នារីម្នាក់ជិះម៉ូតូទៅរៀងកំពុងឈប់ម៉ូតូរងចាំស្តុបត្រូវជនសង្ស័យពីរនាក់ជិះមកពីក្រោយលូក ដៃយកទូរសព្ទ័នៅក្នុងឃ្លុបម៉ូតូខាងមុខបានសំរេច ត្រូវបានដេញចាប់វិញបានម្នាក់ហើយម្នាក់ទៀត បានរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមិនាឆ្នាំ ២០១៧ ត្រង់ ចំនុចផ្លូវ១២៨កែងនិងផ្លូវ២៦១មុខហាងភីហ្សាខមភេនី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
នារីរងគ្រោះមានឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិសិត្សសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័តមានពីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបនាងបានជិះម៉ូតូម៉ាកលែត ពណ៌សពាក់ស្លាកលេខភ្នំពេញ 1DG 7604 ចេញពីផ្ទះបំណងទៅរៀននៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ខណៈពេលនាងជិះម៉ូតូតាមផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុកែងនិងផ្លូវ២៦១ ពេលជនរងគ្រោះកំពុងតែឈប់ម៉ូតូរង់ចាំភ្លើងស្តុប ស្រាប់តែមានជនសង្ស័យមួយ ក្រុមគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BN4437 បានជិះមកពីក្រោយខាងឆ្វេងហើយបានលូកដៃយកទូរសព្ទ័ដៃម៉ាកសាំសុង ហ្គាឡាក់ស៊ីណូត៣ ដែលទុកនៅក្នុងកន្លែងដាក់សំភារះខាងមុខម៉ូតូបានសំរេចហើយបានជិះចេញទៅ ភ្លាមនោះនារីរងគ្រោះគ្រាន់តែដឹងខ្លួនថាមានគេលូកឆក់យកទូរសព្ទ័ដៃរបស់ខ្លួនក៍បានជិះម៉ូតូដេញពីក្រោយហើយស្រែកថាចោរៗរហូតដល់ចំនុចម្ដុំត្រឡោកបែក ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យទាំងពីរនាក់បានផ្ដួលម៉ូតូចោលហើយរត់ចូលក្នុងដីឡូត៍ខាងលើ ដោយជនសង្ស័យម្នាក់ក្នុងចំនោមពីរនាក់នោះត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយយកទូរសព្ទ័យកទៅជាមួយផងដែរ ។
ក្រោយពេលកើតហេតុជនសង្ស័យម្នាក់នោះដែលត្រូវឃាត់ខ្លួនបានត្រូវបានបញ្ជូនខ្លួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌទួលគោក ។
បើតាមសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់នោះមានឈ្មោះ យ៉េន សុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំនែកបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ រិន ។
ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យខាងលើត្រួវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរងចាំការចាត់ការតាមនីតិវិធី ៕ សោល វណ្ណៈ