កសិកម្ម៖ ទិន្នន័យរដ្ឋាភិបាលបង្ហាញថាផ្ទៃដីដាំដុះកសិកផលរបស់កូរ៉េខាងត្បូងបានថយចុះ២,១%ក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំមុនដោយសារតែការសាងសង់អគារនិងរោងចក្រសហគ្រាសផ្សេងៗ ។
តួលេខពីការិយាល័យស្ថិតិកូរ៉េបង្ហាញថាផ្ទៃដីធ្វើស្រែចំការសរុបទាំងអស់របស់កូរ៉េខាងត្បូងមានចំនួន១,៦៤លានហិចតា ដែលមានទំហំស្មើនឹងពាក់កណ្តាលនៃរដ្ឋ Maryland របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦នេះ ធៀបនឹងផ្ទៃដី១,៦៨លានហិចតាក្នុងឆ្នាំ២០១៥ ។
ផ្ទៃដីដាំដុះរបស់កូរ៉េខាងត្បូងស្មើនឹង១៦,៤%ធៀបនឹងផ្ទៃដីសរុបទាំងអស់របស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៦ ថយចុះពីអត្រា១៦,៧%ក្នុងអំឡុងឆ្នាំ២០១៥។
ការថយចុះនៃទំហំផ្ទៃដីបង្កបង្កើនផលកសិកម្មកើតមានឡើងក្នុងពេលដែលការផ្គត់ផ្គង់អង្ករច្រើនហួសប្រមាណមាននិន្នាការអូសបន្លាយពេលយូរហើយក៏គួបផ្សំនិងការប្រើប្រាស់អង្ករមានកម្រិតថយចុះទៀតផងក្នុងប្រទេសកូរ៉េខាងត្បូង ។
ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍នេះការប្រើប្រាស់អង្កររបស់ប្រជាជនកូរ៉េខាងត្បូងបាននិងកំពុងថយចុះយ៉ាងខ្លាំងដោយសារតែការផ្លាស់ប្តូរនៅក្នុងរបបអាហារនិងទម្លាប់នៃការទទួលទានជាដើម ។
យោងតាមទិន្នន័យដែលចងក្រងដោយការិយាល័យស្ថិតិកូរ៉េបង្ហាញថាប្រជាជនក្នុងមួយនាក់ប្រើប្រាស់អង្កររហូតដល់ទៅ៦២,៩គីឡូក្រាមក្នុងឆ្នាំក្នុងឆ្នាំ២០១៥ ថយចុះពីបរិមាណ១២៨,១គីឡូក្រាមក្នុងឆ្នាំ១៩៨៥ ។
ប្រែសម្រួលដោយ៖ អីុវ វិចិត្រា