Saturday, March 7, 2026
Homeតារាខ្មែរសួ វិចិត្រ បើកហាងផឹកស៊ី

សួ វិចិត្រ បើកហាងផឹកស៊ី

ភ្នំពេញ ៖ ក្នុងវ័យ ៣១ឆ្នាំ និងធ្លាប់ច្រៀងនៅ Sky Bar ជាច្រើនឆ្នាំ នៅក្រុងពោធិ៍សាត់ លោក សួ វិចិត្រ បានវិវឌ្ឍខ្លួនមកធ្វើជាថៅកែវិញម្ដង ដោយថ្មីៗនេះ លោកអះអាងថា បើកហាងផ្ទាល់ខ្លួន នៅខាងក្រោយវត្តភ្នៀតសិម្ពលី នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តារាធ្លាប់មានប្រវត្តិកម្សត់រូបនេះ ថាហាងខ្លួន ពេល ព្រឹក មានលក់បាយ គុយទាវ និងកាហ្វេ ខណៈពេលល្ងាច បើកជា Pub មានតន្រ្ដី (Band) ហើយលោកជាអ្នកច្រៀងឲ្យភ្ញៀវស្ដាប់តែម្ដង ។ ទោះជាយ៉ាងណា លោកមិនប្រាប់ថា ការចេញរកស៊ីដំបូងនេះ ប្រើដើមទុនអស់ទឹកប្រាក់ប៉ុន្មានឡើយ តែមិត្តរួមអាជីពបានសាទរចំពោះការរីកចម្រើនរបស់លោក នាពេលនេះ ដែលមានផ្ទះរស់នៅ និងរថយន្ដជិះផ្ទាល់ខ្លួន ខុសពីអតីតកាល ដែលរកតែខ្ទមជ្រកមិនបាន។

 គួរបញ្ជាក់ថា សួ វិចិត្រ ជាម្ចាស់ពាន Beat the best រដូវកាលទី១ ច្រៀងនៅហង្សមាស ៤ឆ្នាំហើយ និងជាញឹកញាប់ តែងតែបង្ហាញភាពស្អិតល្មូតជាមួយកញ្ញា លីន សោម៉ា ម្ចាស់ពានBeat the best រដូវកាលទី២ រហូតត្រូវបានគេសង្ស័យថា ពួកគេជាគូស្នេហ៍ទៀតផង ព្រោះពេលខ្លះ លោកវិចិត្រ ទៅលេងសោម៉ា ទាំងយប់អធ្រាត្រ ទាំងនាងរស់នៅម្នាក់ឯង ហើយគិតតែពីចង់ចូលទៅដេកលេងនៅបន្ទប់នាង បើទោះជាសីម៉ា ប្រឆាំងដាច់ខាតក៏ដោយ ។ ប៉ុន្ដែទាក់ទងរឿងនេះសោម៉ា ធ្លាប់ប្រាប់ថា គ្មានអ្វីស៊ីជម្រៅជាមួយសិស្សច្បងទៅវិញ ។ ប្រភពថា ពេល pub នោះដំណើរការ លោកវិចិត្រ ក៏ត្រូវឲ្យសោម៉ា ទៅសាកសំឡេងនៅហាងលោក ដើម្បីឲ្យភ្ញៀវឆាប់ស្គាល់ផងដែរ ។

 សួ វិចិត្រ ជាតារាសំឡេងធ្ងន់ និងអាចច្រៀងបានគ្រប់ទម្រង់ ហើយលោកត្រូវបានគេចាប់អារម្មណ៍ តាំងពីមុនលើកពានម៉្លេះ តាមរយៈការច្រៀង Cover បទល្បីៗ បង្ហោះនៅលើយូធូប ដូចជាបទ «លក់គោយន្ដ» ជាដើម ។ មិនមែនចេះតែច្រៀងមួយមុខទេ តារាហង្សមាស រូបនេះ មានជំនាញខាងវិស្វកម្មអគ្គិសនី មានបងប្អូន ៣នាក់ (ស្រី២ ប្រុស១) លោកជាកូនច្បង  ស្រុកកំណើតនៅភូមិថ្នល់ជប៉ុន ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ក្នុងគ្រួសារមួយជាអ្នកលក់នំបញ្ចុក  ។

 ប្រភពថា ក្រៅពីលោក សួ វិចិត្រ ក៏មានតារាហង្សមាស មួយចំនួនទៀត បានបានចេញមកបើកហាងរកស៊ីផ្ទាល់ខ្លួនដែរ នាពេលថ្មីៗនេះ ដូចជាលោក វ៉ាន់ ផល្លី និងមាស មុនីរាជ លក់សាច់គោអាំង ខណៈដែលលោក ឃុន វត្ថា លក់ស្បែកជើង ជាដើម ។ សម្រាប់លោកវិចិត្រ ក្រោយមានផ្ទះ ឡាន និងហាង អ្វីដែលលោកត្រូវធ្វើបន្ទាប់នោះ គឺការប្រពន្ធ ដែលតាមព័ត៌មានថា តារាសម្បុរស្រអែមរូបនេះ ពេញចិត្តសិស្សប្អូន លីន សោម៉ា ប៉ុន្ដែដោយសារតែ លីម តិចម៉េង ហាក់ដូចជាចាប់អារម្មណ៍ស្នេហ៍សោម៉ា ដែរ ទើបធ្វើឲ្យលោកនៅទ្រឹង ។ ទោះជាយ៉ាងណា គេថា «ស្នេហ៍មិនឈ្នះស្និទ្ធ» ព្រោះជាញឹកញាប់ មានតែលោកវិចិត្រ ទេដែលសោម៉ា ទុកចិត្តជាងគេ ជិះរថយន្ដពីរនាក់ ទាំងយប់អធ្រាត្រ ជាមួយគ្នា និងពេលខ្លះ ចង់ទៅលេងដល់គ្រែនាងដេកទៀតផង គ្រាន់តែនាងឃាត់ មិនឲ្យចូល។ ហេតុនេះបើតារាទាំងពីរ ពិតជាចុះសម្រុងគ្នា ទាំងក្នុងនិងក្រៅឆាកមែននោះ ច្បាស់ជាអាចដើរតាមគន្លងសិស្សច្បងរបស់ពួកគេប៉ាច គីមមួយ-សយ រតនៈ ដែលពេលនេះ ក្លាយជាគូស្នេហ៍ទៅហើយ ក្រោយផ្ដើមស្នេហ៍ក្នុងទ្រនំតែមួយដែរ ។

 អ្នកជំនាញសិល្បៈ លើកឡើងថា សួ វិចិត្រ ជាតារាមានសមត្ថភាពម្នាក់ និងល្បីឈ្មោះតាំងតែពីមុនចូលហង្សមាស ប៉ុន្ដែមូលហេតុដែលលោកមិនសូវលេចធ្លោ ព្រោះតែមិនមានបទចម្រៀងចេញដិតដល់លើទីផ្សារតែម្ដង ។ ប៉ុន្ដែមិនមែនតែលោកវិចិត្រ ម្នាក់ទេ គឺម្ចាស់ពានមួយចំនួនទៀត នៅហង្សមាស ក៏ស្ងាត់ដូចគ្នា ហេតុនេះការចេញមកបង្កើតអាជីវកម្មផ្ទាល់ខ្លួនដូចលោកវិចិត្រ នាពេលនេះ គឺជារឿងល្អ ព្រោះអាជីពសិល្បៈ មិនឋិតថេរ ឡើយ ៕

RELATED ARTICLES