ការងារ៖ បញ្ជីប្រាក់ខែកម្មករនិយោជិតនៅសហរដ្ឋអាមេរិកបានកើនឡើងយឺតបំផុតក្នុងខែមីនា ខណៈអត្រាអត់ការងារធ្វើធ្លាក់ចុះមកក្បែរកម្រិតទាបបំផុតក្នុងអំឡុងពេល១០ឆ្នាំនេះ គឺព្រោះតែទីផ្សារការងារនៅតែកំពុងតូចចង្អៀតនៅឡើយ ។
យោងតាមទិន្នន័យចេញផ្សាយដោយក្រសួងការងារកាលពីថ្ងៃសុក្របង្ហាញថាបញ្ជីប្រាក់ខែកម្មករនិយោជិតក្នុងវិស័យក្រៅពីកសិកម្មសរុបទាំងអស់បានកើនឡើងត្រឹមតែ៩៨.០០០នាក់ប៉ុណ្ណោះក្នុងខែមីនា ដែលស្ថិតក្រោមការរំពឹងទុកនៃទីផ្សារ១៧៥.០០០នាក់និង២១៩.០០០នាក់ក្នុងខែកុម្ភះ។
ក្រសួងការងារបានកែសម្រួលកំណើននៃបញ្ជីប្រាក់ខែក្នុងខែមករានិងខែកុម្ភះប្រមាណជា៣៨.០០០នាក់។ ក្នុងអំឡុងពេល៣ខែដំបូងនៃឆ្នាំនេះអត្រាការងារបានកើនឡើងជាមធ្យម១៧៨.០០០នាក់ក្នុងមួយខែ។
ចំណែកអ្នកអត់ការងារបានថយចុះ៤,៥%ក្នុងខែមីនា ស្ថិតក្នុងកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០០៧ ។
រីឯអត្រាចូលរួមក្នុងកម្លាំងពលកម្មបង្ហាញថា ប្រជាជនគ្រប់អាយុបំពេញការងារក្នុងកម្លាំងពលកម្មនៅសហរដ្ឋអាមេរិកមិនមានការប្រែប្រួលឡើយគឺស្ថិតក្នុងកម្រិត៦៣%ដដែល ។ ទន្ទឹមនិងនេះក្នុងខែមីនាប្រាក់ចំណូលគិតជាម៉ោងជាមធ្យមបានកើនឡើង៥សេនឬស្មើនឹង២៦,១៤ដុល្លារ ខណៈខែកុម្ភះកើន៦សេន។ ក្នុងអំឡុងឆ្នាំ២០១៧ការរកចំណូលគិតជាម៉ោងជាមធ្យមបានកើនឡើង២,៧%ទាបជាងខែមុនបន្តិចដែលកើន២,៨%។
គួរកត់សម្គាល់ថាធនាគារកណ្តាលសហរដ្ឋអាមេរិកកាលពីខែមីនាបានដំឡើងអត្រាការប្រាក់ពីរដងក្នុងរយៈពេលបីខែ ដែលប្រែប្រួលក្នុងកម្រិតបោះជំហានលឿនជាងមុននៃការដំឡើងអត្រាការប្រាក់ក្រោមរដ្ឋបាលរបស់លោកត្រាំស្របពេលទីផ្សារការងារកំពុងរឹងមាំហើយអតិផរណាកំពុងកើនឡើងឆ្ពោះទៅរកគោលដៅ ២% ដែលខ្លួនបានគ្រោងទុក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា