ភ្នំពេញ ៖ សឹម ស្រីនិច្ច នៅតែទុកលោក សុខ សាន់នី ជាបុរសម្នាក់ដែលរូបនាងទុកចិត្តជាងគេដដែល ក្នុង ចំណោមតារាប្រុសទាំងឡាយដែលនាងបានរួមអាជីព។ ប៉ុន្ដែស្រីស្អាតរូបនេះ អះអាងច្បាស់ៗកាលពីពេលថ្មីៗនេះថា លោកពិធីករ សុខ សាន់នី គ្រាន់តែជាដៃគូហាត់ប្រាណរបស់នាងប៉ុណ្ណោះ ខណៈប្រុសសង្ហា បានត្រឹមតែសើច អត់និយាយអ្វីទាំងអស់ ។


គួរបញ្ជាក់ថា សឹម ស្រីនិច្ច បានបង្ហាញសកម្មភាពស្និទ្ធស្នេហ៍ជាមួយលោកពិធីករ សុខ សាន់នី ដូចគូស្នេហ៍កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រោយនាងចែកផ្លូវអតីតសង្សារ ជាអ្នករកស៊ីវិស័យអចលនទ្រព្យ ពួកគេបានទៅដើរលេងនៅស្រុកសៀម ជាមួយគ្នា និងពេលខ្លះ ញ៉ាំអាហារចានតែមួយ ប៉ុន្ដែស្រីនិច្ច បែរជាថា សកម្មភាពទាំងនោះ គ្មានអ្វីលើសពីមិត្តភ្ដិទៅវិញ ។ ស្រីនិច្ច ថែមទាំងមិនខ្វល់ឡើយពេលឃើញលោកសាន់នី ត្រូវតារាស្រីផ្សេង ដូចជា គៀត សុវណ្ណាឡាង និងជីជី ចាប់ថើបលោក ហើយអ្វីដែលធ្វើឲ្យប្រុសៗបះសក់ច្រូងនោះ គឺនាងថែមទាំងបានប្រកាសកាលពីខែតុលា ឆ្នាំ២០២៥ ថានាងនឹងមិនយកប្ដីទេ ។ បញ្ហានេះហើយ ធ្វើឲ្យប្រុសៗដែលលួចស្នេហ៍នាង ខកចិត្តខ្លាំង ព្រោះស្ដាយរូបសម្រស់នាង តែនាងថា មិនប្ដូរចិត្តឡើយ ។ ជុំវិញការបិទបេះដូងនេះ អ្នកខ្លះសង្ស័យថា ស្រីនិច្ច អាចមកពីឈឺចាប់ខ្លាំងនឹងស្នេហាចាស់ ទើបបានជាងរាលចាលស្នេហាបែបនេះ ខណៈដែលពីខែកុម្ភៈ ឆ្នាំ២០២៦ នាងអង្គុយយំម្នាក់ឯង ព្រោះតែមានអារម្មណ៍ឯកោខ្លាំងពេក ។ នាងថែមទាំងដាក់បន្ទុកលើខ្លួនឯងទៀតផង ដូចជា មកពីនាងឆ្នាសពេក ចិត្តល្អពេក និងត្រង់ពេក ទើបបានជាស្ថិតក្នុងស្ថាន ភាពបែបនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ ពេលស្រីនិច្ច ពិបាកចិត្ត គេមិនដែលឃើញលោកសុខ សាន់នី ចេញ មកលូងលោមនាងជាចំហដូចគូស្នេហ៍ដទៃឡើយ ទើបពេលនេះ ស្រីនិច្ច ចេញមកបញ្ជាក់បន្ថែមពីលើការបកស្រាយពីមុនៗថា នាងនិងលោកសាន់នី គ្មានអ្វីស៊ីជម្រៅលើសពីមិត្តភក្ដិ ដោយនាងអះអាងច្បាស់ៗថា ខ្លួនចាត់ទុកលោកពិធីកររូបនេះ គ្រាន់តែជាដៃគូហាត់ប្រាណប៉ុណ្ណោះ ។


កញ្ញាសឹម ស្រីនិច្ច និងពិធីករលោកសុខ សាន់នី
សឹម ស្រីនិច្ច ជាតារាសម្ដែងភាពយន្ដ MV និងបង្ហាញម៉ូដ លេចធ្លោម្នាក់ ដែលតារារួមអាជីព និងផលិករ តែងតែសរសើរនូវសមត្ថភាពរបស់នាង ។ ស្រីស្អាតរូបនេះ ឆក់បានតំណែងតួឯក មិនក្រោម ៥០រឿងឡើយ ប៉ុន្ដែរឿង «អប្សរាមហាអង្គរ» ដែលនាងលេងជាតួដល់ទៅ ៣ផ្សេងគ្នា ដឹកនាំដោយលោកហ្វៃ សំអាង នៅមិនទាន់ដាក់បញ្ចាំងទេ បើទោះជាបានថតចប់ តាំងពីឆ្នាំ២០២៥ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ថ្មីៗនេះ ស្រីនិច្ច បានទៅតែងខ្លួនជាកូនក្រមុំឥណ្ឌា ស្អាតដូចទេពអប្សរ តែនាងប្រាប់ទៅ Fan ថា ទម្រាំតែបានស្អាតប៉ុណ្ណឹង នាងអៀនខ្លាំងណាស់ ។

សឹម ស្រីនិច្ច ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ឈុតដែលនាងគ្រងនោះ ជាឈុតហិណ្ឌូឥណ្ឌា ដែលរចនាឡើងពី Studio មួយ ចេញពីឈុត «រាជធីតាក្សត្រ» នាម (នាគីវិជ័យសុរិយទេវី) រៀបចំដោយលោក ប្រាក់ ភក្ដី ។

តាមប្រភពថា សឹម ស្រីនិច្ច ក្រោយចែកផ្លូវសង្សារចាស់ និងថាលោកសាន់នី មិនមែនជាសង្សារថ្មីនាងនោះ ស្រីស្អាត កាន់តែមានមន្ដស្នេហ៍មិនធម្មតា មានបុរសកាន់តែច្រើន ចង់ធ្វើជាសង្សារថ្មីនាង ។ ប៉ុន្ដែគួរឲ្យស្ដាយ ការតាំងចិត្តថា មិនយកស្វាមី ជារៀងរហូត ដោយគ្មានមូលហេតុ របស់ស្រីនិច្ច ធ្វើឲ្យបុរសៗទាំងនោះ បានត្រឹមមិនអស់ចិត្ត និងចង់ឲ្យនាងលុបចោលការតាំងចិត្តបែបនោះ ជាបន្ទាន់ទៀតផង ដោយលើកហេតុផលថា បើនាងមិនយកប្ដី បានកូនមកពីណា តពូជ ?…៕