Thursday, September 19, 2024
Homeសង្គម និងជីវិតរៀបការរួច ក្រពេក ផ្សំដំណេកក្បែរគោ

រៀបការរួច ក្រពេក ផ្សំដំណេកក្បែរគោ

ទោះជាគោបន្ទោបង់លាមក ទឹកនោម ឆ្អេះង៉ោងយ៉ាងណា ក៏វាមិនរំខានដល់គូស្វាមីភរិយាថ្មី ដែលមកប្រជ្រៀតផ្សំដំណេកក្នុងក្រោលក្បែរវានោះឡើយ។ នេះហើយជីវិតគូស្នេហ៍ស្មោះភក្តី ពេលជួបភាពក្រីក្រត្រដរមិនរួច មិនអាចរកគ្រែពូកខ្នល់ខ្នើយ កង្ហារបក់ ឬម៉ាស៊ីនត្រជាក់បានឡើយ គឺមានតែក្រោលគោនេះហើយ ជាទ្រនំសុខសាន្តរបស់ពួកគេ…។

នាងកាន់ សុខ អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបនាងជាកូនពៅ ដែលមានតែបងប្រុសម្នាក់ ឪពុកឈ្មោះកាន់ ជា អាយុ៦៥ឆ្នាំ ម្តាយឈ្មោះសួន ស៊ីម អាយុ៦២ឆ្នាំ ជាកសិករ។ បន្ទាប់ពីឈប់រៀនត្រឹមចេះអានសរសេរមក នាងនៅតែផ្ទះ ជួយធ្វើស្រែចម្ការឪពុកម្តាយ លុះមានវ័យ២០ឆ្នាំ ក៏ចេញទៅធ្វើការរោងចក្រនៅសង្កាត់កំបូល ដើម្បីរកកម្រៃជួយគ្រួសារដ៏ក្រីក្រ។ នាងទៅធ្វើការឆ្ងាយផ្ទះ ក៏មានទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ ឈ្មោះស៊យ សំអូន អាយុប្អូននាង១ឆ្នាំ ជាអ្នកភូមិគោកចារ ឃុំស្រុកជាមួយគ្នា។ នាងមិនលាក់បាំងអ្វីទេចំពោះប្រវត្តិស្នេហ៍នេះ ដោយបញ្ជាក់ថា យប់មួយ ក្រោយពីចេញពីធ្វើការថែមម៉ោង និងទើបបើកប្រាក់ខែផងនោះ សង្សារបានបបួលនាងទៅរកញ៉ាំស៊ុប និងសាច់គោអាំងនៅហាងមួយ មិនឆ្ងាយពីរោងចក្រ។ ហេតុតែនិស្ស័យស្នេហ៍ នាងក៏យល់ព្រមទៅតែពីរនាក់គេ ទាំងអារម្មណ៍ភ័យអរៗ ព្រោះមិនដែលដើរចូលគ្នាសោះ។ មុនដំបូង នាងញ៉ាំទឹកក្រូចទេ លុះបន្ទាប់មក ក៏បែរមកញ៉ាំស្រាបៀរ ABC តាមបំណងគូស្នេហ៍ ដែលប្រាប់ថា បានជាជ្រុលផឹកត្រូវកុម្មង់អាធុនថ្លៃ ក្រែងអនាគតងើបត្រដែត។ ត្រូវស្រាបៀរដាក់ទឹកកក ត្រជាក់ស្រេងអស់២កំប៉ុង ក៏ស្ពឹកមុខ ឯសង្សារចេះតែខិតមកជិត និយាយសរសើរនាងថា ស្អាតណាស់ ទន្ទឹមនឹងដៃរបស់គេលូករាវឱ្យរសឹប ជួនអង្អែលភ្លៅ ជួនកញ្ចឹងករបស់នាងឡើងព្រឺរោមខ្ញាកៗ។

នាងកាន់ សុខ និងលោកស៊យ សំអូន ពេលផ្តល់សម្ភាសន៍

នាងកាន់ សុខ បន្តទៀតថា តាមពិត សមត្ថភាពពួកនាងមិនសមមកផឹកស៊ីបង្ហិនលុយយ៉ាងនេះទេ តែសង្សារថា ចង់ឱ្យវាឆ្លងតាមអ្នកមាន ព្រោះអ្នកមានផឹក ABC បើផឹកទឹកក្រូច រត់មិនទាន់គេទេ។ ជាងនេះទៀត បន្ទាប់ពីផឹកក្លែមស្រឿងៗរួចមក ក៏ឈានដល់ម៉ោង១០យប់ នាងមិនហ៊ានវិលទៅផ្ទះជួលវិញទេ ក៏ត្រូវសង្សារបបួលឡើងដេកផ្ទះសំណាក់។ នាងគិតថា ពេលនេះ ច្បាស់ជាសង្សារនាងយកព្រហ្មចារីបានមិនខានទេ ទើបនាងព្យាយាមអង្វរគេថា “បើស្រលាញ់ពិត ចាំរៀបការសិនទៅ អូនមិនកំណាញ់ខ្លួនទេ តែពេលនេះកុំទាន់អាលអីបង!” ហេតុតែជាប្រុសមានស្នេហ៍ភក្តី គេក៏មិនបង្ខំនាងដែរ បានត្រឹមដេកឱប និងថើបខ្លះៗប៉ុណ្ណោះ រួចក៏លង់លក់យ៉ាងសែនសុខ។ រំលងបាន១អាទិត្យ សង្សារទ្រាំលែងបាន ក៏រំអុកឪពុកម្តាយគេឱ្យចូលស្តីដណ្តឹងនាងតាមប្រពៃណី ប៉ុន្តែហោរាគន់គូរថា ខែឆ្នាំមិនល្អ ឆុងគ្នា បើយកគ្នាទៅ រកស៊ីមិនឡើង ទើបធ្វើឱ្យរាំងស្ទះដល់សេចក្តីស្នេហា។ ពេលនោះពួកនាងពិបាកចិត្តណាស់ លែងខ្ចីធ្វើការរោងចក្រ ដោយនាំគ្នាវិលមកស្រុក ត្រៀមធ្វើអត្តឃាតទាំងពីរនាក់ បណ្តាលឱ្យចាស់ទុំទាំងសងខាងទាល់ចំណេះ ក៏ព្រមព្រៀងគ្នារៀបការខ្នាតតូចឱ្យបានគ្នាជាប្តីប្រពន្ធទៅ។

នាងកាន់ សុខ បន្ថែមទាំងមុខជូរថា គ្រួសារទាំងសងខាងរស់នៅក្រោមខ្ទមស្លឹករខេករខាកដូចគ្នា ស្ទើរតែរកកន្លែងដេកមិនបាន លុះរៀបការរួចរាល់ ម៉ែឪនាងគិតនាំគ្នាដើរចេញពីខ្ទម ដោយប្រគល់គ្រែពួកគាត់ឱ្យប្តីប្រពន្ធនាងផ្សំដំណេក។ តែដោយអាណិតម៉ែឪពេក នាងមិនឱ្យពួកគាត់ចេញទេ ដោយសម្រេចចិត្តរៀបចំក្រោលគោធ្វើជាកន្លែងផ្សំដំណេកបណ្តោះអាសន្នសិន ដោយប្រមូលកំណាត់ឈើទៅរៀបផ្ទាល់ដី និងបាំងកន្ទេលមួយ ឱ្យគោដេកម្ខាង ពួកនាងដេកម្ខាង។ យប់នោះ នាងបានប្រគល់ព្រហ្មចារីជូនប្តីសម្លាញ់ដោយមិនស្តាយស្រណោះ ដោយទទួលអារម្មណ៍ថា ទោះជាគោបក់កន្ទុយប៉ះរបាំងកន្ទេល និងជុះអាចម៍ប៉ក់ៗ ជួនក៏បាញ់នោមឆៗ ឆ្អេះង៉ោងយ៉ាងណា ក៏មិនរំខានដល់សុភមង្គលស្នេហ៍នេះដែរ។ ជាង១ខែកន្លងមកនេះ ពួកនាងមិនទាន់រកកន្លែងថ្មីបាននៅឡើយ គឺនៅតែដេកក្បែរគោ ហិតក្លិនអាចម៍គោរាល់យប់ ធ្វើម៉េចបើកើតមកជាកូនអ្នកក្រយ៉ាងនេះ មានតែតស៊ូទៅ។

ក្រោលគោដែលនាងកាន់ សុខ និងលោក ស៊យ សំអូន ខណ្ឌជា២ ដើុម្បីផ្សំដំណេក

ដោយឡែក លោកស៊យ សំអូន អាយុ២០ឆ្នាំ ជាប្តី បានឱ្យដឹងថា គេមានឪពុកឈ្មោះស៊យ បឿ ម្តាយឈ្មោះផាង គេមានបងប្អូន៨នាក់ ក្នុងនោះរូបគេជាកូនទី៣។ រឿងស្នេហារវាងរូបគេ និងភរិយាសម្លាញ់នេះ ពិតដូចអ្វីដែលនាងរៀបរាប់មិនបំផ្លើសទេ គឺកាលធ្វើការរោងចក្របានប្រាក់ខែម្នាក់ ជាង១០០ដុល្លារដែរ ក៏បបួលគ្នាចូលផឹកម្តងឱ្យស្គាល់ជាតិ ABC និងឡើងផ្ទះសំណាក់ម្តងដែរ ដើម្បីឱ្យជាប់ចំហាយអ្នកមាន។ គេពិតជាមិនហ៊ានបង្ខំសង្សារមែន ទោះជាស្រវឹងស្រឿងៗយ៉ាងណាក៏ដោយ តែក្លិនក្លែបក្រអូបប្រហើររបស់ស្រីថ្លៃ ធ្វើឱ្យគេទ្រាំលែងបាន ក៏ជម្រាបម៉ែឪឱ្យចូលស្តីដណ្តឹងរៀបការ រហូតដល់បានសម្រេចដូចបំណង។ អនុស្សាវរីយ៍នារាត្រីទី១ ផ្សំដំណេកក្បែរគោនោះ ទោះមេឃរលំភ្នំរលាយ ក៏គេមិនអាចបំភ្លេចបានដែរ ហើយទោះជាធុំក្លិនអាចម៍ និងទឹកនោមគោ ឆេះឆួលច្រមុះយ៉ាងណា ក៏មិនអាចមករំខានសុភមង្គលស្នេហ៍របស់ពួកគេបានឡើយ។ សព្វថ្ងៃពួកគេត្រូវចូលបម្រើការងាររោងចក្រវិញ ដោយតាំងចិត្តថា នឹងខំសន្សំលុយសង់ផ្ទះឱ្យបាននៅសមរម្យ ដោយបំពាក់គ្រែពូកខ្នល់ខ្នើយឱ្យដូចផ្ទះសំណាក់ ព្រោះរាសីមនុស្សមើលមិនឃើញទេ អ្វីៗវាចេះពីរៀន មានពីរក។

លោកកាន់ ជា និងអ្នកស្រីសួន ស៊ីម ជាឪពុក ម្តាយខាងស្រី បានឱ្យដឹងស្របគ្នាថា កាលកូនស្រីលួចមានសង្សារនោះ ពួកគាត់ភ័យដែរ ខ្លាចពួកគេលេងផ្លូវកាត់ នាំឱ្យមានផ្ទៃពោះខ្មាសអ្នកស្រុក លុះដឹងថា កូនទាំងពីរចេះគោរពប្រពៃណី ក៏ស្រុះស្រួលរៀបការឱ្យទៅ ទោះជាគ្រូទាយថា ខែឆ្នាំមិនល្អក្តី។ រឿងកូនផ្សំដំណេកក្បែរគោនោះ គឺមកពីទាល់ច្រក ខ្ទមវាចង្អៀតពេក ក៏កែច្នៃក្រោលគោ ខណ្ឌជា២ចំណែក ឱ្យគោដេកម្ខាង មនុស្សដេកម្ខាងទៅ លុះព្រឹកឡើង ក៏ឮគេត្អូញរឿងឆ្អេះទឹកនោមគោដែរ តែមិនដឹងធ្វើម៉េចទេ បើយើងវាក្រ។

អ្នកស្រីចាន់ ស៊ី អាយុ៤០ឆ្នាំ ជាញាតិបានឱ្យដឹង ថា ប្តីប្រពន្ធថ្មោងថ្មីនេះកម្សត់កម្រនឹងគ្នាណាស់ តែទោះជាពួកគេដេកក្បែរគោ ក៏ធ្លាប់ស្គាល់រសជាតិ គ្រែពូក ម៉ាស៊ីនត្រជាក់ក្នុងផ្ទះសំណាក់ដែរ គង់តែ អនាគតរកបានកន្លែងស្រួលមិនខាន”៕

RELATED ARTICLES