ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ១ក្រុម បានធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យពេញដងផ្លូវ និងថែមទាំងមានបក្ខពួកជិះម៉ូតូប្រដេញតាមថតសកម្មភាព ដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនបានចំនួន ២នាក់ យកមកអប់រំណែនាំ និងចាប់កោរសក់ពុះជើងក្អែក ជាការព្រមាន។

ការបង្ក្រាបក្មេងទំនើបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។
ក្មេងទំនើងទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឈន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្នល់ ឃុំព្រះខែ ស្រុកបសេដ្ឋ (ជាអ្នកធ្វើសកម្មភាពបង្ហោះម៉ូតូ) និងទី២-ឈ្មោះរឹម បូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ (ជាអ្នកចូលរួមជិះម៉ូតូតាមបិទគូទ ថតវីដេអូ យកមកបង្ហោះ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លើករណីបង្ក្រាបក្រុមក្មេងទំនើងដែលមាននិស្ស័យចូលចិត្តបង្ហោះម៉ូតូ តាមផ្លូវសារធាណៈ ដោយមិនលើកលែងបន្ធូរដៃជាដាច់ខាត ទើបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរ បាលបានឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LF-9255 នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា ក្រុមក្មេងទំនើងជាមុខសញ្ញាដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះឈន សំណាង (ជាអ្នកធ្វើសកម្មភាពបង្ហោះម៉ូតូ) និង២-ឈ្មោះរឹម បូរ៉ា (ជាអ្នកចូលរួមជិះម៉ូតូតាមបិទគូទ ថតវីដេអូ យកមកបង្ហោះ)។
នៅចំពោះមខុសមត្ថកិច្ច មុខសញ្ញាក្មេងទំនើងទាំង២នាក់ បានទទួលស្គាល់ថា ពួកគេពិតបានធ្វើសកម្មភាពបែបនេះប្រាកដមែន។

ចំពោះវិធានការ ១-កោសក់ក្បាល ២-ឱ្យធ្វើសកម្មភាពត្រាប់ និងពលកម្ម ៣-អញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំ ទទួលយកការសុំទោស និង៤-ដកហូតមធ្យោបាយម៉ូតូរក្សាទុករយៈពេល ៩០ថ្ងៃ ឬ/លើសពីនេះ ករណីពាក់ព័ន្ធបទល្មើសផ្សេងទៀត អនុវត្តតាមនីតិវិធី៕

