ខេត្តបាត់ដំបង ៖ អង្គភាពស៊ីម៉ាក់ (CMAC) បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះថៃ ទម្ងន់ធ្ងន់ ២គ្រាប់ នៅតំបន់សមរភូមិព្រំដែនកម្ពុជា-ថៃ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ថា កងកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ (CMAC) បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាម ចំនួន២គ្រាប់ ដែលគ្រាប់បែកទាំងនេះ ផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១ ហើយគ្រាប់ បែកទាំងនេះ បានទម្លាក់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្គ្រាមថៃ ឈ្លានពាន ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-ថៃ។

លោកអគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា អង្គភាពស៊ីម៉ាក់ នឹងបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្មបំផុត ដើម្បីធានាថា គ្រប់តំបន់សមរភូមិទាំងអស់ នឹងប្រែក្លាយជាទីតាំងសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកប ដោយសន្តិភាព៕

