Friday, March 7, 2025
Homeព័ត៌មានជាតិប្តី​ស្រវឹង​ខឹង​ប្រពន្ធ​ផឹក​ស្រា ទាញ​កាំ​ភ្លើង​អាកា​បាញ់​៥គ្រាប់

ប្តី​ស្រវឹង​ខឹង​ប្រពន្ធ​ផឹក​ស្រា ទាញ​កាំ​ភ្លើង​អាកា​បាញ់​៥គ្រាប់

ភ្នំពេញ ៖ មន្ត្រីនគរបាលមួយរូប ក្រោយពីផឹកស្រាស្រវឹង បើករថយន្តត្រឡប់មកដល់ផ្ទះ វិញ ឃើញប្រពន្ធទើបនឹងដើរចេញពីវង់ផឹកស៊ី នៅក្បែរផ្ទះ ក៏ផ្ទុះកំហឹងទាញកាំភ្លើងអាកាចេញ ពីក្នុងរថយន្ត បាញ់ឡើងទៅលើមេឃចំនួន៥គ្រាប់ បង្កឱ្កម្យានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ២៦៤ ក្នុងបុរីសម្បត្តិ- មានហេង ក្រុមទី១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាល ដែលបាញ់បោះសេរីរូបនេះ មានឈ្មោះស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ បម្រើ ការនៅនាយកដ្ឋានស្ថិតិនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ ២៦៤ ផ្លូវលេខ៣ បុរីសម្បត្តិមានហេង ស្ថិត ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញបុរសជា ខ្មាន់កាំភ្លើងខាងលើ បានអង្គុយផឹកស្រាជុំមិត្ត- ភក្តិ ២-៣នាក់នៅក្នុងផ្ទះរបស់ខ្លួន លុះក្រោយ ពេលផឹកស្រាស្រវឹងស្រឿងៗក៏នាំគ្នាបើករថយន្ត មួយគ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ស ពាក់ ស្លាកលេខ នគរបាល ២-៧៧៦៨ ចេញទៅ ក្រៅបាត់រហូតមកដល់ម៉ោងកើតហេតុខាងលើ ខណៈដែលបើករថយន្តត្រឡប់មកផ្ទះវិញ ស្រាប់ តែប្រទះឃើញប្រពន្ធកំពុងផឹកស៊ីជាមួយអ្នក ជិតខាង ក៏កើតមានកំហឹងហៅប្រពន្ធមកសាក- សួរ រួចកើតមានទំនាស់ពាក្យសម្តីនឹងគ្នា។ បន្ទាប់ មក ជនបង្កហេតុជាខ្មាន់កាំភ្លើងបានទាញកាំភ្លើង ម៉ាកអាកា៤៧ ចេញពីក្នុងរថយន្តរបស់ខ្លួន រួច បាញ់ឡើងទៅលើមេឃចំនួន៥គ្រាប់ផ្ទួនៗ បង្ក ឱ្យមានការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ តែម្តង។ លុះបាញ់បោះសេរីរួច ជនបង្កហេតុ ជាខ្មាន់កាំភ្លើងបានឡើងបើករថយន្តរបស់ខ្លួន ចាកចេញគេចខ្លួនបាត់ស្រមោលតែម្តង។

ចំណែកស្ត្រីជាប្រពន្ធជនបង្កហេតុជាខ្មាន់ កាំភ្លើង បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ នាងត្រូវអ្នកជិតខាងហៅហូបចុកជុំ គ្នាបន្តិចបន្តួច ស្រាប់តែពេលនាងកំពុងហូបចុក បានបន្តិច ក៏ឃើញប្តីបើករថយន្តចូលមកដល់ ទើបរត់មកផ្ទះវិញ។ នៅពេលមកដល់ ប្តីក៏សួរ នាងថា មានបានផឹកស្រាឬអត់? នាងក៏ឆ្លើយ តាមត្រង់ថា ផឹកដែរតែផឹកបន្តិចប៉ុណ្ណោះ ព្រោះ អ្នកជិតខាងហៅពេក ស្រាប់តែប្តីច្រឡោតខឹង ទាញកាំភ្លើងអាកា៤៧ ចេញពីក្នុងរថយន្តបាញ់រះ មុខផ្ទះផ្អើលតែម្តង ទើបបើករថយន្តចេញទៅ បាត់។

ស្ត្រីជាប្រពន្ធជនបង្កហេតុ បញ្ជាក់ថា នាង ពិតជាត្រូវអ្នកជិតខាងបបួលឱ្យទៅញ៉ាំអីនៅ ផ្ទះគេប្រាកដមែន តែនាងមិនបានផឹកស្រវឹង នោះទេ ព្រោះនាងមិនសូវចេះផឹកឡើយ ហើយ ពេលអ្នកជិតខាងហៅនោះ នាងក៏មិនចង់ទៅ ដែរ តែនឹកឃើញថា ជាអ្នកជិតខាងឃើញមុខ គ្នារាល់ថ្ងៃក៏ទៅហូបចុកបន្តិច ស្រាប់តែចៃដន្យ អីប្តីមកទាន់ ក៏កើតរឿងបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត- រាគមន៍ដល់ទីតាំងកើតហេតុ និងបានរកឃើញ សម្បកគ្រាប់កាំភ្លើង ម៉ាកអាកា៤៧ចំនួន៥គ្រាប់ នៅខាងមុខផ្ទះរបស់ជនបង្កហេតុ ប៉ុន្តែជនបង្កហេតុបានរត់គេចខ្លួនបាត់ទៅហើយ។

ក្រោយកើតមានហេតុការណ៍បាញ់បោះ សេរីខាងលើរួចមក នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍នេត សា- វឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជា ឱ្យស្នងការនគរបាលរាជធានីភ្នំពេញ សហការ ជាមួយអង្គភាពសាមីដែលជនបង្កហេតុជាខ្មាន់កាំភ្លើងបាញ់បោះសេរីបម្រើការងារ តាមចាប់ ខ្លួនជនបង្កហេតុនាំយកមកចាត់ការតាមច្បាប់ ឱ្យបាន មិនឱ្យរួចខ្លួននោះទេ។

រហូតមកដល់រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដដែលនោះ ជនបង្កហេតុជាខ្មាន់ កាំភ្លើងឈ្មោះស្វាយ ពិសិដ្ឋ បានចូលខ្លួនមក សារភាពនៅអង្គភាពអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងត្រូវបានសាមីអង្គភាព បញ្ជូនខ្លួនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បី ធ្វើការសាកសួរតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនជាខ្មាន់កាំភ្លើង ឈ្មោះស្វាយ ពិសិដ្ឋ បានសារភាពថា ខ្លួនពិត ជាបានបាញ់បោះសេរីប្រាកដមែន ដោយដំបូង ឡើយ ខ្លួន និងមិត្តភក្តិបានជួបជុំផឹកស៊ីនៅផ្ទះ និងបានហៅប្រពន្ធចូលរួមដែរ តែប្រពន្ធប្រកែក ថាមិនផឹកទេ ព្រោះមិនសូវស្រួលខ្លួន ចំណែក ខ្លួនក៏មិនថាអីដែរ ក៏ផឹកជាមួយមិត្តភក្តិអស់ ស្រាបៀរ១កេស ទើបបើករថយន្តចេញទៅ ក្រៅមួយសន្ទុះ។ លុះពេលបើករថយន្តត្រឡប់ មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធនៅផ្ទះអ្នក ជិតខាង និងកំពុងជួបជុំគ្នាផឹកស៊ីដែរ ទើបធ្វើ ឱ្យរូបគេដែលកំពុងស្រវឹងស្រាផង ផ្ទុះកំហឹងក៏ ទាញកាំភ្លើងបាញ់ឡើងលើតែម្តង តែមិនចាំថា បាញ់ប៉ុន្មានគ្រាប់នោះទេ រួចទើបបើករថយន្ត ចាកចេញពីផ្ទះជាលើកទី២។ បន្ទាប់មក នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ខ្លួនក៏បានចូល ខ្លួនសារភាពទោសកំហុសនៅចំពោះមុខអង្គ- ភាពតែម្តង។

ជុំវិញករណីបាញ់បោះសេរីខាងលើនេះ សមត្ថកិច្ចនៅរង់ចាំឆ្លងយោបល់ទៅអគ្គស្នងការនគរបាលរាជធានីភ្នំពេញ តើត្រូវរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ឬត្រូវបញ្ជូនទៅអគ្គស្នងការដ្ឋាន ដើម្បីដាក់ទណ្ឌកម្មវិន័យ៕

RELATED ARTICLES