Friday, January 31, 2025
Homeព័ត៌មានជាតិចោទ​ចេះ​ធ្មប់ ​អ្នក​ស្រុក​ព័ទ្ធ​ផ្ទះ​ចង់​ចាប់​យក​ទៅ​សម្លាប់

ចោទ​ចេះ​ធ្មប់ ​អ្នក​ស្រុក​ព័ទ្ធ​ផ្ទះ​ចង់​ចាប់​យក​ទៅ​សម្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវអ្នកភូមិចោទប្រកាន់ថា ចេះអំពើអាបធ្មប់ ធ្វើ ឱ្យមានមនុស្សរស់នៅក្នុងភូមិធ្លាក់ខ្លួនឈឺ ជា បន្តបន្ទាប់ និងព្យាបាលមិនជាសះស្បើយសោះ រហូតធ្វើឱ្យអ្នកភូមិផ្ទុះកំហឹង ក៏លើកគ្នាមកព័ទ្ធ ផ្ទះទាមទារយកបុរសចំណាស់ទៅសម្លាប់ ដើម្បី កុំឱ្យក្នុងភូមិកើតមានបញ្ហាតទៅទៀត តែត្រូវ បានសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលនិងការពារ រំដោះចេញពីផ្ទះដោយសុវត្ថិភាព។

ករណីអ្នកភូមិរាប់រយនាក់បានទាមទារ ឱ្យចាប់បុរសចំណាស់ម្នាក់ យកទៅសម្លាប់ចោល ព្រោះសង្ស័យថា ចេះធ្វើអំពើអាបធ្មប់នេះ បាន កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចភូមិត្រពាំងស្វាយ ឃុំព្រៃ- វិហារ ស្រុកគងពិសី។

បុរសវ័យចំណាស់ ដែលអ្នកភូមិចោទថា ចេះអំពើអាបធ្មប់ និងទាមទារអូសយកទៅ សម្លាប់ មានឈ្មោះប្រាក់ គង់ អាយុ៦៥ឆ្នាំ មាន លំនៅក្នុងភូមិកើតហេតុ។

តាមសម្តីស្ត្រីជាប្រពន្ធបុរសចំណាស់ខាង លើ បានរៀបរាប់ប្រាប់ថា កន្លងទៅក្នុងភូមិមាន គ្រួសារមួយមានមនុស្សឈឺ ប៉ុន្តែក្រុមគ្រួសារ មិនបានយកចិត្តទុកដាក់បញ្ជូនអ្នកជំងឺទៅកាន់ មន្ទីរពេទ្យ ដើម្បីព្យាបាលនោះទេ តែបែរជា ដឹកអ្នកជំងឺទៅរកគ្រូហោទស្សន៍ទាយមើល ទៅវិញ។ តាមអ្វីដែលគាត់បានដឹងថា គ្រូហោ បានប្រាប់គ្រួសារអ្នកជំងឺនោះថា ក្នុងភូមិមាន មនុស្សចេះអំពើអាបធ្មប់ ទើបមានមនុស្សឈឺ ហើយមើលមិនជាបែបនេះ។ មិនបានប៉ុន្មានផង ស្រាប់តែអ្នកភូមិទាំងនោះ នាំគ្នាមកចោទប្តី របស់គាត់ថា ចេះអំពើអាបធ្មប់ទៅវិញ តែតាម ការពិតប្តីរបស់គាត់មិនចេះអ្វីទាំងអស់ ហើយ អ្វីដែលគាត់ចេះ គឺទស្សន៍ទាយតាមសៀវភៅ ដែលគេចងក្រងមកប៉ុណ្ណោះ។

ក្រុមអ្នកភូមិបានលើកឡើងនៅកន្លែង ទាមទារចង់យកបុរសចំណាស់មកសម្លាប់ថា កាលណាចេះទាយ គឺប្រាកដជាចេះធ្វើអំពើ អាបធ្មប់ហើយ។ ប៉ុន្តែប្រពន្ធជនរងគ្រោះបាន ចេញមុខស្បថស្បែជំនួសប្តី រហូតដល់ថ្នាក់ហ៊ាន ស្បថឱ្យធរណីស្រូប ប្រសិនបើប្តីចេះអាបធ្មប់ មែនទៀតផង ព្រោះប្តីរបស់គាត់មិនចេះអ្វីទាំង អស់ ក្រៅតែពីទាយតាមក្បួនតម្រាសៀវភៅ ដែលគេចងក្រង។

តាមប្រភពពីមន្ត្រីនគរបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋលើកគ្នាព័ទ្ធផ្ទះបុរសម្នាក់ ប៉ុនប៉ងចាប់បុរសរូបនោះ មកសម្លាប់ ដោយចោទ ថា ចេះអំពើអាបធ្មប់សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ចៀស កុំឱ្យមានផ្ទុះនូវបាតុភាពណាមួយ ឈានដល់ ការបាត់បង់ជីវិតមនុស្ស។ បន្ទាប់មកសមត្ថកិច្ច បានសម្រេចជម្លៀសបុរសចំណាស់ខាងលើ ឱ្យ ចេញពីផ្ទះ តែបានជួបនឹងការលំបាកខ្លាំងណាស់ ទម្រាំអាចជម្លៀសចេញបាន ព្រោះប្រជាពលរដ្ឋ មួយចំនួន ទាមទារយកជនរងគ្រោះមកសម្លាប់ ផ្ទាល់ដៃតែម្តង ដោយមិនដឹងថា ទង្វើបែបនេះ គឺត្រូវប្រឈមនឹងទោសទណ្ឌនោះទេ។

សមត្ថកិច្ចបន្តថា នេះពិតជាសំណាងណាស់ ដែលសមត្ថកិច្ចដឹងនិងចុះទៅដល់កន្លែងកើត- ហេតុទាន់ពេល ព្រោះបើយឺតបន្តិចបុរសចំណាស់ ខាងលើ អាចប្រឈមនឹងការបាត់បង់ជីវិត ព្រោះ តែមើលទៅអ្នកភូមិម្នាក់ៗហាក់ពោរពេញទៅ ដោយកំហឹងក្នុងខ្លួន ពោលគឺទាមទារចង់តែ សម្លាប់បុរសចំណាស់រូបនេះចោល ដើម្បីឱ្យ ក្នុងភូមិលែងមានអ្នកឈឺព្យាបាលមិនជាទៀត។ ករណីនេះ ប្រសិនបើផ្ទុះបាតុភាពអូសបុរស ចំណាស់ខាងលើ យកទៅវាយសម្លាប់មែន ពិត ជាលំបាកក្នុងការស៊ើបអង្កេតរកជនដៃដល់ណាស់ ព្រោះមនុស្សមួយភូមិជាអ្នកប្រព្រឹត្ត និងសម- គំនិតគ្នា។

​ប្រភពដដែលបន្តថា ក្រោយពីមានហេតុ ការណ៍នេះកើតឡើងក្រុមគ្រួសារបុរសចំណាស់ បានដាក់ពាក្យបណ្តឹងរួចហើយ ដើម្បីការពារ សុវត្ថិភាពជនរងគ្រោះ។ ដោយឡែក ស្ត្រីជា ប្រពន្ធជនរងគ្រោះបាននិយាយថា ប្តីរបស់គាត់ នឹងត្រូវបញ្ជូនឱ្យទៅរស់នៅឯខេត្តតាកែវ ជាមួយកូន ហើយពោលគឺមិនឱ្យរស់នៅក្នុងភូមិ ខាងលើនេះទៀតទេ ដើម្បីការពារសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួនប្តីរបស់គាត់។

គួរបញ្ជាក់ថា ករណីចោទប្រកាន់ថា ចេះ អំពើអាបធ្មប់ រួចកើតជាហិង្សា គំនុំសងសឹក លបលួចព្រួតគ្នាវាយសម្លាប់ តែងកើតមានជា រឿយៗនៅក្នុងសង្គមខ្មែរ ដោយប្រជាពលរដ្ឋ ខ្លះនៅមានជំនឿដិតដាបនឹងរឿងអាបធ្មប់ អារក្សអ្នកតា ហេតុនេះនៅពេលសមាជិកគ្រួ- សារឈឺថ្កាត់ មិនប្រញាប់បញ្ជូនទៅរកសេវា សុខាភិបាល ដើម្បីព្យាបាលសង្គ្រោះនោះទេ ច្រើនអុជធូបបែបន់តាមជំនឿ លុះអ្នកជំងឺ ហួសពេលមិនអាចសង្គ្រោះ បានក៏កើតជាកំហឹង ថា មានអ្នកចេះអាបធ្មប់ធ្វើឱ្យស្លាប់ បង្កើត បានជាអំពើឃាតកម្មផ្សេងៗដើម្បីរំសាយកំហឹង ឬជាការសងសឹក ដែលទង្វើទាំងនេះ គឺផ្ទុយនឹង ច្បាប់ទាំងស្រុងនិងត្រូវប្រឈមនឹងជាប់ទោស- ទណ្ឌពីបទឃាតកម្មទៀតផង៕

 

RELATED ARTICLES