ឥណទាន៖ យោងតាមធនាគារកណ្តាល កំណើនឥណទានរបស់វៀតណាមក្នុងឆ្នាំ២០១៧នេះត្រូវបានគេព្យាករថាសម្រេចបានចំនួន៣,១៤%ក្នុងអំឡុងពេលគិតត្រឹមថ្ងៃទី២២ខែមីនា ខណៈប្រាក់បញ្ញើកើន៣,០៧% ។
ទិន្នន័យរបស់ធនាគារកណ្តាលបង្ហាញថាការផ្គត់ផ្គង់ប្រាក់សម្រាប់ជួយអតិផរណាក្នុងអំឡុងពេលនោះក៏បានកើនឡើងប្រមាណជា៣,៣៦%ផងដែរ ។
ប្រភពបន្តថាផ្ទុយពីនិន្នាការក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណទានក្នុងឆ្នាំ២០១៧បានកើនឡើងយ៉ាងសមគួរធៀបនឹងខែមុន ម្យ៉ាងទៀតឥណទានត្រូវបានប្រមូលផ្តុំក្នុងផ្នែកផលិតកម្មដែលស្មើនឹង៨០%នៃឥណទានសរុបទាំងអស់ ។
ចាប់តាំងពីដើមឆ្នាំនេះ ធនាគារកណ្តាលបានអនុវត្តទាន់ពេលវេលានិងការប្រតិបត្តិនូវទីផ្សារបើកចំហដែលអាចបត់បែនបានដើម្បីផ្តល់នូវសន្ទនិយភាពសម្រាប់បណ្តាគ្រឹះស្ថានផ្តល់ឥណទាននិងជួយរក្សាស្ថិរភាពនៃអត្រាការប្រាក់ក៏ដូចជាអត្រាប្តូរប្រាក់។
ក្នុងអំឡុងពេល៣ខែដំបូងនៃឆ្នាំ២០១៧នេះ ក្រៅពីការបន្តរក្សាអត្រាការប្រាក់ផ្លូវការឲ្យមានស្ថិរភាព ធនាគារកណ្តាលក៏បានណែនាំដល់បណ្តាធនាគារឲ្យកាត់បន្ថយការចំណាយនិងធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់កាត់បន្ថយអត្រាប្រាក់កម្ចី ។
អត្រាការប្រាក់នៅតែមានស្ថិរភាពដដែលក្នុងអំឡុងត្រីមាសដំបូងនៃឆ្នាំនេះ ខណៈអត្រាប្រាក់បញ្ញើជាមធ្យមស្ថិតក្នុងកម្រិត ៤,៨%ទៅ៥,៤% សម្រាប់រយៈពេលតិចជាង៦ខែ ៥,៦%ទៅ៦,៧%ចន្លោះពេល៦ទៅ១២ខែនិង៦,៧%ទៅ៧,៤%សម្រាប់រយៈពេលយូរ ។
ទោះជាយ៉ាងណាអត្រាប្រាក់កម្ចីស្ថិតក្នុងកម្រិត ៦ទៅ៩%សម្រាប់កម្ចីរយៈពេលខ្លី និង៩ទៅ១១%សម្រាប់កម្ចីរយៈពេលមធ្យមនិងវែង ខណៈអតិថិជនទាំងឡាយដែលស្ថិតក្នុងបញ្ជីប្រតិបត្តិការបានល្អ អាចខ្ចីបាន៤ទៅ៥%សម្រាប់កម្ចីរយៈពេលខ្លី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា