ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីប្រមាណ២ពាន់នាក់ បាននាំគ្នាចុះចាប់ ត្រីយ៉ាងសប្បាយក្អាកក្អាកភ្លូកទឹកភ្លូកដីអស់ រយៈពេល៣ថ្ងៃមកហើយ រាប់ចាប់តាំងពីថ្ងៃ ទី១៧ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចត្រពាំងក្រំ ស្ថិតក្នុងរមណីយដ្ឋាន ត្រពាំងក្រំ ឃុំជាំក្រវៀន ស្រុកមេមត់ ដែល ការចុះចាប់ត្រីនេះ គឺជាប្រពៃណីរបស់អ្នកស្រុក រស់នៅក្នុងតំបន់មួយនេះ និងបានធ្វើឡើងតពី ដូនតា តាំងពីយូរលង់ណាស់មកហើយ។
តាមប្រភពពីប្រជាពលរដ្ឋដែលចុះចាប់ ត្រីនៅក្នុងទីតាំងរមណីយដ្ឋានត្រពាំងក្រំ បាន រៀបរាប់ប្រាប់ថា ប្រពៃណីចាប់ត្រីនេះ គឺមាន តាំងពីដូនតាមកម៉្លេះ ហើយសម័យមុនៗនោះ នៅពេលដែលគេចាប់ត្រីបានច្រើនជាលក្ខណៈ សហគមន៍ គឺត្រូវចែកដល់ចាស់ៗ ដែលនៅផ្ទះ និងអ្នកកូនខ្ចី ហើយនៅសល់ប៉ុន្មានធ្វើម្ហូបចែក គ្នាហូបយ៉ាងសប្បាយរីករាយដែលបង្ហាញពី សាមគ្គីភាពជាធ្លុងមួយ។ លុះមកដល់បច្ចុប្បន្ន នេះពិធីចាប់ត្រីតាមប្រពៃណីនៅក្នុងតំបន់នេះ នៅតែបន្ត ហើយនៅពេលចាប់ត្រីបាន ក៏នាំគ្នា អាំងចែកគ្នាហូប និងចាក់ចម្រៀងស្តាប់ និង រាំលេងកម្សាន្តយ៉ាងរីករាយ។
ប្រភពដដែលបន្តថា មុននឹងចុះមកចាប់ ត្រីក្នុងត្រពាំងក្រំនេះ ប្រជាពលរដ្ឋក្នុង ឃុំជាំក្រវៀន និងឃុំជិតខាង បានណាត់គ្នាតាំងពី១ សប្តាហ៍មុនម៉្លេះ លុះដល់ថ្ងៃកំណត់ក៏មានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយចំនួន ដល់ទៅរាប់ពាន់ នាក់ឯណោះ ដោយម្នាក់ៗប្រដាប់ដោយឈ្នាង អង្រុត និងថ្នងដែលសុទ្ធសឹងជាឧបករណ៍នេសាទ តាំងពីបុរាណ រួចក៏នាំគ្នាចុះចាប់ត្រីតាមសមត្ថ– ភាព និងភាពស្ទាត់ជំនាញរៀងៗខ្លួន លុះពេល មានអ្នកចាប់ត្រីបានម្តងៗ តែមានការស្រែក ហ៊ោរកញ្ច្រៀវអឺកងពេញផ្ទៃត្រពាំង។ យ៉ាង ណា អ្នកដែលមានសំណាង និងមានជំនាញចាប់ ត្រីបានច្រើន ចំណែកអ្នកខ្លះ ដែលចាប់ត្រីមិន បានសោះ ក៏សប្បាយរីករាយនឹងគេដែរ ពោលគឺ មិនអាក់អន់ស្រពន់ចិត្តអ្វីឡើយ។
ប្រភពខាងលើបញ្ជាក់ថា ចំណែកអ្នកខ្លះ បានស្កាត់ធ្វើដំណើរមកពីស្រុកឆ្ងាយៗ ដើម្បី ទស្សនាទិដ្ឋភាពចាប់ត្រី ដោយនាំគ្នាឈរព័ទ្ធ ជុំវិញ ទីតាំងចាប់ត្រី និងបានជួយស្រែកហ៊ោ– កញ្ចៀវយ៉ាងកងរំពងផងដែរ។ នៅក្រោយ ពេលចាប់ត្រីបាន ប្រជាពលរដ្ឋបាននាំគ្នាដុតត្រី អាំងត្រីតាមតម្រូវការ រួចក៏ចែកគ្នាហូបយ៉ាង ឆ្ងាញ់ពិសា ធ្វើឱ្យទិដ្ឋភាពសប្បាយរីករាយ ដែលប្រកបទៅដោយមិត្តភាពនិងសាមគ្គីភាព នេះ ដក់ជាប់ក្នុងចិត្តគ្រប់ៗគ្នា មិនអាចបំភ្លេច បាន។
លោកកង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា តាម ការស្រាវជ្រាវត្រពាំងក្រំនេះ ត្រូវបានប្រជា– ពលរដ្ឋនាំគ្នាលើកដីចាក់ដែលមានអង្កត់ផ្ចិតពី ២៥០ម៉ែត្រ ទៅ៣០០ម៉ែត្រ និងបានជីកទំនប់ ព័ទ្ធជុំវិញ និងមានអាយុកាលប្រមាណ៣ពាន់ ឆ្នាំមកហើយ ហើយក្រោយៗមក តំបន់មួយ នេះបានក្លាយជាបឹងដ៏ធំ សម្បូរទៅដោយមច្ឆជាតិគ្រប់ប្រភេទ និងត្រូវអ្នកភូមិជុំវិញ បាន ណាត់ជួបគ្នាចាប់ត្រីក្នុងមួយឆ្នាំម្តងជារៀងរាល់ឆ្នាំ រហូតក្លាយទៅជាប្រពៃណី និងកំពុងក្លាយ ជាទីរមណីដ្ឋានដ៏ទាក់ទាញផងដែរ៕