ទេសចរណ៍៖ ប្រាក់ចំណូលរបស់ថៃដែលទទួលបានពីវិស័យទេសចរណ៍ក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះត្រូវបានគេរំពឹងថានឹងសម្រេចបានចំនួន៧៣៤ប៊ីលានបាត ដែលគេកត់សម្គាល់ថាកើនឡើង៩%ធៀបនឹងឆ្នាំទៅ ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានថ្លែងថាបច្ចុប្បន្នអង្គភាពរបស់លោកមានក្តីរំពឹងថានឹងទាញយកប្រាក់ចំណូលពីវិស័យទេសចរណ៍បានចំនួន៧៣៤ប៊ីលានបាតក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៧នេះ ។
ទំហំចំណូលនៃការគ្រោងទុកនេះត្រូវបានស្រូបយកចំនួន៤៩០ប៊ីលានបាតពីបរិមាណទឹកប្រាក់ចំនួន៩,២ប៊ីលានបាតដែលថៃទទួលបានពីភ្ញៀវទេសចរបរទេសមកទស្សនាថៃ ។ ជាមួយគ្នានោះដែរបរិមាណភ្ញៀវទេសចរបរទេសកើនឡើងនៅគ្រប់ទីផ្សារក្នុងនោះមាន កំណើន១៨%នៅអាស៊ីខាងកើត ១៥%អាមេរិក ៨%អឺរ៉ុបនិង៧%ក្នុងទីផ្សារតំបន់មជ្ឈិមបូព៌ា ។
សកម្មភាពក្នុងវិស័យទេសចរណ៍ពីភ្ញៀវក្នុងស្រុក៣២,៥លាននាក់ក្នុងមួយលើកថៃប្រមូលចំណូលបាន២៤០ប៊ីលានបាត កើនឡើង១២%ពីមួយឆ្នាំទៅមួយឆ្នាំ។
អាជ្ញាធរទេសចរណ៍ថៃកំពុងរំពឹងថាថៃនឹងស្រូបបានប្រាក់ចំណូលចំនួន៦៣០ប៊ីលានបាតក្នុងត្រីមាសទី២ដែលនឹងកើនឡើង១១%ពីមួយឆ្នាំទៅមួយឆ្នាំ ។ មួយវិញទៀតថៃក៏មានក្តីរំពឹងចំពោះភ្ញៀវទេសចរជនជាតិចិនដែលជាក្រុមមានចំនួនច្រើនលើសលុបនិងជាអ្នកពាំនាំមកនូវចំណូលច្រើនបំផុតដល់ប្រទេសថៃប្រមាណជា១២០លានបាត ចំណែកអ្នកបន្ទាប់គឺរុស្ស៊ី២៤ប៊ីលានបាត និងម៉ាឡេស៊ី២៣ប៊ីលានបាត ។
ដោយឡែកសកម្មភាពទាក់ទិននិងទេសចរណ៍ក្នុងតំបន់ភាគខាងត្បូងត្រូវបានគេរំពឹងថានឹងប្រសើរឡើងវិញពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីខែមករា ស្របពេលដែលក្រុងបាងកក តំបន់ភូមិភាគកណ្តាលប្រទេស និងតំបន់ឆ្នេរភាគខាងកើតនឹងនៅតែមានការពេញនិយមដដែលក្នុងរដូវបុណ្យទានឬថ្ងៃឈប់សម្រាកផ្សេងៗ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា