ខេត្តព្រះសីហនុ ៖ រថយន្តកូរ៉េមួយគ្រឿង មានផ្ទុកអ្នកដំណើរប្រុសស្រីក្មេងចាស់ជាង១០ នាក់ បំណងទៅចូលរួមពិធីមង្គលការបងប្អូន នៅខេត្តកោះកុង បានរអិលធ្លាក់ផ្លូវក្រឡាប់ទាំង កំរោល បង្កឱ្យបុរសចំណាស់ម្នាក់ស្លាប់ ចំណែក អ្នករួមដំណើរ១០នាក់ទៀត ទទួលរងរបួសធ្ងន់–ស្រាល កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៩–១៧០ ស្ថិតក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ក្រឡាប់រថយន្តខាងលើនេះ មានឈ្មោះ ជួប ផុន អាយុ៦៨ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិពងទឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនរងគ្រោះដែលរងរបួស ទាំង១០នាក់ រួមមាន ទី១–ឈ្មោះប៉េន បូនី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើកបររថយន្ត បង្កហេតុ (រងរបួសស្រាល) ទី២–ឈ្មោះប៉េន សារិ ភេទស្រី អាយុ៣៤ឆ្នាំ (រងរបួសធ្ងន់បាក់ ភ្លៅខាងស្តាំ) ទី៣–ឈ្មោះអ៊ុំ ផាត ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល) ទី៤–ឈ្មោះកែប ហឿន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល)ទី៥–ឈ្មោះ ពូ សារី ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល) ទី៦–ឈ្មោះជួ សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រង របួសស្រាល) ទី៧–ឈ្មោះអុក បញ្ញា ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល) ទី៨–ឈ្មោះគឺ សិលាពេជ្រ ភេទប្រុស អាយុ ៧ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល) ទី៩–ឈ្មោះគឺ សំរិទ្ធ ភេទប្រុស អាយុ៦ឆ្នាំ (រង របួសស្រាល) និងទី១០–ឈ្មោះគឺ ស្រីលាភ ភេទស្រី អាយុ៤ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រាះទាំង១០នាក់ មានលំនៅក្នុងភូមិពង– ទឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត ជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅចំណុចភូមិ សាស្ត្រខាងលើ មានភ្លៀងធ្លាក់មួយមេធំ ស្រប ពេលនោះ មានរថយន្តកូរ៉េមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២,៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7090 មានអ្នករួមដំណើរជាង១០នាក់ បើកបរដោយល្បឿន យ៉ាងលឿនក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះ ទៅខេត្តកោះកុង ដើម្បីចូលរួមពិធីមង្គលការ បងប្អូន។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូត រអិលធ្លាក់ផ្លូវទៅខាងស្តាំដៃ ក្រឡាប់ទាំងកំរោល បណ្តាលអ្នកដំណើរនៅ ក្នុងរថយន្ត រងរបួសធ្ងន់–ស្រាលដេករដូករណែល ពេញកន្លែងកើតហេតុ។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាន ចេញជួយអន្តរាគមន៍ និងទាក់ទងហៅរថយន្ត សង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះទៅកាន់ មន្ទីរពេទ្យ ក្នុងនោះបុរសចំណាស់ឈ្មោះជួប ផុន ដែលទទួលរងរបួសធ្ងន់ជាងគេ បានដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់ មន្ទីរពេទ្យ។
បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ច បានអូសយករថយន្តបង្កហេតុ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំ ធ្វើការដោះស្រាយតាមនីតិវិធី។
ដោយឡែក សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕