Friday, March 7, 2025
Homeព័ត៌មានជាតិខឹង​អ្នក​ភូមិ​ចោទ​ចេះ​ធ្មប់ ចាក់​សម្លាប់​ប្រពន្ធ

ខឹង​អ្នក​ភូមិ​ចោទ​ចេះ​ធ្មប់ ចាក់​សម្លាប់​ប្រពន្ធ

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងអ្នកភូមិចេះតែចោទប្រកាន់ថាក្រុម គ្រួសាររបស់ខ្លួនចេះអំពើអាបធ្មប់ ក៏ផឹកស្រា ស្រវឹងជោកជាំ រួចពោលពាក្យថាខ្មាសគេពេក ចង់តែសម្លាប់ខ្លួនមួយគ្រួសារឱ្យផុតទេ រួចក៏ ទាញកាំបិតចុងស្រួចចាក់ប្រហារប្រពន្ធទាំងកំរោល បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុក ថាឡាបរិវ៉ាត់។

ជនជាឃាតករដែលចាក់សម្លាប់ប្រពន្ធខ្លួន ឯងនេះ មានឈ្មោះស៊ុត រ៉េត អាយុ៤៤ឆ្នាំ ជា ជនជាតិភាគតិចគួយ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះវឿន ឡី អាយុ៣៩ឆ្នាំ ជាជនជាតិភាគតិចគួយដូចគ្នា និងមានកូនក្នុង បន្ទុក៥នាក់ (ប្រុស៤ ស្រី១) សព្វថ្ងៃស្នាក់នៅ ជុំគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញជន ដៃដល់ជាប្តី បានផឹកស្រាស្រវឹងជោកតាំងពីថ្ងៃ រហូតដល់យប់ឡើង ក៏ឃើញជនដៃដល់ខាងលើ បានរត់ចេញពីក្នុងផ្ទះ និងប្រាប់គេឯងជិតខាង ថាខ្ញុំចាក់សម្លាប់ប្រពន្ធហើយ ធ្វើឱ្យអ្នកភូមិ ផ្អើលឆោឡោស្ទុះទៅមើល ក៏ប្រទះឃើញស្ត្រី រងគ្រោះជាប្រពន្ធ ដេកស្លាប់ក្នុងថ្លុកឈាមបាត់ ទៅហើយ ទើបចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះស៊ុត រ៉េត បានសារភាពថា ខ្លួនពិតជា បានចាក់សម្លាប់ប្រពន្ធ ដោយផ្ទាល់ដៃប្រាកដមែន មូលហេតុដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពេក ម៉្យាងខ្មាសគេឯង ដែលចោទថាគ្រួសារខ្លួនចេះ អំពើអាបធ្មប់ផង។

ជនសង្ស័យជាឃាតករ បានបន្តថា នៅ ក្នុងភូមិនេះ គេគ្រប់គ្នាតែងដៀលត្មិះមកលើ គ្រួសារគាត់ថាចេះអំពើអាបធ្មប់ បង្កឱ្យគេឯង គ្រោះថ្នាក់ ទើបធ្វើឱ្យខ្លួនខ្មាសគេស្ទើរងើបមុខ មិនរួច និងមិនចង់ឃើញមុខអ្នកភូមិទៀត ផង។ នៅមុនពេលកើតហេតុ ដោយសារតែ តូចចិត្តពេក រូបគេបានចេញទៅផឹកស្រាតាំងពី ថ្ងៃរហូតដល់យប់ជ្រៅ។ ក្រោយពីស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ដេកជជែកគ្នាជាមួយ ប្រពន្ធថា នឹងសម្លាប់ខ្លួនទាំងអស់គ្នា ព្រោះមិន អាចរស់នៅក្នុងភូមិនេះបានទៀតទេ ដោយសារ គេចោទថាគ្រួសារយើងចេះធ្មប់ ហើយប្រសិន បើរស់នៅតទៅទៀត ពិតជាខ្មាសគេណាស់។ ភ្លាមនោះខ្លួនហាក់ងងឹតមុខឈឹង និងមិនដឹងជា យ៉ាងម៉េច ក៏ស្ទុះទៅទាញបានកាំបិតចុងស្រួច ចាក់ប្រហារទៅលើប្រពន្ធចំដើមទ្រូង បណ្តាល ឱ្យនាងដេកស្លាប់នៅក្នុងមុងលើគ្រែក្នុងផ្ទះតែ ម្តង។ លុះពេលចាក់សម្លាប់ប្រពន្ធហើយ រូបគេ ក៏ងងឹងមុខលែងដឹងខ្លួនសោះតែម្តង ស្រាប់តែ ពេលភ្ញាក់ដឹងខ្លួន ក៏ឃើញប្អូនថ្លៃចាប់ចង រួច ប្រគល់ទៅឱ្យសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថាស្ត្រី- រងគ្រោះ ទទួលរងការចាក់ប្រហារដោយកាំបិត ចុងស្រួចចំពីលើក្បាលដោះខាងស្តាំ បណ្តាលឱ្យ ស្លាប់ភ្លាមៗតែម្តង។

ជុំវិញករណីខាងលើនេះ ជនសង្ស័យជាប្តី បានសារភាពថា ខ្លួនគឺជាអ្នកសម្លាប់ប្រពន្ធ ផ្ទាល់ដៃ ព្រោះខ្មាសអ្នកភូមិដែលចោទថាគ្រួសារ ខ្លួនចេះអំពើអាបធ្មប់ ប៉ុន្តែតាមការស្រាវជ្រាវ របស់សមត្ថកិច្ច ត្បិតថាមានអ្នកភូមិចោទប្រកាន់ មកលើគ្រួសារខាងលើយ៉ាងណាក្តី ប៉ុន្តែមិនមាន ភ័ស្តុតាងណាមួយសម្រាប់ដាក់បន្ទុកលើក្រុម-គ្រួសារមួយនេះ ថាជាមូលហេតុធ្វើឱ្យអ្នកភូមិ ឈឺឬស្លាប់នោះឡើយ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសព ស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីបងប្អូនជនជាតិភាគតិច៕

RELATED ARTICLES