ខេត្តស្វាយរៀង ៖ ស្ត្រីវ័យក្មេងមានផ្ទៃពោះម្នាក់ ដោយសារតែជីវភាពខ្សត់ខ្សោយពេក ទើប មិនសូវបានទៅពិនិត្យផ្ទៃពោះបានទៀងទាត់ និងមិនដឹងថា ទារកក្នុងផ្ទៃ គឺជាកូនភ្លោះដល់ ទៅ៣នាក់នោះទេ គ្រាន់តែធ្លាប់យល់សប្តិឃើញ ថា មានមនុស្សម្នាក់ យកចិញ្ចៀនចំនួន៣វង់ មកបំពាក់ឱ្យ ស្រាប់តែពេលសម្រាល ក៏ទទួល បានកូនភ្លោះស្រី រហូតដល់ទៅ៣នាក់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។
ស្ត្រីជាម្តាយវ័យក្មេង ដែលសម្រាលបាន កូនភ្លោះស្រី៣នាក់នោះ មានឈ្មោះចាន់ ឡុងនី អាយុ១៨ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះលី ចិន អាយុ២៣ឆ្នាំ មុខរបរកសិករ សព្វថ្ងៃមាន លំនៅក្នុងភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុក រមាសហែក។ ចំណែកទារិកាភ្លោះទាំង៣នាក់ ដែលទើបនឹងសម្រាលនេះ គឺជាកូនដំបូងរបស់ ក្រុមគ្រួសារខាងលើ។
តាមសម្តីបុរសជាប្តីឈ្មោះលី ចិន បាន រៀបរាប់ទាំងអារម្មណ៍រំភើបប្រាប់ថា គាត់ និងប្រពន្ធទើបនឹងរៀបការជាមួយគ្នា បានរយៈ ពេលជាង១ឆ្នាំប៉ុណ្ណោះ ហើយតាំងពីដឹងថា មានផ្ទៃពោះមកប្តីប្រពន្ធគាត់មិនសូវបានទៅ ពិនិត្យផ្ទៃពោះឱ្យទៀងទាត់តាមការណាត់ជួប របស់ក្រុមគ្រូពេទ្យនោះទេ ដោយសារតែជីវភាព របស់គាត់ជាកសិករក្រីក្រផង ម៉្យាងផ្ទះក៏ឆ្ងាយ ពីមន្ទីរពេទ្យទៀត ទើបចេះតែខកខានទៅពិនិត្យផ្ទៃពោះ និងមិនដឹងសោះថា កូនក្នុងផ្ទៃ គឺជា កូនភ្លោះដល់ទៅ៣នាក់បែបនេះទេ។
បុរសជាប្តីបន្តថា ក្រោយពេលមានផ្ទៃ– ពោះមកប្រពន្ធរបស់គាត់ ធ្លាប់បានយល់សប្តិ ឃើញមានមនុស្សម្នាក់ បានយកចិញ្ចៀនចំនួន ៣វង់ មកបំពាក់លើម្រាមដៃរបស់នាង លុះ ពេលទទួលបានចិញ្ចៀនដល់ទៅ៣វង់បែបនេះ ប្រពន្ធរបស់គាត់ត្រេកអរខ្លាំងណាស់ ហើយ គ្រាន់តែភ្ញាក់ដឹងខ្លួនភ្លាមក៏ដាស់គាត់ជាប្តីប្រាប់ ភ្លាម។ យ៉ាងណាក្តី ពួកគាត់មិនចាប់អារម្មណ៍ សោះឡើយថា ការយល់សុបិន្តឃើញទទួល បានចិញ្ចៀន៣វង់ គឺជាប្រផ្នូលថា ពួកគាត់នឹង ទទួលបានកូនស្រីដល់ទៅ៣នាក់ក្នុងពេលតែមួយ បែបនេះសោះ។
បុរសជាប្តី បញ្ជាក់ថា លុះមកដល់យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ប្រពន្ធរបស់គាត់ ក៏ត្អូញថា នាងដូចជាឈឺពោះខ្លាំងណាស់ ទើប គាត់ប្រញាប់ដឹកបញ្ជូនប្រពន្ធមកកាន់មន្ទីរពេទ្យ បង្អែកស្រុករមាសហែកភ្លាម រហូតមកដល់ វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ ប្រពន្ធរបស់គាត់ ក៏ សម្រាលបានកូនស្រីភ្លោះដល់ទៅ៣នាក់ និង ត្រូវបានក្រុមគ្រូពេទ្យប្រញាប់ដឹកបញ្ជូនបន្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ស្វាយរៀងវិញ។
តាមប្រភពពីក្រុមគ្រូពេទ្យផ្នែកកុមារនៃ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានបញ្ជាក់ ថា ទារិកាទាំង៣ មានទម្ងន់១គីឡូក្រាម និង ១,២គីឡូក្រាម ហើយក្រោយពេលបញ្ជូនមក ដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានដាក់កម្តៅ និង ដាក់សេរ៉ូមដល់ទារិកាភ្លោះទាំង៣ ចំណែក សុខភាពស្ត្រីជាម្តាយមានសភាពល្អប្រក្រតីនោះ ទេ សរុបមកទាំងម្តាយ និងកូនភ្លោះស្រី៣នាក់ បានរួចផុតពីគ្រោះថ្នាក់ទាំងអស់គ្នា៕