អង្ករ៖ អង្ករគុណភាពទាបជាង២លានតោនក្នុងឃ្លាំងស្តុកទុករបស់រដ្ឋាភិបាលត្រូវបានលក់ចេញកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងពេលដ៏ខ្លីបន្ទាប់ពីការដាក់ដេញថ្លៃមួយបានចាប់ផ្តើមឡើង ។
ក្នុងចំណោមអ្នកដេញថ្លៃ១៩ ដែលចូលរួមប្រកួតប្រជែងដេញថ្លៃទិញអង្ករក្នុងស្តុករបស់រដ្ឋាភិបាលមានតែ១៦ប៉ុណ្ណោះ ដែលត្រូវបានគេផ្តល់លក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យចូលរួមក្នុងកម្មវិធីនេះ ។ ភាគច្រើននៃអ្នកទាំងនោះគឺជាផលិតករផលិតចំណីសត្វ អគ្គិសនី អង្ករ ជាដើម ។
អង្ករចំនួន២លានតោនដែលមានទំហំទឹកប្រាក់ប្រមាណជា៩ប៊ីលានបាតត្រូវបានលក់ចេញឲ្យអ្នកដេញថ្លៃចំនួន១៥ដែលហ៊ានឲ្យថ្លៃខ្ពស់ជាងគេបំផុត។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសលោក Keerati Rushchano បានថ្លែងថាអង្ករដែលនៅសេសសល់៤លានតោននឹងត្រូវបញ្ចេញពីស្តុកមុនដំណាច់ឆ្នាំនេះ ។ ជាមួយគ្នានោះដែរការដាក់លក់ដេញថ្លៃមួយផ្សេងទៀតនឹងមានចំនួន១,៨លានតោនដែលជាប្រភេទអង្ករមិនសាកសមសម្រាប់ការប្រើប្រាស់ឬបរិភោគរបស់មនុស្សនិងការផលិតចំណីសត្វ គ្រោងនឹងប្រារព្ធធ្វើឡើងខែក្រោយតែម្តង ។
ទន្ទឹមនិងនេះអង្ករអាចបរិភោគបានចំនួន១,៥លានតោននឹងត្រូវបានលក់ដេញថ្លៃក្នុងខែឧសភា ខណៈអង្ករនៅសល់ពីការលក់ដេញថ្លៃក្នុងខែមេសានឹងលក់បង្ហើយនៅខែមិថុនា ។ លោក Keerati បានបន្ថែមថាវិធានការណ៍ក្រៅពីការដាក់លក់ដេញថ្លៃនេះគឺការរក្សានូវតម្លៃអង្ករនៅលើទីផ្សារក្នុងកម្រិតដែលសមរម្យអាចទទួលយកបានក៏ដូចជាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលជាដើម ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា