ប្រេង៖ បណ្តាប្រទេសអ្នកទិញប្រេងអ៊ីរ៉ង់ធំៗនៅទ្វីបអាស៊ីចំនួន៤បាននាំចូលច្រើនជាងមុនជិត២៧%ក្នុងខែមីនាឆ្នាំ២០១៧ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៦ ស្របពេលដែលអ៊ីរ៉ង់បានទទួលគុណប្រយោជន៍ពីការលើកលែងការកាត់បន្ថយផលិតកម្មដែលព្រមព្រៀងដោយអង្គការ OPEC និងបណ្តាផលិតករធំៗដទៃទៀត ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Reuters ប្រទេសអ្នកទិញប្រេងឆៅអ៊ីរ៉ង់ក្នុងតំបន់អាស៊ីធំៗចំនួន៤ដូចជា ចិន ឥណ្ឌា កូរ៉េខាងត្បូងនិងជប៉ុនបាននាំចូលប្រេងចំនួន១,៩៧លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន នេះបើតាមទិន្នន័យនៃការតាមដានផ្នែកដឹកជញ្ជូនក៏ដូចជាតួលេខពីរដ្ឋាភិបាល ។
ចំណែកទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិបង្ហាញថានេះគឺជាកម្រិតមួយដែលស្ថិតនៅក្រោមតួលេខដែលសម្រេចបានកាលពីខែកុម្ភះ នៅពេលដែលអ៊ីរ៉ង់លក់ចេញទៅបរទេសបានបរិមាណច្រើនជាងគេបំផុតគិតចាប់តាំងពីឆ្នាំ២០១០ ។
ក្រសួងពាណិជ្ជកម្មជប៉ុនកាលពីថ្ងៃសុក្របានបញ្ចេញទិន្នន័យផ្លូវការដោយបង្ហាញថាការនាំចូលប្រេងអ៊ីរ៉ង់គឺស្ថិតក្នុងកម្រិត២២៤.៦០៤បារ៉ែលកាលពីខែមីនាកើនឡើង១៣%ធៀបនឹងឆ្នាំទៅហើយថយចុះបន្តិចធៀបនឹងខែមុន(កុម្ភះ) ។
រីឯក្នុងត្រីមាសទី១ បណ្តាប្រទេសទាំង៤នេះបាននាំចូលប្រេងអ៊ីរ៉ង់ចំនួន១,៨៧លានបារ៉ែលកើនឡើង៤៧%ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។
អ៊ីរ៉ង់ត្រូវបានលើកលែងពីប្រទេសនៃកិច្ចព្រមព្រៀងមួយរវាងអង្គការ OPEC និងបណ្តាអ្នកផលិតដទៃទៀតរាប់បញ្ចូលរុស្ស៊ីក្នុងការកាត់បន្ថយទិន្នផល១,២លានបារ៉ែលចាប់ពីថ្ងៃទី១ខែមករាតរៀងមក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា