Friday, January 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះ១១ល្វែង ភ្លើងឆេះកណ្តាលយប់

ផ្ទះ១១ល្វែង ភ្លើងឆេះកណ្តាលយប់

ខេត្តសៀមរាប ៖ ផ្ទះរបស់អាជីវករ ជាច្រើនល្វែង នៅតាមផ្លូវលោកតាណឺយ ខាងស្តុប ៧មករា ចម្ងាយប្រមាណ ៤០ម៉ែត្រ ជាប់របងសាលាកុមារសុវណ្ណភូមិ ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា រហូតដល់វេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចជំនាញជួយបាញ់ពន្លត់ទាំងស្រុង ដោយប្រើរថយន្តពន្លត់អគ្គិភ័យ អស់ជាច្រើនគ្រឿង។

ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់បានពីមូលហេតុ និងទំហំនៃការខូចខាតទ្រព្យ សម្បត្តិ របស់បងប្អូនអាជីវករ ក្នុងហេតុការណ៍ដ៏អាក្រក់នេះ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា តាមរយៈលេខទូរស័ព្ទបន្ទាន់ Hotline 1296 កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ ដើម្បីសុំកិច្ចអន្តរាគមន៍  ករណីភ្លើងឆេះផ្ទះល្វែង ស្ថិតនៅចំណុចតាមបណ្តោយផ្លូវលោកតាណឺយ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។ ក្នុងករណីនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ធ្វើឱ្យខូចខាតផ្ទះល្វែងជួល  ជាន់ផ្ទាល់ដី សាងសង់ពីថ្ម ប្រក់ដំបូលស័ង្កសី អស់ចំនួន១១ល្វែង និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើ ក៏មានការចូលរួមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នង ការនគរបាលខេត្តសៀមរាប ផងដែរ៕

RELATED ARTICLES