ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏ត្រឡប់មកផ្ទះវិញ ស្រាប់ តែត្រូវប្រពន្ធស្តីបន្ទោសពីរឿងដើរលេងផឹកស៊ី មិនខ្វល់ពីគ្រួសារ ស្រាប់តែបុរសជាប្តីតូចចិត្ត តូចថ្លើម ក៏រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ ព្រៃខ្ញែ ឃុំវាល ស្រុកគងពិសី។
បុរសគំនិតខ្លីដែលតូចចិត្តប្រពន្ធស្តីបន្ទោស ចងកធ្វើអត្តឃាតនោះ មានឈ្មោះប៊ុន ហេង អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្តីរបស់ នាងបានចេញទៅជួបជុំផឹកស៊ីនៅផ្ទះមិត្តភក្តិ ជាមួយនឹងពួកម៉ាកបនភឿនប្រមាណ១០នាក់ ទៀត លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ទើប ត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះ ដោយ នាងខឹងពេក ក៏ស្តីបន្ទោសប្តី២-៣ម៉ាត់ ពីរឿង ដែលប្តីចូលចិត្តដើរផឹកស៊ី ដោយមិនសូវជួយ ទុក្ខធុរៈការងារក្នុងគ្រួសារ ធ្វើឱ្យនាងរ៉ាប់រងតែ ម្នាក់ឯង ទើបនាងមួម៉ៅពេក ក៏ស្តីបន្ទោសប្តី ដើម្បីរំសាយកំហឹងទៅ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅពេល ដែលនាងស្តីបន្ទោសនោះ ប្តីទំនងជាដឹងខ្លួនខុស ដែរ ទើបមិនមាត់កតបតនាងវិញនោះទេ លុះ ក្រោយមក ក៏ចុះទៅក្រោមផ្ទះបាត់ទៅ ចំណែក នាងនៅលើផ្ទះរៀបចំដាំបាយហូប។ លុះបាយ ឆ្អិន ក៏ចុះទៅហៅប្តីមកហូបបាយជុំគ្នា ស្រាប់តែ ចុះទៅដល់ក៏ប្រទះឃើញប្តីបានចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោហៅអ្នកជិតខាង ឱ្យជួយ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថ- កិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន ដោយប្រើក្រមាចងកភ្ជាប់នឹងធ្នឹមផ្ទះ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕
អ៊ុំ ណូន