ភ្នំពេញ ៖ ដូចឆ្នាំមុនៗដែរ សម្រាប់ឆ្នាំនេះ ស្វាមីសុគន្ធ និសា លោកចៅ សម្បត្តិ និងនិសា បានធ្វើខួបកំណើតឲ្យលោកស្រី ជិន គីមលីន ម្ដាយនិសា និងម្ដាយក្មេករបស់លោកសម្បត្តិ ។ នេះជាការយកចិត្តទុកដាក់របស់ស្វាមីនិសា ដែលនៅថ្ងៃខួបកំណើតម្ដាយក្មេក កាលពីថ្ងៃទី១ ខែកុម្ភៈ លោកមិនដែលភ្លេច ហើយសកម្មភាពបែបនេះ មិនត្រឹមតែធ្វើឲ្យនិសា សប្បាយចិត្តនោះទេ តែម្ដាយនាង ក៏រំភើបដែរ ព្រោះលោកសម្បត្តិ មិនត្រឹមតែស្រលាញ់ប្រពន្ធទេ ប៉ុន្ដែលោកស្រលាញ់ក្រុមគ្រួសារទាំងមូលរបស់នាងតែម្ដង ដែលរូបភាពបែបនេះ ជាក្ដីប្រាថ្នារបស់ស្រ្ដីទូទៅ ។

សុគន្ធ និសា បានជូនពរម្ដាយនាង ឲ្យមានសុខភាពល្អ មាំមួន សុខសប្បាយ ខណៈម្ដាយនាង ជូនពរនិសា ឲ្យនាងជួបតែសេចក្ដីសុខ សេចក្ដីចម្រើនទាំងអស់គ្នា ការងារតូចធំ ជួបតែអ្នកល្អ អ្នកអាក្រក់បរវៀសចៀសឆ្ងាយ ការងារទាំងឡាយ សូមឲ្យសម្រេចដូចប្រាថ្នា។

ក្រៅពីធ្វើខួបកំណើតជូនម្ដាយក្មេក ស្វាមីសុគន្ធ និសា ក៏តែងតែធ្វើខួបកំណើតឲ្យនិសា រៀងរាល់ថ្ងៃទី១ ខែ ឧសភា និងខួបអាពាហ៍ពិពាហ៍របស់ពួកគេ នៅថ្ងៃទី១ ខែធ្នូ គ្រាន់តែពេលខ្លះ បង្ហាញសកម្មភាពជាសាធារណៈ និងជូនកាលធ្វើពិធីទាំងនោះជាលក្ខណៈឯកជន។

ប្រភពខ្លះថា បើមើលពីខាងក្រៅ សុគន្ធ និសា និងស្វាមី កំពុងរស់នៅដោយសុភមង្គលព្រោះពួកគេមានប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់ ដោយសារតែនិសា នៅតែមានទីផ្សារសិល្បៈល្អដែលអាចរកលុយបានរាប់សិបម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ ខណៈដែលលោកសម្បត្តិ កាន់តួនាទីជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ នៅកម្ពុជា ហេតុនេះអ្នកទាំងពីរ មានប្រភពចំណូលដូចគ្នា ។ ប៉ុន្ដែអ្នកខ្លះបែរជាថា ចំណងស្នេហាសុគន្ធ និសា-ចៅ សម្បត្តិ បែបសោះកក្រោះ ព្រោះរៀបការជិត ៩ឆ្នាំ អត់កូន ១គ្រាប់ ។ ដោយសារតែបញ្ហានេះហើយ ធ្វើឲ្យនិសា បានតាំងចិត្តថា យកកូន តាំងពីឆ្នាំ២០២១ ប៉ុន្ដែពេលនេះ ជាង៤ឆ្នាំទៅហើយ លទ្ធផលពពោះគឺនៅតែសូន្យ ។ ប្រភពខ្លះថា ការពន្យារពេលច្រើនឆ្នាំពេក របស់និសា ព្រោះតែនាងខ្លាចប៉ះពាល់ដល់ការងារសិល្បៈនោះ ទើបធ្វើឲ្យពេលនាងចង់បានកូនមែនទេន ពិបាកបានដូចចិត្ត។

សុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរអាមេរិក លោកចៅ សម្បត្តិ រស់នៅទីក្រុងបូស្តុន (Boston) សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ហើយ៨ឆ្នាំមកនេះ យ៉ាងហោចណាស់ក៏ក្នុង ១ឆ្នាំ នាងត្រូវនាំប្ដី ទៅមើលផ្ទះ នៅអាមេរិក ម្ដងដែរ ពិសេសគឺនៅរដូវធ្លាក់ភ្លៀង ដែលនិសា ស្បើយពីការងារសិល្បៈ។ អ្វីដែលគួរឲ្យកត់សម្គាល់ តាំងពីនិសា រៀបការមកស្វាមីនាង មិនដែលទៅតាមនាង ដល់ឆាកតន្រ្ដី ដូចប្ដីតារាផ្សេងៗទៀតទេ ដែលចំណុចនេះនិសា ធ្លាប់ប្រាប់ថា ដោយសារតែនាងនិងប្ដី មានទំនុកចិត្តគ្នា និងម្យ៉ាងទៀត នាងនិងស្វាមីមានការងារត្រូវធ្វើរៀងៗខ្លួន ។

សូមបញ្ជាក់ថា សុគន្ធ និសា បានដើរចេញពីហង្សមាស លើកទី២ ជិត២ឆ្នាំហើយ ដែលចុងក្រោយនេះ នាងធ្វើបទចម្រៀងដោយខ្លួនឯង និងនៅតែមានទីផ្សារចម្រៀងដដែល ព្រោះចេញមុខជាបន្ដបន្ទាប់ តាមឆាកតន្រ្ដីធំៗ Pub ក្លឹប និងក្រុមហ៊ុន Agency ទាំងឡាយ ។ និសា ដែលឆ្នាំនេះ មានអាយុ៤២ឆ្នាំ ប៉ុន្ដែនៅរក្សាបានរូបរាងស្អាត ស្វែល មិនឡើងគីឡូ ឬបែកសាច់ដូចតារាខ្លះ មានប្ដីហើយ សម្រស់ចាប់ផ្ដើមប្រែប្រួលនោះ ថ្មីៗនេះនាងក៏បាននិយាយលេងសើចថា ៧ឆ្នាំទៀត ពោលគឺនៅពេលនាងមានអាយុ ៤៩ឆ្នាំ ឬនៅឆ្នាំ២០៣៣ គឺនាងពេញស្អាតតែម្ដង ។

អ្នកលេងបណ្ដាញសង្គម បានលើកឡើងថា លោកស្រីជិន គីមលីន ម្ដាយរបស់អ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា អាចនឹងសប្បាយចិត្តលើសកូននិងកូនប្រសា ធ្វើខួបកំណើតឲ្យទៀត ប្រសិនបើនិសា អាចរកបានចៅ ឲ្យគាត់ព ឆាប់ៗនេះ ៕

