ស្តេចដំរី.ស Real Madrid សម្រេចដាក់ឈ្មោះកីឡាករ Kylian Mbappeជាអាទិភាពចម្បងនៅក្នុងបញ្ជីដោះដូររបស់ខ្លួននារដូវក្តៅខាងមុខ ។ ក្លឹបយក្សអេស្ប៉ាញមួយនេះត្រូវគេដឹងថា បានត្រៀមកញ្ចប់ថវិកាសម្បើមមួយដើម្បីទិញយកខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះ ។
យ៉ាងណាក៏ដោយ គម្រោងទិញយកកីឡាករ Mbappe របស់Real Madrid បានបង្ហាញច្បាស់ក្រោយពេល ក្លឹប Monaco បដិសេធការផ្តល់ជូននូវតម្លៃខ្លួន ៩៦លានផោន ពីក្រុម Man Utd ។ ប្រភពមួយចំនួនអះអាងថា Monaco បានដាក់តម្លៃខ្លួន Mbappeដល់ទៅ១២៩លានផោនឯណោះ ។
សេចក្តីរាយការណ៍មួយចំនួនក្នុងប្រទេសអេស្ប៉ាញឱ្យដឹងថា កន្លងមកច្រើនដង Real Madrid បានបញ្ជូនមនុស្សឱ្យទៅមើលការប្រកួតផ្ទាល់របស់កីឡាករ Mbappe ។ ក្នុងក្រសែភ្នែករបស់ខ្លួន Real Madrid បានចាត់ទុក Mbappe ជារ៉ូណាល់ដូ ជំនាន់ថ្មី ។
សូមបញ្ជាក់ថា Mbappeបច្ចុប្បន្នមានវ័យ១៨ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌបារាំង D1នៃក្រុម Monaco កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ ២០១៥ ។ ឱកាសលេងឱ្យក្រុម៣៣លើក គេអាចស៊ុតបញ្ជូលទីរកគ្រាប់បាល់ជូនក្រុមបាន១៩គ្រាប់ ៕
ដោយ៖ ឈិត គឹមឆុន