាប់ដៃតារារ៉េប វណ្ណដា ដើម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រួលនោះ ពេលនេះនាងនៅតែមិនទាន់ក្លាយទៅជាដៃគូតារាលេងសាក់ វណ្ណដា ឡើយ ប៉ុន្ដែបែជាងាកទៅចាប់ដៃជាមួយលោកយូហៃ មុនទៅវិញ។

ប្រភពថា រ៉េត ស៊ូហ្សាណា ជារៀងរាល់ឆ្នាំ នាងធ្វើខួបកំណើតជាលក្ខណៈគ្រួសារ និងពេលខ្លះទៅធ្វើនៅមណ្ឌលកុមារកំព្រា ចែករំលែកក្ដីស្រលាញ់ ប៉ុន្ដែឆ្នាំនេះ នាងបែជាធ្វើខួបកំណើតស្ងាត់ៗ តែបញ្ចេញស្ទីលថ្មី ក្នុងការលេងសម្រស់បែបធម្មជាតិ ព្រោះវ័យនេះកំពុងស្អាត ។  មានការកត់សម្គាល់ដែរថា ក្នុងអាជីពចម្រៀង ១០ឆ្នាំ ស៊ូហ្សាណា មិនធ្លាប់មានរឿងអាស្រូវស្នេហាទេ បើទោះអំឡុងច្រៀងនៅហង្សមាស នាងបានផ្សារភ្ជាប់ទៅនឹងព័ត៌មានជាច្រើនផ្សាយថា នាងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយលោកសុវត្ថិ មុនីនាគ កូនទី២ លោកឧកញ៉ា ព្រាប សុវត្ថិ ប៉ុន្ដែតាំងពីឆ្នាំ២០២២ មកពួកគេលែងបង្ហាញមុខរួមគ្នាទៀត ក្រោយលោកស្រី ឡុង ស្រីមុំ ភរិយាលោកសុវត្ថិ ប្រកាសថា មុនីនាគ គ្មានទំនាក់ទំនងស្នេហាជាមួយហ្សាណា ។ ពេលនេះ បុរសដែលអាចស្និទ្ធស្នេហ៍ជាមួយហ្សាណា បាន គឺមានតែលោក យូ ហៃ ម្នាក់ប៉ុណ្ណោះដែលម្ដាយនាងគ្មានការរឹតត្បិតដូចជាមួយតារាប្រុសផ្សេងៗទៀតឡើយ ។ ប៉ុន្តែហ្សាណា ដែលមានសម្រស់គួរឲ្យទាក់ទាញ មានជម្រើសស្នេហា ច្រើននោះ មិនដែលចេញមុខនិយាយពីទំនាក់ទំនងជាមួយយូហៃ នោះទេ បើទោះជាអ្នកគាំទ្រ តែងតែលើក ឡើងថា ដៃគូថ្មីរបស់នាងម្នាក់នេះ កំពុងដើរតួជំនួសមុនីនាគ បានក៏ដោយ ៕

RELATED ARTICLES