ករណីបាញ់ប្រហារលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បី ត្រូវបានប្រជាពលរដ្ឋមួយចំនួនសន្និដ្ឋានថា កាលបើអស់ ពីអ្នកនិយាយមិនសំចៃមាត់ម្នាក់នេះទៅ ច្បាស់ជាគ្មានអ្នកណាហ៊ានវិភាគរឿងសង្គម ឬគាស់កកាយអំពើពុករលួយទៀតទេ ប៉ុន្តែដឹងអី! គ្រាន់តែលោកបណ្ឌិតទទួលមរណភាពបាន៧ថ្ងៃ ស្រាប់តែលេចក្រុមអ្នកវិភាគវ័យក្មេង បើកសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ “ប្តេជ្ញាបន្តយកគំរូបណ្ឌិតកែម ឡី” មិនខុសពី “ត្រីបណ្តើរកូន” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
នៅក្នុងត្រពាំងទឹកមួយកន្លែងកណ្តាលភូមិ ឱ្យតែចូលដល់ខែជេស្ឋ អាសាឍ ឬខែមិថុនា កក្កដា ដូចពេលនេះ តែងតែ មាន “ត្រីបណ្តើរកូន” ដែលមនុស្សមើលពីលើមាត់ត្រពាំងឃើញយ៉ាងច្បាស់។ មេត្រី ដែលហែលរេរានាំកូនវារកស្លែ សារាយ ឬសត្វល្អិតក្នុងទឹកធ្វើចំណីនោះ ភាគច្រើនជាត្រីរ៉ស់ ឬត្រីអណ្តែង។ មេត្រី មានទំហំប៉ុនកំភួនដៃ ឯកូនត្រីល្អិតៗ មានសម្បុរ ក្រហម មានចំនួនរាប់សិបក្បាល ហែលរវិចៗ បន្ទាប់ពីញាស់ចេញពីពង ឬចេញពីសម្បុកត្រីក្នុងព្រៃលិចទឹក។ មេត្រីបណ្តើរ កូននោះ បើហែលមិនប្រយ័ត្នច្បាស់ជាមនុស្សពួយនឹងស្ន ឬស្ទូចបាន យកទៅធ្វើម្ហូបមិនខាន ដោយបន្សល់ទុកកូនរបស់វា ឱ្យ នៅបន្តពូជ រស់ក្នុងត្រពាំងបឹងបួ។
យ៉ាងណាមិញ ករណីអ្នកវិភាគវ័យក្មេង បើកសន្និសីទសារព័ត៌មាន ចាត់ទុកលោកបណ្ឌិតកែម ឡី ជារៀមច្បង និងលើក តម្កើងជា “វីរបុរសសេរីភាព” នោះ មិនខុសពីកូនត្រី ដែលមេរបស់វាត្រូវស្នអ្នកនេសាទនោះឡើយ។ កាលលោកបណ្ឌិត នៅរស់ អ្នកវិភាគវ័យក្មេងទាំងនោះ មិនទាន់ចេញមុខពេកទេ ដោយគ្រាន់តែរៀនត្រងត្រាប់ចាប់យករបៀបបែបផែននៃ ការវិភាគសង្គមខ្លះៗ តាមរយៈហ្វេសប៊ុក ប៉ុន្តែ ពេលនេះ ពួកគេបានឯកភាពគ្នាលើកយកគោលការណ៍៩ចំណុច មកអនុវត្ត។ ពួកគេលើកឡើងថា រៀមច្បងកែម ឡី “គាត់ដើរតែឯង នៅតែឯង មិនមានការវិភាគជាក្រុម ប៉ុន្តែ… ពួកយើងចងក្រងគ្នា ជាក្រុម ដើម្បីឱ្យក្រុមយើងមានលក្ខណៈរឹងមាំ”។ ការប្តេជ្ញាចិត្តរបស់ក្រុមអ្នកវិភាគស្រករក្រោយនេះ មិនខុសពីកូនត្រី ដែល អស់ពីមេទៅ តែងប្រមូលផ្តុំគ្នាហែលរកស្លែស៊ី បានធំធាត់បន្តិចម្តងៗ ក្លាយទៅជាត្រីរ៉ស់ ដូចមេវាដែរ។ ទោះជាអ្នកភូមិស្ទូច បាន ឬពួយនឹងស្នបានខ្លះយកទៅអាំង ក៏ធ្វើយ៉ាងណាក៏មិនអស់ពូជត្រីរ៉ស់ ឬត្រីផ្ទក់ ក្នុងត្រពាំងនោះដែរ។ អ្វីដែលយើងចាប់ អារម្មណ៍នោះ គឺអ្នកវិភាគវ័យក្មេង បានឯកភាពគ្នា “បង្កើតមូលនិធិមួយ” ដើម្បីការពារដល់ក្រុមអ្នកវិភាគណាដែលមាន បញ្ហា ចាត់ទុកថា ពួកគេរៀបជើងព្រួលបានល្អិតល្អន់ណាស់ ដើម្បីបន្តវេនពីបណ្ឌិតកែម ឡី។
ដូច្នេះយើងឃើញថា មនុស្សលោកនេះ មិនងាយកាច់បំបាក់ទេ ដូចអ្វីដែល “នគរធំ” ធ្លាប់បរិយាយពី “ធុំក្លិនឈាម ឈ្លើងទាមកាន់តែខ្លាំង” ពោលគឺ ទោះជាអ្នកចងសន្ទូងយកកាំបិតដ៏មុត កាត់ឈ្លើងដែលទាមជើងគាត់បោះចោលយ៉ាងណា ក៏ឈ្លើងធុំក្លិនឈាមគ្នាវា ហែលមកឱ្យរវាមកាន់តែច្រើនទៅៗ ដេញទាមជើងអ្នកចងសន្ទូច។ សត្វខ្លាសាហាវ ឬតោកំណាច គេអាចផ្សាំងវាឱ្យចេះលេងសៀកបាន ឯសត្វដំរីមាឌធំ ក៏មនុស្សអាចផ្សាំងយកធ្វើជាជំនិះបានដែរ ប៉ុន្តែ មនុស្សលោកនេះ មិនងាយផ្សាំងដោយស្រួលនោះឡើយ។
ទោះយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាច បានលើកឡើងថា បើអ្នកវិភាគវ័យក្មេងទាំងនោះធ្វើខុសច្បាប់ អាច ប្រឈមនឹងច្បាប់ ដូច្នេះ មានន័យថា ការវិភាគ លុះត្រាតែមានតម្រុយ ឬភ័ស្តុតាងច្បាស់លាស់ ទើបការវិភាគនោះមាន តម្លៃ។ បើវិភាគគ្មានហេតុផល គ្មានតឹកតាងប្រាកដនិយម ជួនកាល ក៏រងការប្តឹងផ្តល់ពីបទបរិហារកេរ្តិ៍ ដែលករណីបែបនេះ យើងធ្លាប់ឃើញជាហូរហែ។ ការប្តេជ្ញាចិត្តរបស់ក្រុមអ្នកវិភាគវ័យក្មេង ត្រង់ចំណុចទី៦ ថា “ប្តេជ្ញាចិត្តនៅជាកណ្តាល ដោយ មិនចូលរួមជាមួយបក្សណាមួយឡើយ” រីឯចំណុចទី៤ ថា “ប្តេជ្ញាចិត្តមិនលក់ចំណេះដឹង ឧត្តមគតិក្នុងនាមជាអ្នកវិភាគជា ដាច់ខាត”។ ចំណុចទី២នេះសំខាន់ជាងគេ ដែលបង្ហាញថា ទៅអនាគត ទោះអស់ពីបណ្ឌិតកែម ឡី ក៏អ្នកវិភាគវ័យក្មេង ដែលចងបាច់គ្នាជាក្រុមនេះ “កាន់តែច្បាស់លាស់” ជាងបណ្ឌិតកែម ឡី ទៅទៀត។ ពួកគេប្តេជ្ញាថា “មិនលក់ចំណេះដឹង” គឺ មានន័យថា ពួកគេរៀនសូត្រចេះដឹងជ្រៅជ្រះ ទាបបំផុតក៏បរិញ្ញាបត្រដែរ ហើយប្តេជ្ញាមិនចូលគណបក្សណានោះ ច្បាស់ជា មានការវិភាគចំៗ មិនប្រកាន់និន្នាការឃើញយ៉ាងណាថាយ៉ាងហ្នឹងមិនខានឡើយ។ ធម្មតាអ្នកវិភាគឯករាជ្យ បើឃើញអ្នកនយោបាយណា ឬគណបក្សណាធ្វើខុស ក៏រិះគន់ភ្លាម ដូចលោកកែម ឡី ធ្លាប់រិះគន់មេបក្សប្រឆាំងថា “ជាអ្នកនយោបាយ កំសាក រត់ចោលកូនចៅ” និងរិះគន់បក្សកាន់អំណាចថា “បើធ្វើកំណែទម្រង់មិនបានល្អ នឹងចាញ់ឆ្នោត” ប៉ុន្តែ ធម្មតាអ្នកធ្វើ ខុសច្រើនជាង អ្នកមិនធ្វើ ទើបបក្សកាន់អំណាច រងការរិះគន់ធ្ងន់ជាងបក្សប្រឆាំង។
ឥឡូវមេត្រីដ៏អភ័ព្វនោះត្រូវស្នអ្នកនេសាទទៅហើយ នៅសល់តែកូនត្រីហែលរវិចពេញទឹក ហើយរំលងតែ៣-៤ខែ កូនត្រីទាំងនោះនឹងរីកធំធាត់ ផ្លៀកពេញបឹងមិនខានឡើយ។ កាលបើត្រីផ្លៀកខ្លាំង ច្បាស់ជារងគ្រោះទៀត បើសិនជាមិន ស្គាល់នុយសន្ទូច ព្រោះអ្នកនេសាទនៅតែដើរក្រឡឹងមាត់បឹងនោះជានិច្ច នេះសម្រាប់ត្រីផ្ទក់ ឬត្រីរ៉ស់។ បើជាត្រីអណ្តែង ទោះជាមានធ្មុងជាអាវុធការពារខ្លួនយ៉ាងណាក៏អ្នកនេសាទចាប់បានដែរ ជួនកាលគេចាប់ទាំងហ្វូងតែម្តង ដោយប្រើ “អង្រុត ក្រុង”។
ការប្រើស្នចាក់ត្រី សន្ទូចប្របក់ជាប់មាត់ត្រី និងប្រើអង្រុត មិនអាចធ្វើឱ្យផុតពូជត្រីផ្ទក់ ត្រីអណ្តែងបានឡើយ គឺគេ ចាប់បានតែមេត្រី បន្សល់ទុកកូនស្រីបន្តវេន។ យ៉ាងណាមិញ ការដែលក្រុមអ្នកវិភាគវ័យក្មេង បើកសន្និសីទកាសែត ប្រកាស ប្រកូកយកគំរូតាមលោកបណ្ឌិតកែម ឡី ដែលកំពុងសម្រាន្តស្តូកស្តឹងក្នុងមឈូសកញ្ចក់នោះ គឺជាប្រធានបទមួយសម្រាប់ អ្នកនយោបាយពិចារណា។ អ្នកវិភាគទាំងនោះច្បាស់ជារិះគន់ទាំងបក្សកាន់អំណាច ទាំងបក្សប្រឆាំង ជាពិសេសច្បាស់ជាវ៉ៃ មន្ត្រីពុករលួយ បក្ខពួកគ្រួសារនិយមមិនខានឡើយ។ បើអ្នកនយោបាយ ឬមន្ត្រីពុករលួយមិនសប្បាយចិត្តនឹងការវិភាគរបស់ ពួកគេ ហើយចង់ប្រើអង្រុត ឬស្ននោះក៏ពិបាកដែរ ព្រោះត្រីក្នុងបឹង វាមិនចេះផុតពូជ។
សរុបទៅ “ត្រីបណ្តើរកូន” គឺមានន័យយ៉ាងនេះឯង ដែលសំដៅដល់បន្ទាប់ពីមរណភាពរបស់លោកបណ្ឌិតកែម ឡី ស្រាប់តែ លេចក្រុមអ្នកវិភាគក្មេងៗប្រកាសខ្លួនបន្តវេន។ ហេតុនេះគួរតែអ្នកនយោបាយ បើកឱកាសឱ្យពួកគេយកសិទ្ធិសេរីភាពនៃ ការបញ្ចោញមតិតាមរដ្ឋធម្មនុញ្ញ មកប្រើចុះ។ ឯអ្នកវិភាគបញ្ចោញមតិទាំងនោះ ក៏គួរដាក់ឱ្យចំបញ្ហា មានភ័ស្តុតាងគ្រប់គ្រាន់ ក្នុងន័យរិះគន់ ដើម្បីស្ថាបនា តម្កល់ផលប្រយោជន៍ជាតិជាធំ ចៀសវាងការប្រកាន់និន្នាការនយោបាយ កាន់ជើងបក្សម្ខាងៗ បង្កាច់បង្ខូចគេ ដែលនាំឱ្យមានជម្លោះមិនចេះចប់៕
ដោយ ៖ អាចារ្យថាំ