Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកADB៖ សេដ្ឋកិច្ចវៀត​ណាម​នឹង​កើន​ឡើង​​៦,៥%​​ក្នុង​ឆ្នាំ​២០១៧

ADB៖ សេដ្ឋកិច្ចវៀត​ណាម​នឹង​កើន​ឡើង​​៦,៥%​​ក្នុង​ឆ្នាំ​២០១៧

សេដ្ឋកិច្ច៖ តាមរបាយការណ៍​ចក្ខុវិស័យ​នៃការ​អភិវឌ្ឍអាស៊ី​ប្រចាំឆ្នាំ២០១៧​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឲ្យ​ដឹងថា​សេដ្ឋកិច្ច​របស់​វៀតណាម​នឹង​កើនឡើង​៦,៥%​ក្នុងឆ្នាំនេះ​និង​ពង្រីកបាន៦,៧%​ក្នុងឆ្នាំ​២០១៨ ។

តួលេខ​នេះត្រូវបានបញ្ចេញដោយ​​អ្នកឯកទេស​សេដ្ឋកិច្ច​របស់​ ADB លោក Aaron Batten ក្នុង​សន្និសិទកាសែតមួយ​ស្តីការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ក្នុងប្រទេស​វៀតណាម​និង​តំបន់​អាស៊ី​ប្រចាំឆ្នាំ​២០១៧​ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងទីក្រុង​ហាណូយ​​កាលពីថ្ងៃទី​១០ខែ​មេសានេះ ។

ក្នុងរបាយការណ៍នោះ​ក៏បាន​កត់សម្គាល់​ផងដែរថា​សេដ្ឋកិច្ច​​របស់​វៀតណាម​នឹង​ត្រូវបាន​ជំរុញ​ឲ្យ​រីកធំធាត់​តាម​រយៈ​ការ​អភិវឌ្ឍ​ក្នុង​ផលិតកម្ម​ក្នុងស្រុក សំណង់​ ការលក់​រាយនិងលក់​ដុំ​ ធនាគារ​និង​ទេសចរណ៍​ ។

ចំណែកការវិនិយោគ​ផ្ទាល់ពីបរទេស​នឹង​ជួយ​ជំរុញ​បង្កើន​ផលិតកម្មក្នុងស្រុក​​ក៏ដូចជា​ការ​រកចំណូល​ពីការនាំចេញ​ផងដែរ ។

ជាងនេះទៅទៀត​បរិមាណនៃ​ជនជាតិ​វៀតណាម​ដែលមាន​កម្រិត​ជីវភាព​ថ្នាក់កណ្តាល​នឹង​កើនឡើងទ្វីបដង​ឬមាន​ចំនួន​៣៣លាននាក់​ក្នុង​ឆ្នាំ​២០៣០​ ដែល​នាំមកនូវ​កំណើននៅក្នុងការចំណាយ​ជាបុគ្គល​និង​ការ​លក់រាយ​ផងដែរ ។

ទន្ទឹមនិងនេះ​ផលិតកម្ម​ក្នុងផ្នែកកសិកម្ម​ត្រូវបានគេព្យាករថា​នឹងរើបឡើង​បន្តិច​បន្តួច​ក្នុង​ឆ្នាំ​២០១៧ ដែលនាំមកនូវ​ចក្ខុវិស័យ​​នៃ​តម្រូវការ​អាហារ​នៅលើពិភពលលោក​ខ្ពស់ជាងមុន ។

ទោះជាយ៉ាងណា​វិស័យ​កសិកម្ម​របស់វៀតណាម​នឹងបន្ត​កំណើន​ក្នុងកម្រិត​យឺត​របស់ខ្លួន​ធៀបនឹងវិស័យដទៃ​ដែលអូសទាញទម្លាក់ចុះ​នូវ​​និន្នាការ​សេដ្ឋកិច្ច​ជាតិ​​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES