អតីត Freshie Girl កញ្ញាយ៉ែម ស្រីពេជ្រ ដែលលេចធ្លោរឿង ”កូនក្រមុំលោកមេឃុំ” និងរឿង ”ភ្លើងស្នេហ៍ ភ្លើងឬស្យា” របស់ប៉ុស្ដិ៍លេខ៥នោះ ស្រាប់តែឆក់បានតំណែងតួឯករឿងថ្មីមួយទៀត គឺរឿង ”ចម្ការលាក់ស្នេហ៍” ដោយប៉ះជាមួយប្រុសក្មេង អតីត Freshie Boy លោកជា លាងឈែ ដែលបានធ្វើពិធីសែនក្រុងពាលីនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភោគិត្រា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។ ក្រៅពីស្រីស្អាត ស្រីពេជ្រ និងប្រុសសង្ហា ឈែ ជាតួឯកប្រុសស្រីនោះ ក៍មានតារាល្បីៗជាច្រើនទៀត ដែលចូលរួមសម្ដែងរឿង ”ចម្ការម្លប់ស្នេហ៍” នេះ ដូចជា លោកលាង ឧត្តម, ឆ័យលី ដាឡែន, រតនៈ មូណា ជាដើម។
លោកអះភិឆាត ដួងអាត អគ្គនាយករងប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”ថ្ងៃនេះជាពេលវេលាល្អណាស់ ដែលយើងបានធ្វើពិធីក្រុងពលីរឿង ”ចម្ការម្លប់ស្នេហ៍” នេះ ហើយយើងសង្ឃឹមថា ក្រុមការងារយើងនិងតារាទាំងអស់ដែលសម្ដែងរឿងនេះ នឹងសហការគ្នាបានរលូន ដើម្បីទទួលបានភាពជោគជ័យជាមិនខាន។ នេះជារឿងខ្មែរទី៧ហើយ ដែលប៉ុស្ដិ៍លេខ៥ បានផលិតខ្លួនឯង ហើយខ្ញុំជឿជាក់ថា រឿងនេះនឹងមានការពេញនិយមពីទស្សនិកជនដូចរឿងមុនៗជាមិនខាន ព្រោះយើងមានអ្នកដឹនាំរឿងខ្មែរ-ថៃ សហការគ្នាធ្វើរឿងនេះឲ្យមានគុណភាពល្អជាងរឿងមុនៗទៅទៀត”៕