តាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The Mirror ចេញផ្សាយកាលពីថ្ងៃអង្គារទី28 មីនា 2017 បានឲ្យដឹងថា ប្រធានក្លឹបហង្សក្រហម Liverpool មហាសេដ្ឋីជនជាតិអាមេរិក បានជួលយន្តហោះឯកជន Private Jet ទៅទទួលកីឡាករ Phlippe Coutinho និង Roberto Firmino ដែលកំពុងបំពេញបេសកម្មជួយក្រុមជម្រើសជាតិ ក្នុងយុទ្ធនាការប្រកួតជម្រើសបាល់ទាត់ពិភពលោក មកកាន់ទឹកដីអង់គ្លេសដើម្បីទាន់ការប្រកួតដ៏សំខាន់ជាមួយក្រុមភ្ញៀវ Everton។
នៅពេលប្រកួតចប់ជាមួយ ជម្រើសជាតិប៉ារ៉ាហ្គាយនៅថ្ងៃពុធ តារាឆ្នើមប្រេស៊ីលទាំង២រូប នឹងត្រូវជិះយន្តហោះរយៈពេល ១២ម៉ោងពីទីក្រុង Sao Paulo មកទីក្រុង Liverpool លើចម្ងាយផ្លូវប្រមាណ ២២០០០គីឡូម៉ែត្រ។ នេះមិនមែនជាលើកដំបូងទេដែលក្លឹបជើងឯកអង់គ្លេស១៨សម័យកាលប្រើយន្តហោះឯកជនទៅដឹកកីឡាករមកវិញដូច្នេះ។
លោក Jurgen Klopp គ្រូបង្វឹកហង្សក្រហម Livepool រំពឹងថានឹងអាចប្រមូលផ្ដុំកីឡាករហ្វឹកហាត់ជុំគ្នានៅថ្ងៃព្រហស្បតិ៍ ២ថ្ងៃមុន ដែលពួកគេត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលភ្ញៀវ Everton ថ្ងៃសៅរ៍ ។