ថ្មីៗនេះ អតីតប្រធានក្លឹបលោក Ramon Calderon បានបញ្ចេញសារមុតមាំមួយទៅកាន់តោខៀវ Chelsea ថា ទោះក្នុងតម្លៃណាក៏ដោយ Real Madrid នឹងនាំយកខ្សែបម្រើ Eden Hazardមកលេងក្នុងប្រទេសអេស្ប៉ាញឱ្យខាងតែបាន ។ លោកបន្តថា Chelseaនឹងមិនអាចបញ្ឈប់Hazardពីការចាកចេញបាននោះទេ ប្រសិនជា កីឡាករវ័យ២៦ឆ្នាំរូបនេះមិនចង់បន្តកុងត្រាថ្មី ។
តាមរយៈគេហទំព័រTalksport លោក Calderon បញ្ជាក់ថា ១២៤លានដុល្លារអាមេរិកសម្រាប់កីឡាករ Eden Hazard មិនមែនជាបញ្ហាសម្រាប់ Real Madrid ហើយ Chelsea មិនអាចបញ្ឈប់កីឡាកររូបនេះពីការចាកចេញបានឡើយ ។ លោកបន្តថា«Chelsea នឹងដាក់តម្លៃខ្លួនកីឡាករ Hazardខ្ពស់ ។ នេះជាអ្វីដែលខ្ញុំគិតថា នឹងកើតមាននៅដំណាច់រដូវកាល ។ យ៉ាងណាក្តី អ្វីគ្រប់យ៉ាងគឺស្ថិតលើកីឡាករផ្ទាល់ ប្រសិនគេនិយាយថា ចេញគឺចេញហើយ »។
នៅពេលសួរថា តើកីឡាករសញ្ជាតិបែលហ្ស៊ិក Hazard អាចចុះសម្រុងជាមួយតារានៅ Real តួយ៉ាង Cristiano Ronaldo និង Gareth Baleដែរឬយ៉ាងណានោះ លោក Calderon បញ្ជាក់ថា នេះមិនមែនជាបញ្ហាចោទឡើយ ។ លោកថា កីឡាករឆ្នើមដូចជា Hazard គឺអាចចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ។
សូមបញ្ជាក់ថា Hazardបានផ្លាស់មកលេងឱ្យ Chelseaកាលពីថ្ងៃ៤ មិថុនា ឆ្នាំ២០១២ ក្នុងតម្លៃខ្លួន៣៩លានដុល្លារអាមេរិក ។ បង្ហាញខ្លួនចំនួន១៦៤លើក គេរកគ្រាប់បាល់ជូនក្រុមបាន៥២គ្រាប់ ៕