សេដ្ឋកិច្ច៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងនៅក្នុងសន្និបាតចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ប្រចាំឆ្នាំ២០១៧ថាសេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងកើនឡើង៥,១%ក្នុងឆ្នាំ២០១៧នេះនិង៥,៣%ក្នុងឆ្នាំ២០១៨ ។
អគ្គនាយក ADB ប្រចាំប្រទេសឥណ្ឌូណេស៊ីលោក Winfried Wicklein បានថ្លែងក្នុងសន្និសិទកាសែតមួយថាតាមរយៈការជួយគាំទ្រភាពរស់ឡើងវិញនៃការវិនិយោគនិងពាណិជ្ជកម្មបរទេស ឥណ្ឌូណេស៊ីបានកំណត់បង្កើនកម្លាំងរុញច្រានបន្ថែមសម្រាប់កំណើន ។
លោកបានថ្លែងថាគន្លងផ្លូវនៃកំណើនដែលអាចទ្រទ្រង់រួចនឹងត្រូវការឲ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅនិងការកត់សម្គាល់អំពីភាពចន្លោះប្រហោងនៃវិជ្ជាជីវៈ ។
ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះបានជួបប្រទះនឹងកំណើនកម្រិតទាបរយៈពេល៦ឆ្នាំក្នុងកម្រិត៤,៧៩%ក្នុងឆ្នាំ២០១៥ និង៥,០%ក្នុងឆ្នាំ២០១៦ ។
ការព្យាករទុករបស់ ADB ចំពោះ កំណើនរបស់ឥណ្ឌូណេស៊ីគឺមានកម្រិតទាបជាងការប៉ាន់ប្រមាណទុករបស់ធនាគារពិភពលោកទៅទៀតគឺ៥,៣%និង៥,៥%សម្រាប់ឆ្នាំនេះនិងឆ្នាំក្រោយផ្អែកតាមការជួយគាំទ្រនៃការវិនិយោគនិងការរើបឡើងវិញនៃតម្លៃទំនិញ ។
នៅក្នុងរបាយការណ៍នៃអង្គសនិ្នបាត ADO ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានប៉ាន់ស្មានទុកថាការនាំចូលនឹងកើនឡើងប៉ុន្តែស្ថិតក្នុងកម្រិតនៃការបោះជំហានយឺតជាងមុនក្នុងប្រទេសឥណ្ឌូណេស៊ី ។ ស្របពេលដែលមានការប្រសើរឡើងនៃកំណើននិងការរើបឡើងនៃតម្លៃទំនិញ អត្រាអតិផរណាជាមធ្យមត្រូវបានគេរំពឹងថានឹងរើបឡើង៤,៣%ក្នុងឆ្នាំ២០១៧និង៤,៥%ក្នុងឆ្នាំ២០១៨ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា