Saturday, October 19, 2024
Homeតារាខ្មែរលោកគួច ខេវិន និយាយពី Rain ត្រៀមមកច្រៀងនៅកម្ពុជា ជាលើកទី២

លោកគួច ខេវិន និយាយពី Rain ត្រៀមមកច្រៀងនៅកម្ពុជា ជាលើកទី២

ការប្រគំតន្ដ្រី ”Smart Mega Concert” ដែលបានរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នោះ ពិតជាបានធ្វើឲ្យទស្សនិកជន ពិសេសយុវវ័យកម្ពុជាជាច្រើនបានរំជើបរំជួលជាខ្លាំង ព្រោះតែមានការចូលរួមពីកំពូលតារាចម្រៀង K-POP របស់កូរ៉េ លោក Rain ដែលបានធ្វើឲ្យកក្រើកសាលកោះពេជ្រ តែម្ដង ព្រោះ Fan លោក​Rain ខ្លះទៅគាំទ្រតារាលំដាប់ថ្នាក់ពិភពលោករូបសង្ហានេះ តាំងពីម៉ោង២រសៀលម្ល៉េះ ខណៈដែលលោក Rain ត្រូវច្រៀងនៅម៉ោង៨យប់នោះ។

លោកគួច ខេវិន និងលោក Rain

តាមរយៈការលើកយកបទដ៍ល្បីៗ៦បទ មកអង្រួនបេះដូងយុវវ័យកម្ពុជា មានដូចជាបទ ”La Song”, ”Rainism”, ”Love Song” ជាដើមនោះ លោក Rain ទទួលបានការស្វាគមន៍ជាច្រើនពី Fan ដែលប្រជ្រៀតគ្នាទស្សនាផ្ទាល់តារាល្បីរូបនេះច្រៀងសម្ដែង និងមានក្បាច់រាំយ៉ាងរស់រវើកគួរឲ្យជក់ចិត្តនោះ។ ប៉ុន្ដែទន្ទឹមនឹងនោះ ក៍មានអ្នកខ្លះបានរិះគន់លោក Rain ថា មកកម្ពុជា ម្ដង ទឹកមុខហាក់ស្រងូត ស្រងាត់មិនសប្បាយចិត្តទាល់តែសោះ ហើយគ្រាន់តែច្រៀងចប់ភ្លាម Rain រត់ចូលឡានបាត់ ដោយមិនបានថ្លែងអំណរគុណដល់ Fan បន្ដិចសោះ សូម្បីតែពិធីករមិនបានសម្ភាសន៍ពីចំណាប់អារម្មណ៍តារាចម្រៀងកូរ៉េរូបនេះមកកម្ពុជាផង។ តែខ្លះទៀតបានលើកឡើងថា លោក Rain មានទឹកមុខក្រៀមបែបនេះ ដោយសារតែនៅថ្ងៃនោះចំថ្ងៃដែលភរិយារូបស្អាតរបស់លោក នាង Kim Tae Hee ធ្វើខួបកំណើត ហើយលោកមិនបានចូលរួមខួបកំណើតប្រពន្ធ ទើបបានជាមិនសូវស្រស់ថ្លាបែបនេះ…។

ជុំវិញការរិះគន់លើតារាចម្រៀងនិងសម្ដែងហូលលីវូដ ដែលមកច្រៀងនៅកម្ពុជា ជាលើកទី១នេះ លោកគួច ខេវិន ជាអ្នកផលិតកម្មវិធីទូទស្សន៍ដ៍ល្បីល្បាញ ហើយធ្លាប់មានបទពិសោធន៍នាំតារាលំដាប់ថ្នាក់ពិភពលោកជាច្រើននាក់មកច្រៀងសម្ដែងនៅកម្ពុជា មានដូចជា លោក Michael Learns To Rock , Ronan Keating , Sean Kingston រួមទាំងតារាកូរ៉េ K-Pop ជាច្រើនដួង ហើយក៍ជាអ្នកដែលស្និទ្ធនិងក្រុមការងាររបស់លោក Rain នោះបានចេញមុខឆ្លើយតបទស្សនិកជនមួយចំនួនដែលបានរិះគន់លោក Rain ដែលបង្ហាញចរិកហាក់ឆ្មើងឆ្មៃមកអ្នកគាំទ្រកម្ពុជានេះ។ លោកខេវិន បានប្រាប់កាលពីថ្ងៃទី០៤ ខែមេសា ថា ”ប្រសិនបើគេមិនស្រលាញ់ គេមិនចូលចិត្តទស្សនិកជនខ្មែរនោះ គេនឹងមិនមកសម្ដែងនៅកម្ពុជាឡើយ។ នេះជាពាក្យដែលយើងគួរតែយល់ និងគួរតែពិចារណា។ សម្រាប់ខ្ញុំយល់ថា ការមកច្រៀងសម្ដែងរបស់លោក Rain នៅកម្ពុជា លើកទី១នេះ គឺជាមោទនភាពខ្លាំងណាស់សម្រាប់កម្ពុជា ដែលមានតារាលំដាប់អន្ដរជាតិ មកពីប្រទេសកូរ៉េខាងត្បូង អញ្ជើញមកសម្ដែងដើម្បីបំម្រើអារម្មណ៍ទស្សនិកជន និង Fan របស់គាត់នៅក្នុងប្រទេសរបស់យើង។ ចំពោះការរិញគន់លោក Rain ថា ឆ្មើងឆ្មៃ ច្រៀងចប់មិនបានជម្រាបលាមួយម៉ាត់នោះ គឺជារឿងគួរឲ្យខ្មាសអៀនទៅវិញទេ ព្រោះតែយើងមិនបានដឹងថា មានរឿងអ្វីនៅពីក្រោយខ្នងរឿងទាំងនោះ។ យើងគួរតែដឹងឲ្យបានច្បាស់សិន មុននឹងការធ្វើវិនិច្ឆ័យទៅលើរឿងអ្វីមួយ ព្រោះតាមពិត លោក Rain ចង់ច្រៀងថែម២បទទៀត តែខាងអ្នករៀបចំកម្មវិធីតម្រូវឲ្យគាត់ឈប់ ព្រោះតែមេឃជិតធ្លាក់ភ្លៀង អាកាសធាតុមិនអំណោយផល ទើបខាងប៉ុស្ថិ៍អាស៊ីអាគ្នេយ៍ បញ្ជាឲ្យគាត់ឈប់ ហើយ Rain ប្រញាប់ចូលឡាន ហើយគ្មានបានជម្រាបលាមួយម៉ាត់ហ្នឹង”។

 

លោក Rain ដែលប្រជាជនខ្មែរយើង ហៅថា” លីយ៉ុង ចេ” នោះមានព័ត៌មានក្រៅផ្លូវការថា សម្រាប់ការច្រៀង៦បទនោះ ទទួលបានតម្លៃខ្លួន១៨ម៉ឺនដុល្លារ (១បទ ៣ម៉ឺនដុល្លារ) គឺតម្លៃខ្លួនេះទាបជាងប្រទេសជិតខាង ដែល Rain សម្ដែង ព្រោះតែក្នុងន័យសប្បុរសធម៌ តែតម្លៃខ្លួននេះត្រូវបានលោក ហាក់ ដែលតំណាងឲ្យក្រុមហ៊ុន Smart ថា មិនដឹង ឬមិនហ៊ាននិយាយឡើយ។

តាមប្រភពថា ការដែលលោក Rain មានការស្វាគមន៍ពី Fan នៅកម្ពុជាជាច្រើនក្នុងការមកលើកទី១នេះ តារាលំដាប់អន្ដរជាតិរូបនេះ នឹងគ្រោងមកសម្ដែងជាលើកទី២ នៅកម្ពុជា ជាលើកទី២ទៀត នាពេលខាងមុខនេះ ដើម្បីសប្បុរសធម៌ ហើយថវិកាមួយចំនួននឹងបង្វិលមកជួយមន្ទីពេទ្យគន្ធបុប្ផា។

លោកគួច ខេវិន បញ្ជាក់ថា ”តាមខ្ញុំដឹងពីក្រុមការងារលោក Rain គាត់បានប្រាប់ថា លោក Rain ប្រាកដជានឹងមកកម្ពុជា ជាលើកទី២ ក្នុងពេលខាងមុខនេះមែន ព្រោះលោកសប្បាយចិត្តដែលមាន Fan ជាច្រើនទៅគាំទ្រ។ តាមរយៈក្រុមការងារលោក Rain សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនគាំទ្រទាំងអស់ និងសូមខន្តីអភ័យទោស រាល់កំហុសឆ្គងដោយអចេតនា ហើយគាត់បានសន្យាថា នឹងត្រឡប់មកវិញ ដើម្បីធ្វើការប្រគំតន្រ្ដីដ៍ធំមួយ ដែលនឹងមានការអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗរបស់កម្ពុជា សម្រាប់សប្បុរសធម៌ ដើម្បីរកថវិកាជួយដល់កុមារកំព្រា និងមន្ទីពេទ្យគន្ធបុប្ផា”៕

RELATED ARTICLES