កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានរៀបចំកម្មវិធីសែនក្រុងពលីភាពយន្ដថ្មី រឿង ”ជីវិតនាងរចនា” ដែលជារឿងថៃ ដ៍ល្បី មកកែសម្រួលថតជារឿងខ្មែរ សាជាថ្មី តាមបែបខែ្មរ។
ភាពយន្ដខ្នាតធំនេះមានការចូលរួមសម្តែងពីតារាប្រុសស្រីជាច្រើនដួង ហើយក្នុងនោះតំណែងតួឯកស្រី នាងរចនា បានទៅលើស្រីក្មេងសាច់សខ្ចី នាងម៉ុន ផលចរិយា ហៅអរិយា ចំណែកតួឯកប្រុសឧត្តមសេនីយត្រី សុវណ្ណ បានទៅលើបុរសរូបសង្ហា លោកអ៊ុន សិទ្ធា ។
លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យរបស់ប៉ុស្ដិ៍លេខ៥ បានថ្លែងថា ”រឿង ”ជីវិតនាងរចនា” នេះ មាន៣០ភាគ ហើយគណៈកម្មការយើងដកស្រង់ពីរឿងថៃ មកកែច្នៃទៅជាភាពយន្ដខ្មែរ ជាលក្ខណៈខ្មែរ។ តាមពិត ប៉ុស្ដិ៍លេខ៥ ក៍ចង់ថតរឿងខ្មែរ អ្នកនិពន្ធជាខ្មែរដែរ តែធ្វើម៉េចតម្រូវការខ្ពស់ យើងធ្វើមិនទាន់ តែអនាគតទៅ យើងនៅតែត្រូវការអ្នកនិពន្ធខ្មែរដដែលទេ។ រឿងនេះគ្រោងថត៣ទៅ៤ខែ ទើបចប់ ហើយយើងមិនថតបណ្ដើរចាក់បណ្ដើរទេ គឺថតចប់ទើបដាក់បញ្ចាំង។ រឿង ”ជីវិតនាងរចនា” នេះ ឆ្លុះបញ្ចាំងពីការតស៊ូ ភាពច្រណែនឈ្នានីសគ្នា ជាដើម។ ថ្វីត្បិតតែរឿងនេះជាភាពយន្ដល្បីរបស់ថៃ មែន តែយើងមិនមានការព្រួយបារម្ភថា តួខ្មែរយើងលេងមិនដល់រឿងគេទេ។ តែផ្ទុយទៅវិញ ជាឱកាសដែលយើងរៀនបណ្ដើរ អនុវត្តន៍បណ្ដើរ ព្រោះប៉ុស្ដិ៍លេខ៥ មានក្រុមអ្នកដឹកនាំសម្ដែងពីថៃនិងខ្មែរ សហការគ្នា”។
កន្លងមក គេឃើញរឿងខ្មែរ របស់ប៉ុស្ដិ៍លេខ៥ ទទួលបានការគាំទ្រខ្លាំង ដូចជារឿង ”ហង្សបាក់ស្លាប”, ”នាងនាថបាត់ដំបង”, ”ច័ន្ទវង្វេងមេឃ”, ”វាលស្រែស្នេហ៍ខ្ញុំ” ជាដើម ដែលសុទ្ធតែរឿងល្បីរបស់ថៃ កែច្នៃទៅជារឿងខ្មែរវិញ។
លោកអះភិឆាត ដួងអាត អគ្គនាយករងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងជាតំណាងលោកសុផាឆៃ វីរៈជុង នាយកប៉ុស្ដិ៍កងយោធពលខេមរៈភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”រឿង ”ជីវិតនាងរចនា” នេះ ត្រូវបានផ្ចិតផ្ចង់សាច់រឿងល្អណាស់ ជាមួយមួយអ្នកដឹកនាំខ្មែរ-ថៃ សហការគ្នាធ្វើការ យើងសង្ឃឹមថា រឿងនេះនឹងមានការគាំទ្ររផ្ទុះជាមិនខាន ព្រោះតារាសម្ដែងយើងទាំងអស់សុទ្ធតែមានសមត្ថភាពល្អៗ។ប៉ុស្ដិ៍លេខ៥ តែងតែនាំយកភាពយន្ដខ្មែរល្បីៗ មកបម្រើអារម្មណ៍បងប្អូនជានិច្ច”៕