Sunday, December 22, 2024
Homeបរិយាយទឹក​មាត់​គីង្គក់ មិន​អាច​ប៉ះ​ព្រាប​ស

ទឹក​មាត់​គីង្គក់ មិន​អាច​ប៉ះ​ព្រាប​ស

សុភាសិតបារាំង ១ឃ្លា ចែងថា “ទឹកមាត់គីង្គក់ មិនអាចប៉ះព្រាបស” (La bave du crapaud n’atteint pas la blanche colombe) ឬជាភាសាអង់គ្លេសថា (The spit of the toad doesn’t reach the white dove) គឺជាឧបមានវិធីប្រៀបធៀបជនពាល និងបណ្ឌិត ឬមនុស្សចូលចិត្តបង្កហិង្សា និងមនុស្សសន្តិនិយម មានខ្លឹមសារផ្តល់ឧត្តមប្រយោជន៍ដល់ សង្គម បើសិនជាយើងចេះពិចារណាយកចំណុចល្អនៃសុភាសិតនេះទៅអនុវត្ត ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុងកុលសម្ព័ន្ធ សង្គម ឬប្រទេស គ្រប់ជាតិសាសន៍លើពិភពលោកនេះ តែងមានសភាវៈ២ដើរទន្ទឹមគ្នា គឺល្អនិង អាក្រក់ ពាលនិងបណ្ឌិត ទុច្ចរិតនិងសុចរិត កុសលនិងអកុសល មង្គលនិងអពមង្គល ជាគូគ្នារហូត។ មនុស្សអាក្រក់ ពាល ទុច្ចរិត អកុសល អពមង្គល ប្រៀបបាននឹងសត្វគីង្គក់ រីឯសភាវៈផ្ទុយពីនេះ ប្រៀបបាននឹងសត្វព្រាបស។

“គីង្គក់” ជាសត្វមួយប្រភេទក្នុងពពួកកង្កែប មានស្បែកគគ្រាត រស់នៅតែលើគោក តាមភក់ជ្រាំ ក្រោមពាងទឹក ជាដើម។ ពងគីង្គក់ មានសារធាតុពុល បណ្តាលឱ្យអ្នកហូបប្រកាច់ស្លាប់បាន ចំណែកទឹកមាត់របស់វា បើព្រួសចូលភ្នែកមនុស្ស នឹង ខ្វាក់មិនខាន។ រីឯព្រាបស ជាបក្សីមួយប្រភេទ ខ្លះរស់នៅលើភ្នំ ខ្លះទៀតជាបក្សីស្រុកដែលមនុស្សចិញ្ចឹម វាមានពណ៌សម្បុរខុសៗគ្នា មានខ្មៅ ប្រផេះ ស្កួយ ប៉ុន្តែ ព្រាបស គឺជាតំណាងនៃ “សន្តិភាព” ដែលឥស្សរជននយោបាយ តែងធ្វើពិធី លែងព្រាបស ក្នុងពិធីការធំៗ មានន័យឧបកិច្ចឱ្យមានសុខសន្តិភាពដល់ជាតិមាតុភូមិ។

តើ “ទឹកមាត់គីង្គក់ មិនអាចប៉ះព្រាបស” មានន័យដូចម្តេច? សំណួរនេះយើងអាចឆ្លើយបានថា ធម្មតាពាក្យសម្តីរបស់ ជនពាល ឬមនុស្សសាងបាបកម្ម សាបព្រោះអំពើអយុត្តិធម៌ ទោះជាប្រឹងប្រែងខ្ជាក់បំប៉ោងវោហារសាស្ត្ររបស់ខ្លួនយ៉ាង ណា ក៏មិនអាចយកឈ្នះបណ្ឌិត ឬមនុស្សសុចរិត យុត្តិធម៌បានឡើយ។ សត្វគីង្គក់ជើងខ្លី ស្បែកគគ្រាតនោះ ទោះបីជាប្រឹង ព្រួសទឹកមាត់មានជាតិពុលរបស់វា ដាក់ព្រាបសដែលចុះទៅផឹកទឹកពាងយ៉ាងណា ក៏ព្រាបសមានស្លាបការពារទឹកមាត់ពុល នោះ មិនឱ្យប៉ះស្បែកបានឡើយ។ យ៉ាងណាមិញ ជនពាល ទុច្ចរិត អយុត្តិធម៌ ទោះជាព្យាយាមទម្លាក់កំហុសទៅលើបណ្ឌិត ឬមនុស្សសុចរិតយុត្តិធម៌ វាអាចនឹងក្លាយជា “អង្កាមច្រាសខ្យល់” ឬទឹកមាត់នោះត្រូវខ្យល់បក់ឱ្យច្រាលចូលភ្នែកគីង្គក់វិញ។ បន្ទាប់ពីមានករណីបាញ់ប្រហារលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញមក យើងឃើញមានការឆ្លើយឆ្លងគ្នា រវាងអ្នកនយោបាយនិងអ្នកនយោបាយ រវាងមហាជននិងមហាជន តាមពាក្យសម្តីផង តាមហ្វេសប៊ុកផង ខ្លះក៏ប្រើពាក្យ អសុរោះពិបាកស្តាប់ ប៉ុន្តែ យើងក៏មិនអាចដឹងថា ខាងណាជាបណ្ឌិត ខាងណាជាជនពាលនោះឡើយ។ ការចោទប្រកាន់លាប- ពណ៌គ្នានោះ វាមានមនុស្សល្អនិងអាក្រក់ជាគូគ្នា ប៉ុន្តែ មនុស្សអាក្រក់មិនទទួលស្គាល់កំហុស ដោយរុញបញ្ហាឱ្យមនុស្ស ល្អទទួលរងថ្មបាក់។ បើយោងតាមទ្រឹស្តីព្រះពុទ្ធសាសនា ថា “កល្យាណការី កល្យាណំ បាបការី ច បាបកំ” ប្រែថា “ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់” ដូច្នេះ ទោះជាខំបំភ្លៃកាឡៃសជាខ្មៅយ៉ាងណា ក៏កំហុសដែលខ្លួនបានសាង ឬថា ឃាតកម្មដ៏សាហាវព្រៃផ្សៃទៅលើអ្នកវិភាគសង្គមដ៏ល្បីនោះ ចៀសមិនផុតពីបញ្ជីខ្មៅរបស់យមរាជ។

នៅក្នុងគម្ពីរធម្មបទដ្ឋកថា រឿង “កិសវច្ឆតាបស” បានតំណាលពីតាបសឥសី១អង្គ ព្រះនាម “កិសវច្ឆតាបស” បាន និមន្តទៅធ្វើចង្ក្រមភាវនានៅក្នុងព្រៃឧទ្យានរបស់ព្រះរាជា ទ្រង់ព្រះនាមទណ្ឌកី នានគរកុម្ភវតី ដោយមានសេនាបតីម្នាក់ ជាអ្នកទំនុកបម្រុងចង្ហាន់។ ស្តេចនគរនោះ សេពគប់ជនពាល មិនជឿបុណ្យបាបអ្វីឡើយ។ ថ្ងៃមួយ ស្តេចបានលើកទ័ពទៅ បង្ក្រាបពួកឧទ្ទាមបះបោរ ក៏សួរទៅបុរោហិតម្នាក់ជាឧត្តមទីប្រឹក្សាថា តើមានវិធីណាអាចយកឈ្នះពួកបះបោរបាន? បុរោហិត ជាមនុស្សពាល ក៏ទូលស្តេចថា “ត្រូវព្រះអង្គនាំកងទ័ពរាប់ម៉ឺននាក់នោះ ទៅខាកស្តោះដាក់ព្រះកេសកិសវច្ឆតាបស ទើបឆាប់ មានជ័យជម្នះ ព្រោះតាបសនោះជាមនុស្សចង្រៃកាឡកិណី” ស្តេចជឿតាម ក៏នាំពលសេនាទៅខាកស្តោះដាក់ព្រះកេសតាបស ដែលគង់ធ្វើសមាធិ គ្រាន់តែទឹកមាត់ និងកំហាកដ៏ស្អុយគគ្រុកនោះ ប្រឡាក់ជោរជោកគ្របលិចសរីរៈតាបស។ ចំណែកសេនាបតីជាឧបដ្ឋាកតាបស ដឹងហេតុនោះហើយ ក៏ម្នីម្នាដងទឹកទៅលាងជម្រះព្រះកាយតាបសឱ្យជ្រះមន្ទិល ដោយសួរតាបសថា “តើព្រះអង្គខ្ញាល់ឬទេ?” តាបសដែលសម្រេចបានចក្ខុទិព្វនោះ ក៏ឆ្លើយថា “អាត្មាមិនខឹងអ្វីទេ ប៉ុន្តែ ព្រះឥន្ទ្រ ព្រះព្រហ្មខ្ញាល់ ខ្លាំងណាស់ នៅតែ៧ថ្ងៃទៀត នគរកុម្ភវតី នឹងវិនាសហើយ”។ និយាយពីស្តេចទណ្ឌកី ដែលលើកទ័ពទៅច្បាំងនោះ ក៏ទទួល បានជ័យជម្នះមែន ប៉ុន្តែពេលវិលចូលព្រះនគរ បានតែ៧ថ្ងៃ ស្រាប់តែមានខ្យល់ព្យុះ បោកបក់រលំផ្ទះសម្បែង វិមានប្រាសាទ នាំតំណក់ភ្លៀងប៉ុនៗគ្រាប់ពោត ធ្លាក់ទាំងយប់ទាំងថ្ងៃ លិចលង់នគរនោះស្លាប់មនុស្សទុច្ចរិតអស់គ្មានសល់ ឯអ្នកសាងអំពើល្អ ដូចគ្រួសារសេនាបតីជាដើម ព្រះភិរុណ និងព្រះវាយុទេព ដែលជាអាទិទេពភ្លៀងខ្យល់ នាំផ្លូវឱ្យរត់ឡើងភ្នំ រួចជីវិតទាំងអស់៘

លើកឧទាហរណ៍រឿងជាតកខាងលើនេះ ចង់បង្ហាញថា “ទឹកមាត់គីង្គក់ មិនអាចប៉ះព្រាបស” សំដៅដល់ទឹកមាត់មនុស្ស មិនស្គាល់បុណ្យបាបរាប់ម៉ឺននាក់ ទោះជាខាកស្តោះលិចព្រះកាយតាបសដ៏មានគុណធម៌យ៉ាងណា ក៏អំពើបាបនោះមិនប៉ះពាល់ ដល់សុចរិតធម៌បានឡើយ។ យ៉ាងណាមិញ ការឆ្លើយឆ្លងលាបពណ៌គ្នាជុំវិញករណីឃាតកម្មលោកបណ្ឌិតកែម ឡី អាចនឹង មានយុត្តិធម៌ និងអយុត្តិធម៌ជាគូគ្នា ឬពាលនិងបណ្ឌិត ប៉ះទង្គិចគ្នាមិនខានឡើយ។ ពាក្យ “បណ្ឌិត” មានន័យថា “ជនអ្នក មានប្រាជ្ញា” ឬ “ជនអ្នកប្រព្រឹត្តល្អ កាន់សុចរិត១០ប្រការដោយខ្ជាប់ខ្ជួន”។ បណ្ឌិត មាន២ប្រភេទ គឺ “បណ្ឌិតពិតប្រាកដ ចេះដឹងច្បាស់លាស់” និង “បណ្ឌិតមានះ” សំដៅដល់ជនលើកខ្លួនឯងជាអ្នកចេះ ឬខ្លួនឯងល្ងង់សោះ តាំងខ្លួនជាអ្នកចេះ។ កាលបើក្នុងសង្គមមួយមាន “បណ្ឌិត” និង “បណ្ឌិតមានះ” ប្រឈមមុខគ្នានោះ ច្បាស់ណាស់ថា នឹងមានការព្រួសពាក្យសម្តី ដាក់គ្នាមិនខានឡើយ ប៉ុន្តែ ទឹកមាត់បណ្ឌិតមានះ មិនរងគ្រោះដល់បណ្ឌិតនោះទេ គ្រាន់តែដំបូងរងទុក្ខវេទនាសិន លុះវេលា ចុងក្រោយ ក៏ទទួលបានយុត្តិធម៌។

ខណៈដែលសង្គមកម្ពុជា កំពុងតែមានគណបក្សនយោបាយច្រើនដូចពេលនេះ ច្បាស់ជាមានអ្នកនយោបាយ២ប្រភេទ គឺ “បណ្ឌិត” និង “បណ្ឌិតមានះ” ប្រជែងគ្នា លើផ្លូវប្រជាធិបតេយ្យមិនខានឡើយ។ ឈ្មោះថា បណ្ឌិតពិតៗនោះ គឺក្រៅពី មានចំណេះជំនាញពេញខ្លួន ឬថាជាបណ្ឌិតនីតិសាស្ត្រ បណ្ឌិតអក្សរសាស្ត្រ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ មានសញ្ញាបត្រជា សម្គាល់ហើយក៏ដោយ បើមិនកាន់ធម៌សុចរិត យុត្តិធម៌ ឱ្យបានហ្មត់ចត់ទេនោះ មិនហៅបណ្ឌិតទេ។ បើជាបណ្ឌិតពិតៗ ទោះ មានគេព្យាបាទ ជេរប្រទេចវាយប្រហារដោយពាក្យពេចន៍អសុរោះយ៉ាងណា ក៏មិនតបតដែរ ប៉ុន្តែ បើចង់តបត ត្រូវយក ពាក្យពេចន៍ទន់ភ្លន់ សុភាពរាបសាទៅឆ្លើយបំភ្លឺ ទើបស័ក្តិសមនឹងឋានៈខ្លួនជាបណ្ឌិត។

សរុបទៅ “ទឹកមាត់គីង្គក់ មិនអាចប៉ះព្រាបស” គឺសំដៅដល់ជនពាល ឬមនុស្សទុច្ចរិត អយុត្តិធម៌ វាយប្រហារចោទប្រកាន់រិះគន់ ញុះញង់បង្ខូចបណ្ឌិត ឬមនុស្សសុចរិតយុត្តិធម៌នេះឯង។ ស្ថានការណ៍នយោបាយនៅកម្ពុជា ពេលនេះកំពុងដើរ ជាន់សុភាសិតខាងលើនេះហើយ ប៉ុន្តែ បើត្រឹមមើលនឹងភ្នែក ស្តាប់នឹងត្រចៀកធម្មតានោះ គេមិនដឹងថា ភាគីណាជាគីង្គក់ ភាគីណាជាព្រាបស នោះឡើយ។ ដូចការលើកឡើងខាងលើរួចមកហើយ នូវពុទ្ធភាសិត “កល្យាណការី កល្យាណំ បាបការី ច បាបកំ” (ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់) ដូច្នេះ បុគ្គលណាដែលបានសាងអំពើអាក្រក់ នឹងចៀសមិនផុត ពីទណ្ឌកម្មព្រហ្មលិខិត រីឯបុគ្គលសាងអំពើល្អ នឹងទទួលបានសិរីសួស្តី ជ័យជម្នះ សុភមង្គលគ្រប់ប្រការលើវិថីជីវិតដែលខ្លួន កំពុងដើរ…”៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES