Tuesday, May 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ផ្សឹកលោកសង្ឃបារាជិក ចាប់រំលោភក្មេងស្រី ក្នុងកុដិ

ចាប់ផ្សឹកលោកសង្ឃបារាជិក ចាប់រំលោភក្មេងស្រី ក្នុងកុដិ

ខេត្តស្វាយរៀង ៖ លោកសង្ឃកំហូច ១អង្គ បានលួចទាក់ទងស្នេហាតាមទូរស័ព្ទ ជាមួយក្មេងស្រី អាយុ ១៣ឆ្នាំម្នាក់ ដែលមានផ្ទះនៅក្បែរវត្ត រហូតលួងលោមហៅក្មេងស្រី ឱ្យមកលេងនៅក្នុងវត្ត រួចល្បួងចូលទៅក្នុងកុដិ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេច ១លើក លុះក្មេងស្រីរងគ្រោះទម្លាយរឿងប្រាប់ជីដូន ក៏ឈានដល់ការប្តឹងសមត្ថកិច្ច ចុះចាប់ផ្សឹកលោកសង្ឃបារាជិក យកទៅចាត់ការតាម ច្បាប់។

ករណីលោកសង្ឃចាប់រំលោភក្មេងស្រីជាអនីតិជននេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចកុដិរបស់លោកសង្ឃបារាជិក ស្ថិតក្នុងវត្តភូមិធំ ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកសង្ឃបារាជិក ដែលចាប់រំលោភក្មេងស្រី និងត្រូវបានចាប់ផ្សឹក បញ្ជូនឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ មានឈ្មោះ ម៉ៅ សុត អាយុ២៦ឆ្នាំ គង់នៅវត្តភូមិធំ ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ល.ត អាយុ១៣ឆ្នាំ មានលំនៅ ភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ប្តឹងចោទទៅលើព្រះសង្ឃ ព្រះនាម ម៉ៅ សុត ព្រះជន្ម ២៦វស្សា គង់នៅវត្តភូមិធំ ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ បានលួមលោមរំលោភចៅស្រីឈ្មោះ រ.ល.ត អាយុ១៣ឆ្នាំ រហូតបានសម្រេច។

ប្រភពដដែល បន្តថា ក្រោយពីបានទទួលព័ត៌មាននេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការនិងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការអាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនព្រះសង្ឃ ព្រះនាម ម៉ៅ សុត យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច និងមន្ត្រីសង្ឃ  លោកសង្ឃបារាជិក ម៉ៅ សុត បានឆ្លើយបំភ្លឺថា ខ្លួនបានទំនាក់ទំនងស្នេហាតាមទូរស័ព្ទ ជាមួយក្មេងស្រីរងគ្រោះ ឈ្មោះ រ.ល.ត មួយរយៈមកហើយ។ លុះមកដល់វេលាម៉ោង ៣និង១០នាទី រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ខ្លួនបានទំនាក់ទំនងហៅក្មេងស្រីរងគ្រោះ ឱ្យមកលេងក្នុងវត្ត បន្ទាប់មក ក៏ល្បួងក្មេងស្រីរងគ្រោះ ឱ្យដើរចូលក្នុងបន្ទប់ (កុដិ) រួចក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ រហូតបានសម្រេច ចំនួនមួយដង។

ក្រោយស្តាប់ចម្លើយសារភាពរបស់សង្ឃបារាជិកខាងលើ មន្ទីរធម្មការ និងគណៈកម្មការអាចារ្យវត្ត បានសម្រេចចាប់បង្ខំផ្សឹកលោកសង្ឃកំហូចខាងលើ ដើម្បីប្រគល់ជូនសមត្ថកិច្ច ចាត់ការតាមច្បាប់ ។

ក្រោយកើតហេតុ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ឯកភាពឱ្យសមត្ថកិច្ចឃាត់ខ្លួន និងកសាង សំណុំរឿង បញ្ជូនខ្លួនអតីតលោកសង្ឃបារាជិកខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES